យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួម មុនជំនួបកំពូលនាថ្ងៃទី២០ ខែវិច្ឆិកា នៅក្នុងទីក្រុងប្រ៊ុចសែល កិច្ចព្រមព្រៀងជាច្រើនត្រូវបានរំពឹងថា នឹងត្រូវបង្កើតឡើង ដើម្បីសម្រួលដល់ពាណិជ្ជកម្មផលិតផលកសិ-ចំណីអាហារ ព្រមទាំងការតភ្ជាប់ប្រព័ន្ធជួញដូរការបំភាយឧស្ម័ន រវាងភាគីទាំងពីរផងដែរ។ សេចក្តីថ្លែងការណ៍រួមបានគូសបញ្ជាក់ថា ចក្រភពអង់គ្លេសនឹងចូលរួមឡើងវិញក្នុងកម្មវិធីផ្លាស់ប្តូរនិស្សិត និងកិច្ចសហប្រតិបត្តិការសិក្សារបស់សហភាពអឺរ៉ុបនៅឆ្នាំ២០២៧។ ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានស្វាគមន៍ចំពោះការបញ្ចប់ការចរចាលើគម្រោងផ្តល់បទពិសោធន៍សម្រាប់យុវជន ដែលជាការទាមទារដ៏សំខាន់មួយរបស់សហភាពអឺរ៉ុប។
តើគម្រោងផ្តល់បទពិសោធន៍សម្រាប់យុវជននេះមានលក្ខណៈពិសេសអ្វីខ្លះ? គម្រោងនេះនឹងផ្តល់សិទ្ធិស្នាក់នៅរហូតដល់៣ឆ្នាំ សម្រាប់យុវជនដែលមានអាយុចាប់ពី១៨ដល់៣៤ឆ្នាំ ដើម្បីធ្វើការងារ សិក្សា ធ្វើការងារស្ម័គ្រចិត្ត ឬធ្វើដំណើរឆ្លងដែនដោយសេរី ដោយមិនទាន់មានការកំណត់ចំនួនកូតាអ្នកស្នាក់នៅអតិបរមានៅឡើយទេ។
គួររំលឹកថា ចក្រភពអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុបកាលពីឆ្នាំ២០២០ ហើយទំនាក់ទំនងរវាងភាគីទាំងពីរបានចាប់ផ្តើមវិវឌ្ឍទៅរកភាពល្អប្រសើរឡើងវិញជាបណ្តើរៗ បន្ទាប់ពីមានភាពតានតឹងអស់ជាច្រើនឆ្នាំ។ នាយករដ្ឋមន្ត្រីអង់គ្លេសលោក អ៊ែនឌី ប៊ើនហ៊ែម (Andy Burnham) ដែលបានឡើងកាន់តំណែងកាលពីខែកក្កដា ធ្លាប់បានថ្លែងក្នុងសុន្ទរកថាថា ចក្រភពអង់គ្លេសគួរតែពិចារណាឡើងវិញលើជម្រើសទំនាក់ទំនងនាពេលអនាគតជាមួយ EU រួមទាំងលទ្ធភាពនៃការចូលរួមក្នុងប្លុកនេះជាថ្មីឡើងវិញផងដែរ។
ក្រៅពីបញ្ហាយុវជន ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ក៏បានប្តេជ្ញាបំពេញបន្ថែមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានស្រាប់ ដើម្បីផ្តល់ស្ដង់ដាអនុវត្តដូចគ្នានឹងពលរដ្ឋក្នុងស្រុក ពាក់ព័ន្ធនឹងថ្លៃសិក្សាសម្រាប់និស្សិត EU ដែលទៅសិក្សានៅអង់គ្លេស និងនិស្សិតអង់គ្លេសដែលមកសិក្សានៅក្នុងប្លុកអឺរ៉ុប៕
អត្ថបទៈ សួន ឡង់ទី