លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ សង្កេតឃើញថា មកទល់ពេលនេះអំណាចទិញរបស់ពលរដ្ឋមួយចំនួនហាក់ថមថយជាងមុន ដោយសារប្រភពចំណូលរបស់ពួកគេបានថយចុះ និងមានពលរដ្ឋខ្លះជាប់បំណុលធនាគារជាដើម ដែលការណ៍នេះបានធ្វើឱ្យពលរដ្ឋមួយចំនួនត្រូវកាត់បន្ថយការចាយវាយលើសម្ភារមិនចាំបាច់។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើអំណាចទិញរបស់ពលរដ្ឋនៅតែបន្តធ្លាក់ចុះក្នុងរយៈពេលយូរ នោះនឹងអាចបង្កើតនូវភាពអវិជ្ជមានដល់ប្រព័ន្ធសេដ្ឋកិច្ច និងប៉ះពាល់ដល់អ្នកលក់រាយ និងដុំ ព្រមទាំងខ្សែច្រវាក់ផលិតកម្ម និងការងារផងដែរ។
ពាក់ព័ន្ធបញ្ហានេះដែរ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ការធ្លាក់ចុះសកម្មភាពលក់រាយនៅតាមផ្សារក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួន ដោយសារមានអាជីវករខ្លះបានងាកទៅប្រើប្រាស់ប្រព័ន្ធអនឡាញ ដើម្បីលក់ផលិតផលរបស់ពួកគេ។ ការណ៍នេះ បានធ្វើឱ្យសកម្មភាពលក់ដូរតាមតូបរបស់អាជីវករមួយចំនួនមិនសូវមានភាពមមាញឹកខ្លាំងនោះទេ ខណៈអតិថិជនបានប្រើប្រាស់ប្រព័ន្ធអនឡាញ ដើម្បីបញ្ជាទិញផលិតផលដោយពុំចាំបាច់ធ្វើដំណើរដូចមុនទៀតឡើយ។ ទោះជាបែបនេះក្ដីអ្នកឧកញ៉ា លឹម ហេង យល់ថា ស្ថិតក្នុងស្ថានភាពនេះ ពលរដ្ឋត្រូវចេះថ្លឹងថ្លែងលើហិរញ្ញវត្ថុ និងការចំណាយ ខណៈការក្បិតក្បៀតខ្លាំងពេកអាចប៉ះពាល់ដល់អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនតូច និងមធ្យមជាដើម។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះអាជីវករមួយចំនួននៅរាជធានីភ្នំពេញ បានត្អូញត្អែរពីការលក់មានការធ្លាក់ចុះ ព្រោះពលរដ្ឋមួយចំនួនកាត់បន្ថយការចំណាយ។ ការធ្លាក់ចុះអំណាចទិញក្នុងស្រុកត្រូវបានអ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា អាចទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ចសកល ដែលធ្វើឱ្យការបញ្ជាទិញពីខាងក្រៅមានភាពប្រែប្រួល និងថយចុះ ដែលទាញទម្លាក់ប្រាក់ចំណូលរបស់ពលរដ្ឋ។ បើតាមក្រុមអ្នកជំនាញ រាជរដ្ឋាភិបាលគួរដាក់ចេញនូវវិធានការសេដ្ឋកិច្ចចាំបាច់នានា ដើម្បីជួយជំរុញ និងស្តារអំណាចទិញរបស់ប្រជាពលរដ្ឋឡើងវិញ៕
អត្ថបទ៖ បូ ដូឡា