តម្លៃប្រេងឥន្ធនៈ

អ្នកជំនាញព្រមានពីការហក់ឡើងតម្លៃប្រេងឥន្ធនៈបន្ថែមទៀត និងស្នើឱ្យរដ្ឋពន្លឿនការបង្កើនសន្និធិប្រេង


រលកកម្តៅ នៃវិបត្តិថាមពលសកលកំពុងកើនឡើងជាថ្មី បន្ទាប់ពីប្រទេសផលិតប្រេងធំៗដូចជាចិន និងរុស្ស៊ីបានសម្រេចផ្អាក និងរឹតបន្តឹងការនាំចេញប្រេងឥន្ធនៈទៅកាន់ទីផ្សារអន្តរជាតិសម្រាប់ខែតុលា ឆ្នាំ២០២៦ នេះ។ ការរឹតបន្តឹងនេះបាន និងកំពុងជំរុញឱ្យតម្លៃប្រេងនៅកម្ពុជាបន្តកើនឡើងជាបន្តបន្ទាប់។
តម្លៃប្រេងឥន្ធនៈ
ដោយ

ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានព្រមានថា ហានិភ័យនៃតម្លៃប្រេងហក់ឡើងថ្លៃនេះនឹងជះឥទ្ធិពលអវិជ្ជមានដោយផ្ទាល់មកលើសេដ្ឋកិច្ចកម្ពុជាតាមរយៈការកើនឡើងនូវអតិផរណា ការហក់ឡើងនៃថ្លៃដើមផលិតកម្មរបស់សហគ្រាសធុនតូច និងមធ្យម (SME) និងការធ្លាក់ចុះយ៉ាងគំហុក នៃអំណាចទិញរបស់ប្រជាពលរដ្ឋ។ ស្ថិតក្នុងស្ថានភាពប្រឈមនេះ អ្នកជំនាញបានអំពាវនាវឱ្យរាជរដ្ឋាភិបាលពង្រឹងសន្និធិប្រេង និងពន្លឿនការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យកាន់តែឆាប់រហ័ស។

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិបានគូសបញ្ជាក់ថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈិមបូព៌ា ផ្សំជាមួយនឹងគោលនយោបាយរឹតបន្តឹងការនាំចេញប្រេងពីសំណាក់ប្រទេសផលិតធំៗ កំពុងរុញច្រានឱ្យទីផ្សារថាមពលពិភពលោកធ្លាក់ចូលទៅក្នុងហានិភ័យកាន់ខ្ពស់។

សម្រាប់កម្ពុជាការហក់ឡើងនៃតម្លៃប្រេងមិនត្រឹមតែបង្កជាសម្ពាធអតិផរណាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងបឺតជញ្ជក់ថវិកាចំណាយក្នុងគ្រួសាររបស់ប្រជាពលរដ្ឋទៀតផង។ ដើម្បីឆ្លើយតបនឹងវិបត្តិនេះ លោកបណ្ឌិត ញិល រដ្ឋា ស្នើឱ្យរាជរដ្ឋាភិបាលពិចារណាបន្ធូរបន្ថយ ឬលើកលែងពន្ធមួយចំនួនលើឥន្ធនៈ និងជំរុញការប្រើប្រាស់ថាមពលស្អាតក្នុងវិស័យដឹកជញ្ជូន។ ជាពិសេស លោក ស្នើឱ្យរដ្ឋបង្កើនសមត្ថភាពស្តុកប្រេងបម្រុងជាតិឱ្យបានលើសពី៩០ថ្ងៃ ដើម្បីជាខែលការពារសន្តិសុខថាមពលកម្ពុជា។

ជាមួយគ្នានេះលោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមបានលើកឡើងថា ដរាបណាសង្គ្រាមនៅមជ្ឈិមបូព៌ានៅតែបន្តឆេះរោលរាល ទីផ្សារថាមពលសកលនឹងនៅតែមានភាពចលាចល ដោយប្រេងម៉ាស៊ូតអាចជួបប្រទះការប្រែប្រួលថ្លៃខ្លាំងជាងគេ។

លោកបណ្ឌិត បានសង្កត់ធ្ងន់ថា កម្ពុជាអាចនឹងរងការវាយប្រហារពីរលកឡើងថ្លៃប្រេងកាន់តែខ្លាំងនៅសប្តាហ៍ខាងមុខ។ ដូច្នេះ លោកស្នើឱ្យរដ្ឋាភិបាលត្រួតពិនិត្យ និងពង្រឹងយន្តការប្រេងបម្រុងឡើងវិញឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងទាញយកឱកាសនេះ បង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និងថាមពលអគ្គិសនីឱ្យបានកាន់តែច្រើន ដើម្បីកាត់បន្ថយការតភ្ជាប់ ឬការពឹងផ្អែកលើទីផ្សារប្រេងអន្តរជាតិ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលឯកឧត្តម កែវ រតនៈ បានបញ្ជាក់កាលពីពេលថ្មីៗថា កម្ពុជាកំពុងជំរុញការសាងសង់ពោងស្តុកប្រេងបន្ថែមទៀត ដើម្បីពង្រឹងសន្តិសុខ និងសន្និធិប្រេងនៅកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ។ បើតាមការអះអាងរបស់រដ្ឋមន្ត្រីរូបនេះ កម្ពុជាមានសមត្ថភាពអាចផ្គត់ផ្គង់ប្រេងសាំងបានចំនួន២១ថ្ងៃ ប្រេងម៉ាស៊ូត១៥ថ្ងៃ ប្រេងយន្តហោះចំនួន១០ និងឧស្ម័នហ្គាសចំនួន១០ថ្ងៃ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ដោយសារភាពដៃគូចម្រុះ និងភាពរឹងមាំរបស់កម្ពុជាជាមួយប្រភពផ្គត់ផ្គង់ប្រេងនៅក្នុងតំបន់ ប្រេង និងឧស្ម័នឥន្ធនៈនៅតែបន្តនាំចូលមកកម្ពុជាជាបន្តបន្ទាប់ ដោយពុំមានសញ្ញាអំពីការរអាក់រអួលណាមួយនោះឡើយ។

រដ្ឋមន្ត្រីរូបនេះបានគូសបញ្ជាក់ផងដែរថា ក្រសួងរ៉ែ និងថាមពល រួមជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្មនឹងនៅតែបន្តអនុវត្តគោលនយោបាយគាំទ្រថ្លៃប្រេង​ និងឧស្ម័នឥន្ធនៈ ដើម្បីសម្រាលបន្ទុកការចំណាយរបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា កាលពីកន្លងទៅ ដើម្បីឆ្លើយតបទៅនឹងវិបត្តិថាមពលសកល ដែលកំពុងប្រែប្រួលខ្លាំង និងពុំអាចព្យាករបាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចដាក់ចេញនូវវិធានការវិចារណកម្មចំណាយ ដោយកាត់ព្យួរឥណទានលើការប្រើប្រាស់ប្រេងឥន្ធនៈ និងចំណាយបេសកកម្មចំនួន៣០% នៅតាមបណ្តាក្រសួង-ស្ថាប័នរដ្ឋទាំងអស់។ វិធានការសន្សំសំចៃនេះធ្វើឡើងក្នុងគោលបំណងរក្សាឥណទានថវិកាទុកសម្រាប់កិច្ចការយុទ្ធសាស្ត្រចាំបាច់ និងដើម្បីធានាបាននូវស័ក្តិសិទ្ធិភាព នៃតម្លៃសាច់ប្រាក់ជាតិក្នុងកាលៈទេសៈដ៏លំបាក នៃវិបត្តិសេដ្ឋកិច្ចពិភពលោក។

ជាមួយគ្នានេះ នាពេលថ្មីៗដើម្បីឆ្លើយតបនឹងរលកនៃការកើនឡើងថ្លៃប្រេងឥន្ធនៈ និងឧស្ម័ន ដែលកំពុងវាយប្រហារលើជីវភាពប្រជាជន រាជរដ្ឋាភិបាលបានសម្រេចទម្លាក់កញ្ចប់ថវិកាឧបត្ថម្ភបន្ថែមជូនដល់គ្រួសារក្រីក្រ និងងាយរងហានិភ័យប្រមាណ៤,៦លាននាក់នៅទូទាំងប្រទេសផងដែរ៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ចិនដាក់ចេញបទបញ្ញត្តិហាមពលរដ្ឋអាយុក្រោម១៨ឆ្នាំបង្កើតគ្រួសារសិប្បនិម្មិតជាមួយ AI

ជំនួបកំពូលរវាងប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីចុងខែកញ្ញា បានធ្វើឡើងចំពេលដែលមានការ…

អ្នកជំនាញស្នើឱ្យរដ្ឋដាក់ចេញវិធានការសង្គ្រោះបន្ទាន់ ដើម្បីស្តារជីវភាពកសិកររងគ្រោះដោយសារទឹកជំនន់

ការប្រែប្រួលអាកាសធាតុបានក្លាយជាមហន្តរាយដ៏ធ្ងន់ធ្ងរ​ កំពុងវាយប្រហារវិស័យកសិកម្មកម្ពុជា ជាពិសេសដំណាំស្រូវដែលជាប្រភពចំណូល និងជាឆ្នាំងបាយរបស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ