តម្លៃប្រេងឥន្ធនៈ

តើមានកត្តាអ្វីខ្លះដែលអាចធ្វើឱ្យតម្លៃប្រេងឥន្ធនៈនៅកម្ពុជា ពិបាកក្នុងការវិលមករកសភាពដើមវិញ?


ស្របពេលតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ ចាប់ផ្ដើមមានសញ្ញាថមថយ តម្លៃប្រេងឥន្ធនៈលក់រាយនៅកម្ពុជា ក៏បានរអិលចុះមកនៅត្រឹម៤,៩៥០រៀលសម្រាប់សាំងធម្មតា និង៥,៧០០រៀលសម្រាប់ប្រេងម៉ាស៊ូត។ ទោះជាយ៉ាងនេះក្ដី ក្រុមអ្នកជំនាញមើលឃើញថា ការវិលត្រឡប់ទៅរកតម្លៃទាបដូចកាលពីមុនក្រោម៤,០០០រៀលក្នុង១លីត្រ នៅតែជារឿងមិនទាន់អាចទៅរួច ដ្បិតស្ថានភាពនៅច្រកសមុទ្រហ័រម៉ូសនៅតែស្ថិតក្នុងភាពផុយស្រួយ។ ប៉ុន្តែការធ្លាក់ចុះនាពេលនេះត្រូវបានអ្នកជំនាញចាត់ទុកថា ជាដង្ហើមដ៏សំខាន់មួយក្នុងការជួយសម្រាលការចំណាយរបស់ពលរដ្ឋ និងរុញច្រានសេដ្ឋកិច្ចជាតិ។
តម្លៃប្រេងឥន្ធនៈ
ដោយ

លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានលើកឡើងថា ស្របពេលសង្គ្រាមនៅតំបន់មជ្ឍិមបូព៌ា កំពុងថមថយកម្ដៅ គួបផ្សំរដ្ឋាភិបាលកម្ពុជា ដាក់ចេញគោលនយោបាយឧបត្តមធន និងកាត់បន្ថយពន្ធនាំចូលប្រេងឥន្ធនៈបានធ្វើឱ្យតម្លៃប្រេងឥន្ធនៈលក់រាយនៅកម្ពុជា បានរអិលធ្លាក់ចុះ។ អ្នកជំនាញរូបនេះបានវាយតម្លៃថា តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ ទំនងជាមិនអាចវិលត្រឡប់មករកសភាពដើមវិញភ្លាមៗនោះទេ លុះត្រាតែសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាត្រូវបានដោះស្រាយបញ្ចប់។ តែយ៉ាងណាលោកបណ្ឌិតយល់ថា ការធ្លាក់ចុះតម្លៃប្រេងឥន្ធនៈនៅកម្ពុជា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ វាបានជួយសម្រួលដល់ជីវភាពរបស់ពលរដ្ឋដែលមានប្រាក់ចំណូលទាបបានមួយកម្រិត។

ជាមួយគ្នានេះ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច យល់ឃើញថា ការវិលត្រឡប់មករកសភាពដើមរបស់តម្លៃប្រេងឥន្ធនៈហាក់មានភាពលំបាកណាស់ក្នុងពេលនេះ ដោយសារវិបត្តិនៅច្រកសមុទ្រហ័រម៉ូសនៅតែមានភាពផុយស្រួល ស្របពេលហេដ្ឋារចនាសម្ព័ន្ធថាមពលនៅប្រទេសផលិតប្រេងធំៗរងការខូចខាត ដែលត្រូវការពេលយូរក្នុងការស្ដារឡើងវិញ។ តែទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះយល់ថា ការធ្លាក់ចុះតម្លៃប្រេងឥន្ធនៈលក់រាយនៅកម្ពុជានៅមួយរយៈចុងក្រោយវាបានជួយបន្ទាបតម្លៃម្ហូបអាហារ កាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា លើឆាកអន្តរជាតិ។ លើសពីនេះ វាក៏ជួយរក្សាស្ថិរភាពប្រាក់រៀល និងទាក់ទាញវិនិយោគិនផងដែរ។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី១៨ ខែមេសា រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់ តម្លៃសាំងធម្មតានៅតាមស្ថានីយប្រេងឥន្ធនៈទូទាំងប្រទេសត្រូវលក់ចេញ៤,៩៥០រៀលក្នុង១លីត្រ និងប្រេងម៉ាស៊ូត៥,៧០០រៀលក្នុង១លីត្រ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗរាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការអន្តរាគមន៍ជាបន្ទាន់ ដោយសម្រេចចាត់ទុកអាករលើតម្លៃបន្ថែម (VAT) ១០% លើការផ្គត់ផ្គង់ប្រេងម៉ាស៊ូត និងឧស្ម័ន LPG ជាបន្ទុករបស់រដ្ឋទាំងស្រុង។ ការដាក់ចេញវិធានការនេះធ្វើឡើងក្នុងគោលបំណងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ និងជួយសម្រួលដល់ថ្លៃដើមផលិតកម្មក្នុងស្រុក៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


កម្ពុជាបន្ដតវ៉ាជាផ្លូវការ ប្រឆាំងនឹងសកម្មភាពរបស់ថៃ ដែលបានពង្រឹងកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់បន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦ បានសម្ដែងនូវការតវ៉ាជាផ្លូវការ ប្រឆា…

មន្រ្តីជាន់ខ្ពស់របស់ ADB ចាត់ទុកវិវាទព្រំដែនជាមួយថៃ ជាកាតាលីករបញ្ឆេះស្មារតីជាតិនិយម និងជំរុញផលិតកម្មក្នុងស្រុក

មន្ត្រីជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចាត់ទុកវិវាទព្រំដែនជាមួយថៃ បានក្លាយជាកាតាលីករដ៏សំខាន់មួយក្នុងការដុតបញ្ឆេះស្មារតីជាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ