យន្តហោះចម្បាំង F-16

ថៃ បញ្ចេញវីដេអូយន្តហោះចម្បាំង F-16 បាញ់គ្រាប់ពិត នៅមួយថ្ងៃក្រោយសម្តេចធិបតី ប្រើវេទិកាកិច្ចប្រជុំ ហ្វ្រង់កូហ្វូនី បកអាក្រាតទង្វើឈ្លានពានរបស់ថៃ


នៅប៉ុន្មានថ្ងៃបន្ទាប់ពីយោធាថៃ បានផ្ទុះប្រតិកម្ម និងចេញមុខព្រមានកម្ពុជា ជាបន្តបន្ទាប់ ជុំវិញការតាំងបង្ហាញប្រាសាទបុរាណខ្មែរនៅ «ភូមិហ្វ្រង់កូហ្វូនី» និងការថ្លែងសារបកអាក្រាតទង្វើឈ្លានពានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ ស្រាប់តែនៅថ្ងៃទី១៦ ខែវិច្ឆិកា កងទ័ពអាកាសថៃ បានបង្ហាញវីដេអូយន្តហោះចម្បាំង F-16 បាញ់គ្រាប់ពិតក្នុងសមយុទ្ធយោធា។
យន្តហោះចម្បាំង F-16
ដោយ

ទោះបីជាទីក្រុងបាងកក ព្យាយាមអះអាងថា នេះគ្រាន់តែជាការហ្វឹកហាត់ប្រចាំឆ្នាំ ដើម្បីពង្រឹងសមត្ថភាពអ្នកបើកយន្តហោះក៏ដោយ ប៉ុន្តែទង្វើនេះបានទាក់ទាញការចាប់អារម្មណ៍ និងបង្កជាមន្ទិលយ៉ាងខ្លាំង ខណៈដែលភាពតានតឹងនៅតាមព្រំដែនរវាងប្រទេសទាំងពីរនៅមិនទាន់ធូរស្រាល ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod English នៅថ្ងៃទី១៦ ខែវិច្ឆិកា កងទ័ពអាកាសភូមិន្ទថៃ បានបញ្ចេញវីដេអូសមយុទ្ធបាញ់កាំភ្លើងពីអាកាសទៅអាកាស ដែលគេស្គាល់ថា DART។ នៅក្នុងសមយុទ្ធនេះយន្តហោះចម្បាំង F-16 ត្រូវបានប្រើប្រាស់ដើម្បីបាញ់គ្រាប់ពិតទៅលើគោលដៅលើអាកាស អមដោយឧបករណ៍ចាប់សញ្ញា Doppler សម្រាប់វាស់វែងភាពសុក្រឹត ការគ្រប់គ្រងអាវុធ និងសមត្ថភាពសម្រេចចិត្តរបស់អ្នកបើកបរក្នុងស្ថានភាពប្រយុទ្ធជាក់ស្តែង។
ទីក្រុងបាងកក បានអះអាងការពារខ្លួនថា ការហ្វឹកហាត់ក្រោមវិធានការសុវត្ថិភាពយ៉ាងតឹងរ៉ឹងនេះ គឺធ្វើឡើងក្នុងគោលបំណងរក្សាសមត្ថភាពប្រយុទ្ធ និងការត្រៀមខ្លួនរបស់កងទ័ពអាកាស ដើម្បីការពារអធិបតេយ្យភាព និងដែនអាកាសរបស់ខ្លួន។ តែយ៉ាងណាទង្វើនេះបានធ្វើឱ្យមានការចោទជាសំណួរថា តើនេះគ្រាន់តែជាការសមយុទ្ធប្រចាំឆ្នាំធម្មតា ឬជាចេតនាបង្ហាញសាច់ដុំយោធា ដើម្បីគំរាមកំហែង ចំពេលដែលកម្ពុជាកំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍ខ្លាំងលើឆាកអន្តរជាតិ?
យ៉ាងណាក៏ដោយ ការបញ្ចេញវីដេអូយន្តហោះចម្បាំងរបស់យោធានេះ បានកើតឡើងចំពេលដែលកងទ័ពថៃទើបតែរិះគន់ និងព្រមានកម្ពុជា ជុំវិញការតាំងបង្ហាញគំរូប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី នៅ«ភូមិហ្វ្រង់កូហ្វូនី» ដោយចោទប្រកាន់ថា កម្ពុជាមានចេតនាយកបញ្ហាជម្លោះព្រំដែនមកធ្វើជារបៀបវារៈនយោបាយ និងកកូរកកាយឱ្យផ្អើលដល់ឆាកអន្តរជាតិ។
ជាមួយគ្នានេះដែរ ក្រោយការថ្លែងសារបកអាក្រាតទង្វើឈ្លានពានរបស់យោធាថៃពីសំណាក់សម្តេចធិបតីហ៊ុនម៉ាណែតក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងការថ្លែងសុន្ទរកថារបស់តំណាងកម្ពុជានៅក្នុងកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាននៅប្រទេសហ្វីលីពីន នាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល ក៏បានបង្ហោះសារមួយនៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ដើម្បីឆ្លើយតបទៅនឹងការលាតត្រដាងនេះ។ មេដឹកនាំថៃរូបនេះបានព្យាយាមបកស្រាយយកត្រូវខ្លួនឯងថា ថៃតែងតែគោរពរាល់កិច្ចព្រមព្រៀងទាំងអស់ជាមួយប្រទេសកម្ពុជា ហើយនឹងបន្តប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិជានិច្ច។
លោកអានុទីន បានបន្តរៀបរាប់ថា ការធ្វើសកម្មភាពរបស់ខ្លួន គឺផ្តោតលើការការពារអធិបតេយ្យភាព បូរណភាពទឹកដី សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជនថៃ ហើយប្រទេសថៃនឹងមិនលើកយកវិវាទទ្វេភាគីណាមួយ ជាពិសេសបញ្ហាពាក់ព័ន្ធនឹងដែនដី និងមនុស្សធម៌ទៅពិភាក្សាជាមួយប្រទេសដទៃ ដែលមិនមែនជាភាគីពាក់ព័ន្ធក្នុងជម្លោះនោះឡើយ។ ទន្ទឹមនឹងនេះមេដឹកនាំថៃរូបនេះ បានអះអាងផ្ទុយពីការពិតជាក់ស្តែងថា ថៃនៅតែប្តេជ្ញាចិត្តដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគី និងស្របតាមច្បាប់អន្តរជាតិ ហើយកម្ពុជា និងថៃត្រូវតែចៀសវាងការធ្វើឱ្យបញ្ហាទ្វេភាគីទាំងអស់ក្លាយជាបញ្ហាអន្តរជាតិ ហើយគួរតែជំរុញវិធានការកសាងទំនុកចិត្តរវាងគ្នានឹងគ្នា ប្រសិនបើភាគីណាមួយមានបំណងចង់ស្តារចំណងមិត្តភាពឡើងវិញ។ ការបង្ហាញសាច់ដុំយោធាថៃនេះ គឺវាហាក់បង្ហាញពីសកម្មភាពផ្ទុយស្រឡះពីរដ្ឋាភិបាលថៃ ដែលដឹកនាំដោយលោកអនុទីន ឆានវីរៈគុល៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ធនាគារខេប៊ីប្រាសាក់សម្រេចបានលទ្ធផលប្រតិបត្តិការដ៏រឹងមាំ ដោយទទួលបានប្រាក់ចំណេញសុទ្ធក្នុងរយៈពេលត្រឹមតែ 9 ខែ លើសប្រាក់ចំណេញសុទ្ធពេញមួយឆ្នាំ 2025

ភ្នំពេញ៖ ធនាគារ ខេប៊ីប្រាសាក់ ម.ក. សម្រេចបានប្រាក់ចំណេញសុទ្ធក្នុងរយៈពេល 9 ខែដំបូងនៃឆ្នាំ 2026 លើសពីប្រាក់ចំណេញសុទ្ធសរុបពេញមួយឆ្នាំ 202…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ