ការបញ្ជាទិញនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង បានផ្តល់ការសន្យាទិញយន្តហោះចំនួន២០០ គ្រឿងក្នុងអំឡុងកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំង កាលពីខែឧសភា កន្លងទៅ។ តាមគម្រោង ក្រុមហ៊ុន ប៊ូអ៊ីង នឹងចាប់ផ្តើមប្រគល់យន្តហោះទាំង៥០គ្រឿងនេះជូនក្រុមហ៊ុន China Southern Airlines ចាប់ពីឆ្នាំ២០៣១ ដល់ឆ្នាំ២០៣៤។
គួរកត់សម្គាល់ថា ចាប់តាំងពីឆ្នាំ២០១៧ មក ក្រុមហ៊ុន ប៊ូអ៊ីង ស្ទើរតែបាត់បង់ការបញ្ជាទិញថ្មីៗទាំងស្រុង ពីទីផ្សារអាកាសចរណ៍ធំជាងគេទីពីររបស់ពិភពលោកមួយនេះ ដោយសារតែជម្លោះ និងភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ទោះបីជាការប្រគល់យន្តហោះតាមកិច្ចសន្យាចាស់ៗនៅតែបន្តក៏ដោយ។ យ៉ាងណាក៏ដោយ ទាំងក្រុមហ៊ុន ប៊ូអ៊ីង និងក្រុមហ៊ុន Airbus សុទ្ធតែបានព្យាករណ៍ដូចគ្នាថា ប្រទេសចិននឹងត្រូវការយន្តហោះថ្មីប្រមាណ៩,០០០គ្រឿងនៅត្រឹមឆ្នាំ២០៤៥ ដើម្បីឆ្លើយតបនឹងកំណើនអ្នកដំណើរ ដែលជាតម្រូវការខ្ពស់បំផុតបើធៀបនឹងតំបន់ផ្សេងទៀតលើពិភពលោក។
ទោះជាយ៉ាងណា មកទល់ពេលនេះអាជ្ញាធរចិននៅមិនទាន់ប្រកាសជាផ្លូវការអំពីការបញ្ជាទិញជាក់លាក់ណាមួយនៅក្រោមក្របខ័ណ្ឌនៃការសន្យាទិញយន្តហោះ២០០គ្រឿងនោះនៅឡើយទេ។ សូម្បីតែក្នុងឯកសារដែលក្រុមហ៊ុន China Southern Airlines ដាក់ជូនអាជ្ញាធរមូលបត្រ ក៏មិនបានបញ្ជាក់ច្បាស់ថា យន្តហោះ៥០គ្រឿងនេះស្ថិតក្នុងកូតានៃការសន្យា២០០គ្រឿងនោះឬយ៉ាងណានោះទេ។
ដោយឡែក កាលពីថ្ងៃចន្ទ កន្លងទៅលោក ដូណាល់ ត្រាំ បានអះអាងដោយជឿជាក់ថា ប្រទេសចិននឹងបញ្ជាទិញយន្តហោះ ប៊ូអ៊ីង បន្ថែមរហូតដល់២៥០គ្រឿងទៀត។ ប៉ុន្តែលោកមិនបានបង្ហាញព័ត៌មានលម្អិតជុំវិញរឿងនេះទេ ខណៈភាគីចិនក៏នៅរក្សាភាពស្ងៀមស្ងាត់ និងមិនទាន់បញ្ជាក់ពីគម្រោងទិញបន្ថែមណាមួយឡើយ៕
ដោយៈ សរ សុជាតិ