តម្លៃប្រេងឆៅ

តម្លៃប្រេងឆៅហក់ឡើងលើស៩០ដុល្លារក្នុង១បារ៉ែល ខណៈអាម៉េរិក និងអ៊ីរ៉ង់បើកការវាយប្រហារសងសឹកគ្នាកាន់តែសាហាវ


តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានហក់ឡើងជាង២% បានឈានដល់ជាង៩០ដុល្លារក្នុងមួយបារ៉ែលនៅថ្ងៃទី២០ ខែកក្កដា នេះ។ ការហក់ឡើងនេះកើតឡើងបន្ទាប់ពីជម្លោះយោធាកាន់តែក្ដៅគគុក និងឈានដល់កម្រិតអាសន្នរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់នៅតំបន់មជ្ឈិមបូព៌ា ដែលកំពុងគំរាមកំហែង និងរំខានយ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ដឹកជញ្ជូនប្រេងសកលតាមរយៈច្រកសមុទ្រយុទ្ធសាស្ត្រ ហ័រម៉ូស។
តម្លៃប្រេងឆៅ
ដោយ

សារព័ត៌មាន the Edge Malaysia បានរាយការណ៍នៅថ្ងៃទី២០ កក្កដា ថា តម្លៃប្រេងឆៅប្រភេទ Brent ត្រូវបានជួញដូរក្នុងកើនឡើងជាង២ដុល្លារហក់ឡើងដល់ជាង៩០ដុល្លារក្នុងមួយបារ៉ែល។ នេះគឺជាកម្រិតតម្លៃខ្ពស់បំផុតគិតចាប់តាំងពីថ្ងៃទី១១ ខែមិថុនា មក ហើយក៏ជាការបន្តស្ទុះឡើងបន្ថែមទៀតបន្ទាប់ពីសប្ដាហ៍មុន ដែលតម្លៃប្រេងប្រភេទនេះបានហក់ឡើងដល់ជិត១៦% រួចទៅហើយ ដែលជាការកើនឡើងប្រចាំសប្តាហ៍ដ៏ធំបំផុតចាប់តាំងពីខែមេសា មក។
ដោយឡែកតម្លៃប្រេងឆៅនៅលើទីផ្សារសហរដ្ឋអាម៉េរិក ក៏បានកើនឡើងជាង១,៧១ដុល្លារផងដែរ ដោយបានហក់ឡើងដល់ជាង៨៤ដុល្លារក្នុងមួយបារ៉ែល ដែលជាតម្លៃខ្ពស់បំផុតគិតចាប់តាំងពីថ្ងៃទី១២ ខែមិថុនា។ កាលពីសប្ដាហ៍មុនតម្លៃឆៅនៅលើទីផ្សារអាម៉េរិកបានហក់ឡើងខ្លាំងរហូតដល់ជាង១៥% ដែលជាការកើនឡើងប្រចាំសប្តាហ៍ខ្ពស់បំផុតគិតចាប់តាំងពីដើមខែមីនា មក។
ក្រុមអ្នកវិភាគមកពីធនាគារ ING បានគូសបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីមួយនៅថ្ងៃចន្ទ សប្តាហ៍នេះថា តម្លៃប្រេងឆៅប្រភេទ Brent បានហក់ឡើងដល់ជាង៩០ដុល្លារក្នុងមួយបារ៉ែលនៅក្នុងការជួញដូរនៅថ្ងៃទី២០ ខែកក្កដា នេះ ត្រូវបានជំរុញជាចម្បងដោយសារស្ថានការណ៍សង្គ្រាមនៅតំបន់ឈូងសមុទ្រគ្មានសញ្ញាណាមួយបង្ហាញថា នឹងធូរស្រាលទាល់តែសោះមកទល់ពេលនេះ។
ភ្លើងសង្គ្រាមដែលកំពុងឆាបឆេះនៅតំបន់មជ្ឈិមបូព៌ាបានផ្ទុះឡើងកាន់តែខ្លាំងកាលពីចុងសប្តាហ៍មុន ដោយកងទ័ពសហរដ្ឋអាម៉េរិកបានបើកការវាយប្រហារតាមអាកាសចំនួន៩យប់ជាប់ៗគ្នាលើគ្រប់គោលដៅយុទ្ធសាស្ត្រនៅក្នុងប្រទេសអ៊ីរ៉ង់។ ជាមួយគ្នានេះ ប្រទេសគុយវ៉ែត និងបារ៉ែន ដែលជាសម្ព័ន្ធមិត្តរបស់អាម៉េរិក ក៏បានរាយការណ៍ដែរថា ទឹកដីរបស់ពួកគេបានរងការវាយប្រហារយ៉ាងដំណំពីសំណាក់គ្រាប់មីស៊ីលរបស់អ៊ីរ៉ង់។
កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍មុន បញ្ជាការដ្ឋានកណ្តាលកងទ័ពអាម៉េរិកបានប្រកាសថា យោធាអាម៉េរិកចំនួន៣នាក់បានពលីជីវិតនៅក្នុងសមរភូមិប្រយុទ្ធគ្នាជាមួយអ៊ីរ៉ង់នាពេលថ្មីៗនេះ។ កងកម្លាំងអាម៉េរិកបានបើកប្រតិបត្តិការសងសឹក៩យប់ជាប់ៗគ្នា ដោយសំដៅលើប្រព័ន្ធរ៉ាដាស៊ើបការណ៍ ប្រព័ន្ធការពារដែនអាកាស ទីតាំងកងទ័ពជើងទឹក រួមទាំងឃ្លាំងស្តុកទុកមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវរបស់ទីក្រុងតេអេរ៉ង់ លើមូលដ្ឋានទ័ពអាម៉េរិកនៅក្នុងតំបន់ និងដើម្បីព្យាយាមធានាសុវត្ថិភាពឡើងវិញដល់ការធ្វើដំណើររបស់នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz។
ផ្ទុយទៅវិញកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានប្រកាសនៅព្រឹកថ្ងៃចន្ទ សប្តាហ៍នេះថា នាវាដឹកប្រេងចំនួន២គ្រឿងបានផ្ទុះឆេះ និងខូចខាតទាំងស្រុងមិនអាចធ្វើដំណើរទៅមុខទៀតបានឡើយ ក្រោយពីព្យាយាមបើកឆ្លងកាត់តាមច្រកផ្លូវភាគខាងត្បូងនៃច្រកសមុទ្រ ហ័រម៉ូស ដែលជាតំបន់គ្រោះថ្នាក់កំណត់ដោយអ៊ីរ៉ង់។ កងកម្លាំងអ៊ីរ៉ង់បានចោទប្រកាន់ថា នាវាទាំងនោះត្រូវបានបង្ខំ ឬជំរុញដោយយោធាអាម៉េរិកឱ្យប្រើប្រាស់ផ្លូវសមុទ្រមួយនោះ។ យ៉ាងណាមិញជុំវិញការអះអាងរឿងនាវាផ្ទុះឆេះនេះមិនទាន់មានការបញ្ជាក់ពីភាគីផ្សេងៗនៅឡើយទេ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


ចិន ធ្វើឱ្យរង្គោះរង្គើឧស្សាហកម្ម AI ជាមួយការបង្ហាញម៉ូដែល AI ថ្មី ដែលមានសមត្ថភាពអាចប្រកួតប្រជែងជាមួយ AI ល្បីៗរបស់អាម៉េរិក

ចិន ពិតជាមិនធម្មតាមែន ស្របពេលកំពុងកៀរគរប្រទេសចំនួន២៩ នៅលើពិភពលោក ដើម្បីបង្កើតអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក (WAICO) នៅទ…

លោក អ៊ែនឌី បឺនែម នឹងឡើងកាន់តំណែងនាយករដ្ឋមន្ត្រីអង់គ្លេសជំនួសលោក កៀ ស្តាម័រ ដែលលាលែងពីតំណែង

លោក អ៊ែនឌី បឺនែម (Andy Burnham) នឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មីជំនួសលោក កៀ ស្តាម័រ (Keir Starmer) ដែល​បានប្រកាស​លាលែងព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ