គំនិតផ្តួចផ្តើមនេះនឹងក្លាយជាអាទិភាពមួយរបស់សិង្ហបុរី ពេលខ្លួនធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២៧ ដោយមានគោលដៅជំរុញឱ្យបណ្ដាប្រទេសជាសមាជិកឱ្យឈានដល់កិច្ចព្រមព្រៀងលើក្របខណ្ឌខ្សែកាបអគ្គិសនីក្រោមសមុទ្រនៅឆ្នាំក្រោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge នៅថ្ងៃទី២៦ ខែតុលា នេះ។
លោក ភូអា ខុក ខ្យុង (Puah Kok Keong) នាយកប្រតិបត្តិនៃអាជ្ញាធរទីផ្សារថាមពលសិង្ហបុរី បានឱ្យដឹងថា សិង្ហបុរីនឹងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកច្បាប់ បទប្បញ្ញត្តិ និងពាណិជ្ជកម្មដែលជះឥទ្ធិពលដល់ការតភ្ជាប់បណ្តាញអគ្គិសនីឆ្លងកាត់ព្រំដែន។ សិង្ហបុរី សង្ឃឹមថា បណ្ដាប្រទេសជាសមាជិកអាស៊ាន នឹងឈានដល់ការឯកភាពលើក្របខណ្ឌថ្នាក់តំបន់សម្រាប់ខ្សែកាបអគ្គិសនីក្រោមសមុទ្រ និងអនុម័តវានៅឆ្នាំ២០២៧។ ផែនការនេះនឹងជួយឱ្យប្រទេសនានាអាចទទួលបានអគ្គិសនីពីប្រទេសជិតខាង នៅពេលមានការរាំងស្ទះការផ្គត់ផ្គង់ ព្រមទាំងភ្ជាប់ប្រភពថាមពលកកើតឡើងវិញទៅកាន់តំបន់ដែលមានតម្រូវការខ្ពស់។
ទោះជាយ៉ាងណាការធានាឱ្យមានបទប្បញ្ញត្តិច្បាស់លាស់ និងលក្ខខណ្ឌវិនិយោគដែលអាចទុកចិត្តបានក្នុងរយៈពេលវែង គឺជាកត្តាសំខាន់ ព្រោះគម្រោងផលិតថាមពល និងខ្សែបញ្ជូនក្រោមសមុទ្រត្រូវការទុនវិនិយោគយ៉ាងសម្បើម ហើយអាចនឹងចំណាយពេលយូរពី២០ ទៅ៣០ឆ្នាំ ដើម្បីស្រង់ដើមទុនមកវិញ។ ជាមួយគ្នានេះ សិង្ហបុរី ក៏ចង់ជំរុញឱ្យអាស៊ាន បង្កើតក្របខណ្ឌរួមសម្រាប់វិញ្ញាបនបត្របញ្ជាក់ពីថាមពលកកើតឡើងវិញ ដើម្បីធានាថា ថាមពលស្អាតដែលត្រូវបានជួញដូរឆ្លងកាត់ព្រំដែនមានការកត់ត្រាត្រឹមត្រូវ និងមិនត្រូវបានរាប់បញ្ចូលពីរដង។ ជាក់ស្តែងគម្រោងតភ្ជាប់ថាមពល ឡាវ-ថៃ-ម៉ាឡេស៊ី-សិង្ហបុរីបានបង្ហាញពីលទ្ធភាពនៃការជួញដូរអគ្គិសនីក្នុងតំបន់។ ក្រោមដំណាក់កាលទី២ សិង្ហបុរី អាចនឹងនាំចូលអគ្គិសនីពីប្រទេសឡាវ ក្នុងបរិមាណរហូតដល់២០០មេហ្គាវ៉ាត់ តាមរយៈប្រទេសថៃ និងម៉ាឡេស៊ី។
នាយកប្រតិបត្តិនៃអាជ្ញាធរទីផ្សារថាមពលសិង្ហបុរី បានបញ្ជាក់ថា ការតភ្ជាប់បណ្តាញថាមពលក្នុងតំបន់ នឹងបំពេញបន្ថែមដល់ការផលិតអគ្គិសនីក្នុងស្រុក ជួយទាក់ទាញការវិនិយោគ និងបង្កើតការងារនៅ
ទូទាំងអាស៊ាន៕
ដោយ: តែម សុខុម