តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានកើនឡើងជាង ៣% ឡើងដល់ប្រមាណ ៩៩ ដុល្លារក្នុងមួយបារ៉ែល បើធៀបនឹងការជួញដូរកាលពីថ្ងៃទី ២៥ ខែឧសភា។ ការកើនឡើងនេះកើតឡើងក្រោយភាពតានតឹងនៅមជ្ឈិមបូព៌ាបានកើនខ្លាំងឡើងវិញ ខណៈមានព័ត៌មានអំពីការវាយប្រហារយោធារវាងភាគីពាក់ព័ន្ធ និងការប្រកាសសងសឹកពីអ៊ីរ៉ង់ ដែលធ្វើឲ្យក្តីរំពឹងលើកិច្ចចរចាសន្តិភាពកាន់តែស្រពេចស្រពិល។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ២២ ខែឧសភា តម្លៃប្រេងបានធ្លាក់ចុះ បន្ទាប់ពីមានសញ្ញាវិជ្ជមានថា កិច្ចព្រមព្រៀងរវាងអាម៉េរិក និងអ៊ីរ៉ង់អាចនឹងមានវឌ្ឍនភាព ដើម្បីបន្ធូរបន្ថយភាពតានតឹងពាក់ព័ន្ធនឹងច្រកសមុទ្រ Hormuz។
ទោះជាយ៉ាងណា មន្ត្រីសេតវិមានបានប្រាប់ CNBC ថា ប្រធានាធិបតី និងគណៈរដ្ឋមន្ត្រីអាម៉េរិកគ្រោងជួបប្រជុំថ្ងៃទី ២៧ ខែឧសភា (ម៉ោងនៅអាម៉េរិក) ខណៈមិនទាន់មានសេចក្តីប្រកាសអំពីកិច្ចព្រមព្រៀងសន្តិភាពណាមួយនៅឡើយ។
ស្របពេលកិច្ចចរចាកំពុងដំណើរការក្រោមការសម្របសម្រួលពីប្រទេសទីបី ស្ថានការណ៍ កាន់តែតានតឹងឡើងវិញ បន្ទាប់ពីមានការវាយប្រហារទៅលើប្រព័ន្ធការពារដែនអាកាស និងគោលដៅយោធាមួយចំនួននៅជិតតំបន់យុទ្ធសាស្ត្រ។
ភាគីអ៊ីរ៉ង់បានឆ្លើយតបថា ខ្លួននឹងសងសឹកយ៉ាងដាច់ខាតចំពោះការរំលោភបំពានណាមួយ និងបានអះអាងអំពីសកម្មភាពការពារដែនអាកាសរបស់ខ្លួនក្នុងការទប់ទល់នឹងយន្តហោះ និងដ្រូនបរទេសដែលចូលដែនអាកាស។
ជាមួយគ្នានេះ មន្ត្រីកំពូលមួយចំនួននៅអ៊ីរ៉ង់ក៏បានបង្ហាញជំហរតឹងរឹងជុំវិញលក្ខខណ្ឌក្នុងកិច្ចព្រមព្រៀងដែលអាចកើតមាន ដោយទាមទារឲ្យមានការដោះលែងទ្រព្យសម្បត្តិដែលត្រូវបានបង្កកពីបរទេស។
ស្ថានការណ៍ទាំងនេះបានធ្វើឲ្យទីផ្សារប្រេងអន្តរជាតិស្ថិតក្នុងភាពមិនប្រាកដប្រជា និងបន្តតាមដានយ៉ាងជិតស្និទ្ធពីអ្នកវិនិយោគទូទាំងពិភពលោក៕