លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ បានបង្ហាញក្តីបារម្ភចំពោះបាតុភូតអែលនីញ៉ូ ក្នុងការធ្វើឱ្យប៉ះពាល់ដល់កសិករដាំដំឡូងមី។ ទោះជាយ៉ាងណាលោកបានសង្កត់ធ្ងន់ថា ប្រសិនបើឥទ្ធិពលនៃបាតុភូតនេះកើតឡើងត្រឹមខែកុម្ភៈ ឬខែមិនា នោះទំនងជាមិនបង្កផលប៉ះពាល់ដល់ដំណាំដំឡូងមីខ្លាំងនោះទេ ប៉ុន្តែប្រសិនបើវាអូសបន្លាយពេលយូរជាងនេះ នោះវានឹងធ្វើឱ្យទិន្នផល និងគុណភាពរបស់ដំឡូងមីធ្លាក់ចុះជាក់ជាមិនខាន។ បើតាមការគូសបញ្ជាក់របស់ប្រធានសមាគមរូបនេះ មកទល់ពេលនេះកសិករជាសមាជិករបស់សមាគមបានត្រៀមផែនការរួចហើយ ហើយរំពឹងថា នឹងអាចជួយបង្ការផលប៉ះពាល់លើដំណាំដំឡូងមីបង្កឡើងដោយឥទ្ធិពលនៃបាតុភូតធម្មជាតិនេះ។
ដោយឡែកលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពប្រឈមនឹងបញ្ហាអាកាសធាតុ កសិករដាំស្វាយចន្ទីត្រូវចេះសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុតាមរយៈការប្រើប្រាស់ជីថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ បើពុំដូច្នេះទេដំណាំរបស់ពួកគេអាចប្រឈមនឹងផលប៉ះពាល់ ឬថយទិន្នផល។ ជាមួយគ្នានេះប្រធានសមាគមរូបនេះអំពាវនាវដល់កសិករដាំស្វាយចន្ទីដែលជួបបញ្ហាឱ្យសួរអ្នកបច្ចេកទេស ឬមន្រ្តីជំនាញកសិកម្មឃុំ ដើម្បីដោះស្រាយកត្តាប្រឈមនានា។
ក្រសួងធនធានទឹក និងឧតុនិយម បានគូសបញ្ជាក់ថា រដូវវស្សាប្រចាំឆ្នាំ២០២៦ នឹងបញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលា ហើយបាតុភូតអែលនីញ៉ូ (El Niño) នឹងស្ថិតនៅក្នុងកម្រិត ១០០% រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ និងធ្វើឱ្យខ្យល់មូសុងឦសាននាំមកនូវបរិមាណទឹកភ្លៀងក្នុងកម្រិតខ្សោយជាមួយផ្គររន្ទះ ខ្យល់កន្ត្រាក់ និងបាតុភូតអាកាសធាតុមួយចំនួនទៀត ដែលអាចកើតមានឡើងនៅក្នុងតំបន់មួយចំនួន នៃ ប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ ក្រសួងធនធានទឹក អំពាវនាវដល់ពលរដ្ឋឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃ និងថែរក្សាប្រភពទឹកទុកសម្រាប់រដូវប្រាំងដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់៕
អត្ថបទ៖ បូ ដូឡា