សុវត្ថិភាពចំណីអាហារ

ក្រុមអ្នកជំនាញព្រួយបារម្ភយ៉ាងខ្លាំងរឿងសុវត្ថិភាពចំណីអាហារនៅលើទីផ្សារ និងស្នើឱ្យអាជ្ញាធរបង្កើនការត្រួតពិនិត្យឱ្យបានហ្មត់ចត់


សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋកំពុងរងការគំរាមកំហែងក្រោយអាជ្ញាធរបង្ក្រាបការលក់បន្លំទំនិញជាបន្តបន្ទាប់ ដែលធ្វើឱ្យមហាជនមានការខ្លាចរអា និងភ័យខ្លាចជាខ្លាំងក្នុងការបញ្ជាទិញចំណីអាហារមកបរិភោគប្រចាំថ្ងៃ។ កង្វល់នេះបានផ្ទុះឡើងកាន់តែខ្លាំង ក្រោយសមត្ថកិច្ចជំនាញបានបើកយុទ្ធនាការក្តៅចុះបង្ក្រាប និងឃាត់ទំនិញខូចគុណភាព និងខុសច្បាប់ជាបន្តបន្ទាប់ ក្នុងនោះមានទាំងការក្លែងបន្លំសាច់ត្រីសាលម៉ុន ប្រហិត និងផ្លែទុរេនជាដើម​។
សុវត្ថិភាពចំណីអាហារ
ដោយ

ក្រុមអ្នកជំនាញព្រមានថា ឃាតករលាក់មុខនៅក្នុងចំណីអាហារនេះបានលបវាយប្រហារសុខភាពពលរដ្ឋជាយូរយារណាស់មកហើយ ដែលទាមទារឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធត្រូវតែចេញមុខអន្តរាគមន៍ជាប្រញ៉ាប់ បង្កើនការត្រួតពិនិត្យជាប្រចាំ និងអនុវត្តច្បាប់ដាក់ទោសទណ្ឌធ្ងន់ធ្ងរលើអាជីវករទុច្ចរិតដោយគ្មានការលើកលែង។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានគូសបញ្ជាក់ថា ទុក្ខកង្វល់រឿងសុវត្ថិភាពចំណីអាហារនេះមិនមែនជារឿងថ្មីនោះទេ ពលរដ្ឋបានស្រែករអ៊ូរទាំជាហូរហែច្រើនខែឆ្នាំមកហើយ នៅឡើយហាក់មិនទាន់ទទួលបានការដោះស្រាយជាដុំកំភួនពីស្ថាប័នពាក់ព័ន្ធឡើយ។ លោកបានព្រមានថា ប្រសិនបើរដ្ឋាភិបាលមិនអាចទប់ស្កាត់វិបត្តិនេះបានឆាប់រហ័សទេ វានឹងក្លាយជាដុំសាច់មហារីកជញ្ជក់សេដ្ឋកិច្ចជាតិ ព្រោះពលរដ្ឋត្រូវខាតបង់ថវិកាទៅលើការព្យាបាលជំងឺ ធ្វើឱ្យធ្លាក់ចុះនូវចង្វាក់ផលិតកម្ម និងបង្ខំចិត្តកាត់បន្ថយការចំណាយលើម្ហូបអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់ចរន្តសេដ្ឋកិច្ចទាំងមូល។ ហេតុនេះមន្ត្រីជំនាញត្រូវតែចុះពិនិត្យទីផ្សារជាប្រចាំ ប្រកបដោយវិជ្ជាជីវៈ និងត្រូវវះកាត់មន្ត្រីខិលខូច ដើម្បីលុបបំបាត់អំពើពុករលួយជាដាច់ខាត។

ជាមួយគ្នានេះលោក រស់ សុដ្ឋា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា ចំពេលដែលពលរដ្ឋកំពុងបាត់បង់ទំនុកចិត្តលើទីផ្សារ អាជីវករទាំងអស់ត្រូវមានមនសិការ មិនត្រូវប្រកបរបរបោកប្រាស់ជញ្ជក់ឈាមពលរដ្ឋគ្នាឯងនោះឡើយ។ លោកបានទាមទារឱ្យអាជ្ញាធរ បង្កើតយន្តការបន្ទាន់មួយក្នុងការត្រួតពិនិត្យ និងលើកកម្ពស់ស្តង់ដាចំណីអាហារ ព្រមទាំងត្រូវចាត់វិធានការផ្លូវច្បាប់ឱ្យធ្ងន់បំផុតចំពោះបុគ្គលណា ដែលហ៊ានលក់អាហារបង្កប់ជាតិពុល ដើម្បីធានាថា ការអនុវត្តច្បាប់ធ្វើឡើងដោយតម្លាភាព គ្មានការសូកប៉ាន់ថ្នូរនឹងការដោះលែង។

ដោយឡែកលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវបានកត់សម្គាល់ឃើញថា វិបត្តិជំនឿចិត្តលើចំណីអាហារកំពុងរីករាលដាលដូចជំងឺឆ្លង ព្រោះឱ្យតែចុះពិនិត្យ គឺតែងតែជួបអាហារគីមី និងក្លែងបន្លំជានិច្ច។ ដើម្បីដោះស្រាយបញ្ហានេះ លោក បានផ្តល់ជាយោបល់ថា ស្ថាប័នជំនាញគួរតែចាត់វិធានការឆ្មក់ត្រួតពិនិត្យប្រចាំខែ ដោយមិនចាំបាច់ផ្តល់ដំណឹងជាមុនឡើយ ដើម្បីកុំឱ្យអាជីវករខិលខូចមានឱកាសលាក់ទុកទំនិញខុសច្បាប់ និងខូចគុណភាព ហើយការចុះស៊ើបអង្កេតត្រូវធ្វើឡើងដោយស្ងាត់ៗ ចំគោលដៅ និងស្អាតស្អំ ដើម្បីជៀសវាងការត្រូវរ៉ូវគ្នាផ្នែកហិរញ្ញវត្ថុក្រោមតុ។

ឆ្លើយតបនឹងក្តីបារម្ភនេះឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា ការការពារសុខភាពពលរដ្ឋ និងការកម្ចាត់ទំនិញខូចគុណភាព គឺជាបេសកកម្មស្នូលរបស់អគ្គនាយកដ្ឋាន ក.ប.ប។ បច្ចុប្បន្នមន្ត្រីជំនាញ ក.ប.ប. កំពុងបន្តបើកយុទ្ធនាការត្រួតពិនិត្យយ៉ាងសស្រាក់សស្រាំនៅតាមបណ្ដាទីផ្សារ កន្លែងចែកចាយ និងស្តុកទុក។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានអំពាវនាវដល់ម្ចាស់អាជីវកម្មឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងទំនួលខុសត្រូវខ្ពស់ ចំណែកឯពលរដ្ឋវិញ ក៏ត្រូវមានការប្រុងប្រយ័ត្នមុននឹងទិញ ហើយក្នុងករណីមានការសង្ស័យត្រូវប្រញាប់រាយការណ៍មកមន្ត្រីជំនាញភ្លាមៗ តាមរយៈខ្សែទូរសព្ទទាន់ហេតុការណ៍លេខ ១២ ៦៦។

យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា ចំណីអាហារគ្មានសុវត្ថិភាពដែលមានផ្ទុកមេរោគ បាក់តេរី ឬសារធាតុគីមីហាមឃាត់ នៅតែជាវិបត្តិដ៏ធំមួយសម្រាប់កម្ពុជា។ វាមិនត្រឹមតែជាឃាតករលាក់មុខបំផ្លាញជីវិតមនុស្សម្នាក់ៗនោះទេ ប៉ុន្តែវាក៏ជាអាវុធដុតបំផ្លាញសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ និងកំពុងធ្វើឱ្យធ្លាក់ចុះនូវកិត្យានុភាព នៃវិស័យទេសចរណ៍ជាតិផងដែរ ប្រសិនពលរដ្ឋម្នាក់ៗនៅតែបណ្តែតបណ្តោយ និងខ្វះការទទួលខុសត្រូវបែបនេះតទៅទៀត៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


យោធាថៃ បង្កបញ្ហាគំរាមកំហែងលើកម្ពុជា ជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ តើវាបង្កប់នូវចេតនាអ្វីខ្លះ?

ស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ នៅមួយរយៈចុងក្រោយនេះហាក់ឡើងកម្ដៅជាថ្មី បន្ទាប់ពីយោធាថៃ បានបន្តបង្ហាញកាយវិការគំរាមកំហែង និងបង្កអរិភាពមកលើ…

IHH Healthcare Malaysia ពង្រឹងលទ្ធភាពទទួលបានការថែទាំពីគ្រូពេទ្យឯកទេសសម្រាប់អ្នកជំងឺកម្ពុជា

IHH Healthcare Malaysia ដែលជាអ្នកផ្តល់សេវាថែទាំសុខភាពជាលក្ខណ:អន្តរជាតិ ឈានមុខគេ បានរៀបចំ «កម្មវិធីជួបជុំប្រព័ន្ធផ្សព្វផ្សាយវេជ្ជសាស្ត្រ» …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ