ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល និងជានាយកប្រតិបត្តិសហគ្រិនខ្មែរ ៖ បានសម្តែង នូវកិច្ចស្វាគមន៍ចំពោះគណៈកម្មការវិនិច្ឆ័យ សហគ្រាសធុនតូច និងមធ្យម អ្នករចនា ដៃគូសហការ និងភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួម ក្នុងឱកាសអបអរសាទរសមិទ្ធផលនាឆ្នាំនេះដែលបានបង្ហាញពី របៀបគំនិតច្នៃប្រឌិត ការអនុវត្តតាមស្តង់ដារ និងការគាំទ្រជាក់ស្តែង អាចជួយដល់សហគ្រាសធុនតូចនិងមធ្យម ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌបានមានប្រសាសន៍ថា៖ «កម្មវិធីនេះបានបង្ហាញពីសារៈសំខាន់នៃ សោភ័ណភាពនិងគុណភាពក្នុងការវេចខ្ចប់ប្រកបដោយស្តង់ដាដែលជាឧបករណ៍យុទ្ធសាស្ត្រមួយសម្រាប់សហគ្រាសធុនតូច និងមធ្យម កសាងតម្លៃម៉ាកផលិតផល និងសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិ»។
សំបកវេចខ្ចប់គឺលើសពីរូបរាងខាងក្រៅនៃផលិតផល វាជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្កើតតម្លៃ បង្កើនភាព រឺងមាំរបស់អត្តសញ្ញាណនៃម៉ាកផលិតផលនិងជួយឱ្យសហគ្រាសកម្ពុជាបំពេញបានតាមតម្រូវការនៃការចូលទៅកាន់ទីផ្សារ។ ឆ្លើយតបនឹងតម្រូវការទីផ្សារជាក់ស្តែង បានគូសបញ្ជាក់យ៉ាងច្បាស់ ពីសក្ដានុពល នៃការវេចខ្ចប់ ក្នុងការលើកកម្ពស់គុណតម្លៃផលិតផលគាំទ្រមូលដ្ឋានគ្រឹះនៃសហគ្រាសធុនតូចនិងមធ្យមដែលមានភាពប្រកួតប្រជែងជាងមុន និងជួយធុរកិច្ចក្នុងស្រុកឱ្យផ្សារភ្ជាប់ទៅនឹងឧស្សាហកម្មតម្រង់ ទិសនាំចេញ។ តាមរយៈកម្មវិធី ការប្រកួតរចនាសំបកវេចខ្ចប់នេះ សហគ្រិនខ្មែរ បានភ្ជាប់ទំនាក់ទំនងរវាង អ្នករចនា និងសហគ្រាសនានា ដើម្បីផ្លាស់ប្តូរគំនិតច្នៃប្រឌិតឱ្យទៅជាដំណោះស្រាយនៃការរចនា សំបកវេចខ្ចប់ ជាក់ស្តែងដែលឆ្លើយតបទៅ នឹងតម្រូវការអាជីវកម្មពិតប្រាកដ។ តាមរយៈការពង្រឹង សមត្ថភាពនៃ ការវេចខ្ចប់ និងការកែលម្អការបង្ហាញ រូបរាងផលិតផល សហគ្រិនខ្មែរ មានគោលបំណងជួយសហគ្រាសកម្ពុជាក្នុងការកសាងជំហរទីផ្សារឱ្យកាន់ តែរឹងមាំនិងរៀបចំផលិតផលរបស់ពួកគេដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់បំពេញសេចក្តីត្រូវការដែលកាន់តែខ្ពស់ទៅរបស់អតិថិជន។
«ពិធីប្រកាសជ័យលាភីការប្រកួតរចនាសំបកវេចខ្ចប់ ឆ្នាំ២០២៦» គឺជាផ្នែកមួយនៃ យុទ្ធនាការផ្សព្វផ្សាយ ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ឆ្នាំ២០២៦ ដែលផ្តួចផ្តើមឡើងដោយ សហគ្រិនខ្មែរ។ យុទ្ធនាការនេះគឺជាស៊េរី នៃកម្មវិធីស្នូល ប្រចាំឆ្នាំសំខាន់ៗរបស់សហគ្រិនខ្មែរ ដែលនឹងប្រព្រឹត្តទៅបណ្តាក់គ្នា ចាប់ពីការប្រកួតប្រជែង គំនិតអាជីវកម្ម និស្សិតសហគ្រិន ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម រហូតដល់កិច្ចប្រជុំ សិក្ខាសាលា និងពិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរ។
សហគ្រិនខ្មែរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Manulife ដែលបានចូលរួម ជាអ្នកឧបត្ថម្ភ និងគាំទ្រដល់ «យុទ្ធនាការប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ឆ្នាំ២០២៦» ។