សារព័ត៌មាន Khaosod របស់ថៃ បានរាយការណ៍នៅថ្ងៃទី២៦ ខែតុលា ថា ផែនការយុទ្ធសាស្ត្រតបតទាំង៤ចំណុច ដែលកងទ័ពថៃ បានដាក់ចេញ ដើម្បីត្រៀមទប់ទល់នឹងផលប៉ះពាល់ពីសមរភូមិក្នុងប្រទេសមីយ៉ាន់ម៉ា រួមមាន ការពង្រឹងកិច្ចការពារព្រំដែន និងវិធានការយោធាចាំបាច់, ការផ្លាស់ប្តូរសារការទូតបន្ទាន់, ការការពារ និងផ្តល់សំណងដល់ប្រជាជនស៊ីវិលដែលរងគ្រោះ និងការផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹកដែលរត់ភៀសខ្លួនពីសង្គ្រាម។
ក្រោមក្របខណ្ឌប្រតិបត្តិការយោធានេះ កងទ័ពថៃ បានបញ្ជាក់ថា ខ្លួននឹងអនុវត្តច្បាប់នៃការប៉ះទង្គិចគ្នា ប្រសិនបើមានគ្រាប់បាញ់ចេញពីទឹកដីមីយ៉ាន់ម៉ា ធ្លាក់ចូលមកក្នុងដីថៃ ហើយពេលនោះកងកម្លាំងថៃនឹងបាញ់គ្រាប់បែកផ្សែងតបតវិញភ្លាមៗ ដើម្បីជាការព្រមានទៅកាន់ទិសដៅដែលបានបាញ់គ្រាប់នោះចេញមក។ ទន្ទឹមនឹងនេះ កងកម្លាំងថៃ បានព្រមានថា ប្រសិនបើអាជ្ញាធររកឃើញភស្តុតាងច្បាស់លាស់ថា មានការបាញ់ប្រហារដោយចេតនាចូលមកក្នុងទឹកដីថៃ រហូតបង្កឱ្យមានការបាត់បង់ជីវិត ឬខូចខាតទ្រព្យសម្បត្តិរបស់ប្រជាជនថៃ យោធាថៃនឹងប្រើប្រាស់សិទ្ធិវាយបកតបតក្នុងកម្រិតសមស្រប ដើម្បីដាក់សម្ពាធបង្ខំឱ្យភាគីបង្កហេតុបញ្ឈប់ការបាញ់ប្រហារនោះជាបន្ទាន់។
ជាមួយគ្នានេះ កងទ័ពថៃ ក៏បានប្រកាសពង្រឹងកម្លាំងបន្ថែមទៀតនៅតាមបណ្តោយព្រំដែន ដោយបង្កើនចំនួនប៉ុស្តិ៍ត្រួតពិនិត្យ និងបង្កើនការល្បាតយ៉ាងសកម្មទាំងលើគោក និងតាមផ្លូវទឹកនៅតាមបណ្តោយទន្លេមើយ ព្រមទាំងប្រើប្រាស់ដ្រូន និងយន្តហោះល្បាត ដើម្បីតាមដានរាល់ចលនាកងទ័ពនៅតាមព្រំដែនយ៉ាងដិតដល់បំផុត៕
អត្ថបទៈ សួន ឡង់ទី