បច្ចុប្បន្ន មិនត្រឹមតែក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យប៉ុណ្ណោះទេ ដែលរងផលប៉ះពាល់ សូម្បីតែក្រុមហ៊ុនគ្រប់គ្រងអគារ និងលំនៅឋានក៏កំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុផងដែរ ខណៈម្ចាស់ផ្ទះជាច្រើនបដិសេធមិនបង់ថ្លៃសេវាគ្រប់គ្រង ដោយសារតម្លៃអចលនទ្រព្យធ្លាក់ចុះ និងស្ថានភាពសេដ្ឋកិច្ចទន់ខ្សោយ។ ក្រុមអ្នកជំនាញព្រមានថា វិបត្តិអចលនទ្រព្យចិនអាចត្រូវការពេលច្រើនឆ្នាំ ឬអាចឈានដល់រាប់ទសវត្សរ៍ទម្រាំអាចងើបឈរឡើងវិញដូចមុនពេលផ្ទុះវិបត្តិ។
សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា វិបត្តិអចលនទ្រព្យដ៏អូសបន្លាយនៅប្រទេសចិន ពេលនេះ កំពុងជះផលប៉ះពាល់ដល់បណ្ដាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ ដោយសារម្ចាស់ផ្ទះកាន់តែច្រើនបដិសេធមិនបង់ថ្លៃ ឬគ្មានលទ្ធភាពបង់ថ្លៃគ្រប់គ្រង។ ម្ចាស់អាផាតមិនដែលទុកចោលគ្មានមនុស្សរស់នៅភាគច្រើនយល់ឃើញថា ពួកគេមិនចាំបាច់បង់ថ្លៃសេវាថែទាំទៀតនោះទេ ខណៈបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ដែលកំពុងជួបការលំបាក ក៏ជំពាក់ថ្លៃសេវាលើអចលនទ្រព្យដែលមិនទាន់លក់ចេញ។
នៅពេលដែលការប្រមូលថ្លៃសេវាធ្លាក់ចុះ ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យមួយចំនួនកំពុងបោះបង់ចោលគម្រោងលំនៅឋាន ដែលនាំឱ្យមានបញ្ហាផ្សេងៗដូចជា សន្តិសុខមិនល្អ សំរាមគរគ្មានអ្នកប្រមូល គ្រឿងបរិក្ខារខូច និងស្ថានភាពរស់នៅធ្លាក់ចុះ។ ទិន្នន័យបង្ហាញថា អត្រាប្រមូលថ្លៃសេវានៅតាមក្រុមហ៊ុនអចលនទ្រព្យកំពូលៗក្នុងប្រទេសចិន បានធ្លាក់ចុះពី៨៩% ក្នុងឆ្នាំ២០២១ មកត្រឹម៧១% ក្នុងឆ្នាំ២០២៥។
ក្រុមអ្នកវិភាគបានព្រមានថា នេះជាស្ថានភាពដ៏អាក្រក់មិនធ្លាប់មានសម្រាប់វិស័យអចលនទ្រព្យរបស់ចិន។ នៅពេលសេវាកម្មកាន់តែអន់ថយ វានឹងធ្វើឱ្យតម្លៃអចលនទ្រព្យធ្លាក់ចុះ ដែលធ្វើឱ្យម្ចាស់ផ្ទះកាន់តែមិនសូវចង់បង់ថ្លៃសេវា។ អ្នកជំនាញខ្លះប៉ាន់ប្រមាណថា អាផាតមិន នៅក្នុងអគារដែលគ្រប់គ្រងមិនបានល្អអាចបាត់បង់តម្លៃរហូតដល់ទៅ២៥% ឯណោះ។
បញ្ហានេះកំពុងបន្ថែមសម្ពាធលើរដ្ឋបាលថ្នាក់មូលដ្ឋាន ដែលកំពុងបង្ខំចិត្តចូលអន្តរាគមន៍ដើម្បីរក្សាសេវាកម្មជាមូលដ្ឋានឱ្យនៅដំណើរការ និងការពារទប់ស្កាត់ភាពចលាចលក្នុងសង្គម។ ក្រុមអ្នកជំនាញនិយាយថា កត្តាផ្គត់ផ្គង់លំនៅឋានលើសតម្រូវការក្នុងប្រទេសចិន អត្រាខ្ពស់នៃផ្ទះទុកទំនេរចោលគ្មានមនុស្សរស់នៅ និងតម្លៃផ្ទះធ្លាក់ចុះអាចធ្វើឱ្យវិបត្តិអចលនទ្រព្យចំណាយពេលច្រើនឆ្នាំ ឬសូម្បីរាប់ទសវត្សរ៍ទម្រាំអាចងើបឈរឡើងវិញដូចមុនពេលផ្ទុះវិបត្តិ៕
ដោយ: តែម សុខុម