កម្មវិធីនេះបានឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រអភិវឌ្ឍសហគ្រិនភាពក្នុងវិស័យម្ហូបអាហារ តាមរយៈការរួមបញ្ចូល ការបណ្តុះបណ្តាលអំពីគំនិតអាជីវកម្ម ការគ្រប់គ្រងថ្លៃដើម ការប្រើប្រាស់គ្រឿងទេសចម្រុះ និងការកសាង ម៉ាកយីហោ ជាមួយការប្រកួតចម្អិនអាហារជាក់ស្តែង ដើម្បីបង្ហាញសមត្ថភាព និងត្រៀមខ្លួនបេក្ខជន ឱ្យក្លាយជាចុងភៅអាជីព ឬសហគ្រិនដែលមានសក្តានុពលទាក់ទាញការវិនិយោគ។ តាមរយៈការប្រឹក្សាណែនាំ បេក្ខជនត្រូវបានលើកទឹកចិត្តឱ្យផ្សារភ្ជាប់ជំនាញចម្អិនអាហារជាមួយផ្នត់គំនិតសហគ្រិន ព្រមទាំងពង្រឹង ការយល់ដឹងអំពីតម្រូវការអ្នកទទួលទាន ការរក្សាគុណភាពម្ហូបអាហារ និងការគ្រប់គ្រងថ្លៃដើម ប្រកបដោយប្រសិទ្ធភាព។ ការគាំទ្រទាំងនេះបានរួមចំណែកបណ្តុះផ្នត់គំនិតសហគ្រិនភាព និងពង្រឹង សមត្ថភាពបេក្ខជន ដើម្បីឱ្យពួកគេអាចបន្តអភិវឌ្ឍអាជីព និងគំនិតអាជីវកម្មរបស់ខ្លួនលើសពីក្របខណ្ឌ នៃការប្រកួត។ ទន្ទឹមនឹងនេះ កម្មវិធីក៏បានលើកកម្ពស់ភាពចម្រុះនៃម្ហូបអាហារតាមរយៈ ការបង្ហាញមុខម្ហូបថ្មីៗ ដែលមានលក្ខណៈពិសេស និងភាពច្នៃប្រឌិតដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណវប្បធម៌ចម្រុះក្នុងទំនើបកម្ម សេដ្ឋកិច្ច។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល និងជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖ «តាមរយៈកម្មវិធីសហគ្រិនចុងភៅ សហគ្រិនខ្មែរកំពុងបណ្តុះសហគ្រិនចុងភៅជំនាន់ថ្មី ដែលប្រែក្លាយជំនាញចម្អិនអាហារនិងភាពច្នៃប្រឌិត ទៅជាអាជីវកម្មដែលមានភាពប្រកួតប្រជែង ដោយការ ប្រើប្រាស់កសិផលនិងវត្ថុធាតុដើមក្នុងស្រុក ដើម្បីរួមចំណែកពង្រីកទីផ្សារសម្រាប់កសិករ និងអ្នកផលិត បង្កើនតម្លៃបន្ថែមក្នុងខ្សែច្រវាក់ផលិតកម្ម និងបង្កើតឱកាសការងារ។ ការពង្រឹងភាពប្រកួតប្រជែងនៃវិស័យ ម្ហូបអាហារ និងសេវាកម្មគឺជាទិសដៅមួយនៃការអភិវឌ្ឍសហគ្រិនភាពដែលសហគ្រិនខ្មែរបាន និងកំពុង បន្តគាំទ្រ ខណៈវិស័យសេវាកម្មជាកម្លាំងចលករដ៏សំខាន់មួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងការធ្វើទំនើបកម្មអាជីវកម្មនៅកម្ពុជា»។
កម្មវិធីនេះរួមបញ្ចូលការបើកទទួលពាក្យជាសាធារណៈ និងការប្រកួតប្រជែងគំនិតតាមការធ្វើបទបង្ហាញ អាជីវកម្ម ការប្រកួតចម្អិនអាហារជាក់ស្តែង ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពតាមផែនការ និងការប្រឹក្សា ណែនាំអំពីការធ្វើអាជីវកម្មក្នុង វិស័យម្ហូបអាហារ។ ដំណាក់កាលនីមួយៗបានជួយឱ្យបេក្ខជនដែលមាន សក្តានុពលអភិវឌ្ឍគំនិតរបស់ខ្លួនទៅជាមុខម្ហូបដែលអាចចម្អិន និងបង្ហាញបានជាក់ស្តែង ព្រមទាំងពង្រឹង ការយល់ដឹងអំពីតម្រូវការអតិថិជន គុណភាពផលិតផល ការរៀបចំតុបតែងមុខម្ហូបអាហារ ការគិតគូរពីថ្លៃដើម និងការកសាងម៉ាកយីហោត្រៀមខ្លួនសម្រាប់ប្រកបអាជីវកម្ម និងទទួលយកការវិនិយោគដែលមានសក្តានុពល។
បេក្ខជនបានបញ្ចប់វគ្គបណ្តុះបណ្តាល និងការប្រឹក្សាណែនាំពីការគ្រប់គ្រអាជីវកម្មមុនឈានចូលដល់វគ្គប្រគួត ផ្តាច់ព្រ័តចម្អិនអាហារ។ ការគាំទ្រនេះផ្តោតលើ ការបំលែងផ្នត់គំនិតអាជីវកម្ម ដើម្បីត្រៀមខ្លួនក្លាយជាសហគ្រិន និងពង្រឹងការធ្វើអាជីវកម្មដល់បេក្ខជនដែលមានអាជីវកម្មស្រាប់។ បេក្ខជនក៏មានឱកាសជួបជាមួយអ្នកជំនាញ ក្នុងវិស័យសេវាកម្ម ព្រមទាំងទទួលបានការណែនាំផ្អែកលើបទពិសោធន៍ជាក់ស្តែងក្នុងការអភិវឌ្ឍគំនិត ម្ហូបអាហារឱ្យឆ្លើយតបនឹងតម្រូវការរបស់អតិថិជន និងទីផ្សារ។
ក្នុងព្រឹត្តិការណ៍វគ្គផ្តាច់ព្រ័ត្រ គណៈកម្មការបានពិនិត្យលើភាពច្នៃប្រឌិត ការអនុវត្តជំនាញចម្អិន ការរៀបចំ តុបតែងមុខម្ហូប និងសក្តានុពលរួមនៃគំនិតម្ហូបអាហារនីមួយៗក្នុងការធ្វើអាជីវកម្ម។ ទម្រង់ប្រកួតនេះថែមទាំង បានបង្កើតឱកាសសម្រាប់ការប្រាស្រ័យទាក់ទងជាមួយសាធារណជន ការលើកតម្កើងទេពកោសល្យ និងការ កសាងបណ្តាញទំនាក់ទំនងរវាងបេក្ខជនចូលរួមនិង អ្នកជំនាញក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។
បន្ទាប់ពីការវាយតម្លៃយ៉ាងសុក្រិតពីគណៈកម្មការក្នុងការប្រកួតដែលផ្តោតលើការមុខម្ហូបសម្រាប់បើកអាជីវកម្ម វិធីសាស្ត្រចម្អិន ការតុបតែង និងឱជារស។ ការសម្រេចលទ្ធផលចុងក្រោយត្រូវបានប្រកាសក្នុងការបិទកម្មវិធី។ កម្មវិធីសហគ្រិនចុងភៅបានលើកកម្ពស់ការទទួលស្គាល់ និងពង្រឹង ទំនាក់ទំនងសម្រាប់យុវជនដែលមាន ទេពកោសល្យចម្អិនអាហារជំនាន់ថ្មីទៅក្នុងប្រព័ន្ធអេកូឡូស៊ី តាមរយៈការតភ្ជាប់ពួកគេទៅនឹងសាធារណជន សហគមន៍ធុរកិច្ច ដៃគូដែលមានសក្តានុពល។ កម្មវិធីនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ សហគ្រិនខ្មែរ ក្នុងការបង្កើតវេទិកាអនុវត្តជាក់ស្តែង ដែលអាចឱ្យយុវជនអភិវឌ្ឍគំនិត បង្ហាញទេពកោសល្យ និងពង្រឹងសមត្ថភាពអាជីវកម្មក្លាយជាសហគ្រិនសម្រាប់ចាប់យកឱកាសវិនិយោគ។
សហគ្រិនខ្មែរនឹងបន្តជំរុញការអភិវឌ្ឍសហគ្រិនភាព និងដើរតួជាកាតាលីករតភ្ជាប់បណ្តាញធុរកិច្ចទំនាក់ទំនងក្នុង ប្រព័ន្ធអេកូឡូស៊ីតាមការបង្ហាញគំនិតផ្តួចផ្តើមល្អៗ និងជួយឱ្យគំនិតដែលមានសក្តានុពលវិវឌ្ឍទៅជាសហគ្រាស ដែលប្រកបដោយនវានុវត្តន៍ និងចីរភាព។ កម្មវិធីសហគ្រិនចុងភៅ ឆ្នាំ២០២៦ បានបង្ហាញឱ្យឃើញថា នៅពេលភាពច្នៃប្រឌិតផ្សារភ្ជាប់ជាមួយវិន័យ ចំណេះដឹងអាជីវកម្ម និងបណ្តាញទំនាក់ទំនងសមស្រប គំនិតម្ហូបអាហារមួយអាចក្លាយជាចំណុចចាប់ផ្តើមនៃការបង្កើតអាជីវកម្ម ក៏ដូចជាការអភិវឌ្ឍខ្លួនទៅជាសហគ្រិន បានយ៉ាងជោគជ័យ។