វិស័យផលិតកម្មរបស់វៀតណាម បានកើនឡើង១១% ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ ខណៈប្រាក់ចំណូលសម្រាប់ពលរដ្ឋម្នាក់ៗ ឬ GDP Per Capita ត្រូវបានព្យាករថា នឹងកើនដល់៥,២៥៩ដុល្លារអាម៉េរិកនៅឆ្នាំនេះ ដោយខ្ពស់ជាងឥណ្ឌូនេស៊ី ដែលមានប្រមាណ៥,១៥៣ដុល្លារ។ អ្នកជំនាញយល់ថា ភាពជោគជ័យរបស់វៀតណាម កើតចេញពីកំណែទម្រង់សេដ្ឋកិច្ចជាច្រើនទសវត្សរ៍ គោលនយោបាយមានស្ថិរភាព និងបទប្បញ្ញត្តិដែលផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ។
នៅឆ្នាំ២០២៥ ការវិនិយោគផ្ទាល់ពីបរទេសរបស់វៀតណាម បានឈានដល់ជាង២៧ពាន់លានដុល្លារ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ដោយទាក់ទាញក្រុមហ៊ុនធំៗ ដូចជា Samsung និងក្រុមហ៊ុន Foxconn ជាដើម។ កម្លាំងផលិតកម្មនេះ ក៏ឆ្លុះបញ្ចាំងតាមរយៈការនាំចេញផងដែរ ដោយកាលពីឆ្នាំមុនវៀតណាមនាំចេញទំនិញបានក្នុងទំហំរហូតដល់ប្រមាណ៤៧៥ពាន់លានដុល្លារ ខណៈឥណ្ឌូនេស៊ីនាំចេញបានត្រឹម ២៨៣ពាន់លានដុល្លារប៉ុណ្ណោះ។
ផ្ទុយទៅវិញ ឥណ្ឌូនេស៊ី កំពុងប្រឈមនឹងបញ្ហាជាច្រើនដូចជា ការចំណាយអាជីវកម្មខ្ពស់ ថ្លៃដឹកជញ្ជូនខ្ពស់ របាំងពាណិជ្ជកម្មនាំចូល និងនីតិវិធីរដ្ឋបាលស្មុគស្មាញ ហើយប្រសិទ្ធភាព នៃការប្រើប្រាស់ទុនវិនិយោគរបស់ខ្លួនក៏ទាបជាងវៀតណាម ផងដែរ។ ក្រុមអ្នកវិភាគជំរុញឱ្យឥណ្ឌូនេស៊ី កាត់បន្ថយថ្លៃដើមអាជីវកម្ម កែលម្អប្រព័ន្ធដឹកជញ្ជូន និងបង្កើតគោលនយោបាយវិនិយោគឱ្យកាន់តែច្បាស់លាស់ ដើម្បីទាក់ទាញក្រុមហ៊ុនផលិតធំៗ៕