លោក ដូណាល់ ត្រាំ ប្រកាសកាលពីថ្ងៃទី៩ ខែតុលា ថា លោកបានឈានដល់កិច្ចព្រមព្រៀងជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីឱ្យរុស្ស៊ី ផ្គត់ផ្គង់ប្រេងម៉ាស៊ូតជាង ៣០០.០០០ តោនជាបន្ទាន់ទៅកាន់ទីផ្សារអាម៉េរិក និងទីផ្សារពិភពលោក។
លោក ដូណាល់ ត្រាំ ក៏បានឱ្យដឹងដែរថា រុស្ស៊ី នឹងផ្គត់ផ្គង់ប្រេងម៉ាស៊ូតចំនួន ៥០០.០០០ តោនបន្ថែមទៀតនៅខែវិច្ឆិកា ខាងមុខ ហើយនឹងបន្តផ្គត់ផ្គង់ ១ លានតោនទៀតនៅពេលបន្ទាប់។ ជាមួយគ្នានេះ ក្រសួងរតនាគារអាម៉េរិក បានចេញអាជ្ញាបណ្ណជាបណ្តោះអាសន្នអនុញ្ញាតឱ្យនាំចូលប្រេងម៉ាស៊ូត
ពីរុស្ស៊ី រហូតដល់ថ្ងៃទី៧ ខែមេសា ទោះបីជាទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើវិស័យប្រេងរបស់រុស្ស៊ី ដោយសារសង្គ្រាមនៅអ៊ុយក្រែន ក៏ដោយ។
តម្លៃប្រេងម៉ាស៊ូតបានហក់ឡើងខ្ពស់ ចំពេលមានការរាំងស្ទះដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈពាក់ព័ន្ធនឹង
សង្គ្រាមនៅអ៊ីរ៉ង់ និងអ៊ុយក្រែន។ យោងតាមសមាគមអ្នកបើកបរយានយន្តអាម៉េរិក (AAA) ឱ្យដឹងថា តម្លៃប្រេងម៉ាស៊ូតជាមធ្យមនៅអាម៉េរិក បានឡើងដល់ ៦,២៨ ដុល្លារ ក្នុងមួយហ្គាឡុង កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។ ក្រោយការប្រកាសកិច្ចព្រមព្រៀង តម្លៃកិច្ចសន្យាប្រេងម៉ាស៊ូតនាពេលអនាគតរបស់អាម៉េរិក បានធ្លាក់ចុះជិត ៥%។
ទោះជាយ៉ាងណា ក្រុមអ្នកវិភាគថាមពលព្រមានថា ការបង្កើនការផ្គត់ផ្គង់នេះមិនប្រាកដថាអាចធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះក្នុងរយៈពេលយូរនោះទេ។
កិច្ចព្រមព្រៀងនេះក៏បានរងការរិះគន់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី និងសមាជិកសភាអាម៉េរិក មួយចំនួនផងដែរ។ ពួកគេបារម្ភថា ការបន្ធូរបន្ថយទណ្ឌកម្មអាចជួយឱ្យរុស្ស៊ី ទទួលបានចំណូលបន្ថែមដើម្បីបន្តសង្គ្រាមនៅអ៊ុយក្រែន។
ទន្ទឹមនេះ រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងពិចារណាប្រើប្រាស់អំណាចបន្ទាន់របស់ប្រធានាធិបតី ដើម្បីជំរុញការផលិតប្រេងឥន្ធនៈក្នុងស្រុក និងពង្រីកសមត្ថភាពចម្រាញ់ប្រេងរបស់អាម៉េរិក។ សម្រាប់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ថា កិច្ចព្រមព្រៀងនេះនឹងអាចជួយបន្ធូរបន្ថយបន្ទុកចំណាយលើប្រេងឥន្ធនៈរបស់ប្រជាជន កសិករ និងអ្នកបើកបររថយន្តដឹកទំនិញនៅអាម៉េរិក បានកម្រិតណានោះទេ៕