ធនាគារពិភពលោកទម្លាយឱ្យដឹងថា បំណុលបរទេសសរុបរបស់បណ្ដាប្រទេសសេដ្ឋកិច្ចកំពុងរីកចម្រើនបានកើនដល់កម្រិតកំណត់ត្រារហូតដល់ជាង៩ទ្រីលានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០២៥។ ក្នុងនោះប្រទេសដែលមានប្រាក់ចំណូលទាបត្រូវបង់ការប្រាក់ជាមធ្យមជាង៨% សម្រាប់ប្រាក់កម្ចីថ្មីពីវិស័យឯកជន និងជាង៩% សម្រាប់ការបោះផ្សាយលក់មូលបត្របំណុលថ្មី។ ចំណែកឯប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានសេដ្ឋកិច្ចរឹងមាំជាងបង់ការប្រាក់ជាមធ្យមត្រឹមតែជាង៥% ប៉ុណ្ណោះ សម្រាប់មូលបត្របំណុលថ្មី។ នេះមានន័យថា បញ្ហាបច្ចុប្បន្នមិនមែនគ្រាន់តែជាការស្វែងរកប្រភពប្រាក់កម្ចីទៀតទេ ប៉ុន្តែវាជាបញ្ហាថា តើប្រទេសទាំងនោះមានលទ្ធភាពទទួលយក និងសងបំណុលទាំងនេះដែរឬទេ។
ការផ្ដល់ហិរញ្ញប្បទាន ឬប្រាក់កម្ចីពីវិស័យឯកជនបានជំរុញឱ្យបំណុលកើនឡើងយ៉ាងខ្លាំង ដោយនៅក្នុងឆ្នាំ២០២៥ ប្រាក់កម្ចីសុទ្ធដែលហូរចូលទៅក្នុងបណ្ដាប្រទេសមានប្រាក់ចំណូលទាប និងមធ្យម ដោយមិនរាប់បញ្ចូលប្រទេសចិន មានចំនួនជិត៣៦០ពាន់លានដុល្លារអាម៉េរិក។ ប្រទេសខ្លះត្រូវបង់ការប្រាក់ខ្ពស់ខ្លាំង ជាក់ស្ដែងប្រទេសកុងហ្គោ បានបោះផ្សាយមូលបត្របំណុលលើកដំបូងជាប្រាក់ដុល្លារចំនួនជាង១,២ពាន់លានដុល្លារដោយមានអត្រាការប្រាក់ខ្ពស់រហូតដល់ជាង៩%។
ធនាគារពិភពលោក បានព្រមានថា ទោះបីជាការផ្ដល់កម្ចីឯកជនកំពុងត្រឡប់មកវិញក៏ដោយ ក៏បណ្ដាប្រទេសក្រីក្រកំពុងខ្ចីកាន់តែច្រើន និងបង់ការប្រាក់កាន់តែខ្ពស់ ដែលធ្វើឱ្យថវិកាសម្រាប់ការអភិវឌ្ឍរយៈពេលវែងមានកាន់តែតិច។ រដ្ឋាភិបាលនៃប្រទេសមួយចំនួន ក៏ងាកទៅប្រើកិច្ចព្រមព្រៀងហិរញ្ញវត្ថុស្មុគស្មាញ ដើម្បីទទួលបានរូបិយប័ណ្ណបរទេសយ៉ាងឆាប់រហ័ស។ ប៉ុន្តែវិធីសាស្ត្រទាំងនេះ ក៏មានហានិភ័យខ្ពស់ដែរដូចជាការត្រូវដាក់វត្ថុបញ្ចាំ ការលំបាកក្នុងការបន្តហិរញ្ញប្បទាន និងកង្វះតម្លាភាពជាដើម។ ធនាគារពិភពលោក បានព្រមានថា បន្ទុកបំណុលកាន់តែធ្ងន់ធ្វើឱ្យប្រទេសទាំងនេះមានលទ្ធភាពកាន់តែតិចក្នុងការឆ្លើយតប និងទប់ទល់វិបត្តិសេដ្ឋកិច្ច ឬការប៉ះទង្គិចពីខាងក្រៅ៕
ដោយ: តែម សុខុម