ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រកួតប្រជែងរវាងអាម៉េរិក និងចិន បានផ្លាស់ប្តូរពីសមរភូមិពាណិជ្ជកម្ម និងពន្ធគយ ទៅកាន់សមរភូមិបច្ចេកវិទ្យាជាន់ខ្ពស់ ដែលមានបញ្ញាសិប្បនិម្មិត (AI) ជាស្នូល។ សម្រាប់មហាអំណាចទាំងពីរ AI មិនមែនគ្រាន់តែជាបច្ចេកវិទ្យាសម្រាប់បង្កើត Chatbot ឬរថយន្តបើកបរដោយស្វ័យប្រវត្តិប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍ដែលអាចផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច បង្កើនផលិតភាពការងារ ពង្រឹងសមត្ថភាពយោធា និងកំណត់ឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់ប្រទេសមួយក្នុងរយៈពេលរាប់ទសវត្សរ៍ខាងមុខ។
ហេតុនេះហើយ ទីក្រុងប៉េកាំងកំពុងពន្លឿនការកសាងអ្វីដែលគេហៅថា «ហេដ្ឋារចនាសម្ព័ន្ធជាតិរបស់ AI» តាមរយៈការវិនិយោគជិត ៣០០ពាន់លានដុល្លារ ដើម្បីបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យ ទ្រង់ទ្រាយធំនៅទូទាំងប្រទេស។ មជ្ឈមណ្ឌលទាំងនេះគឺជាបេះដូងនៃការអភិវឌ្ឍ AI ព្រោះវាផ្ទុកទិន្នន័យ និងផ្តល់ថាមពលគណនាដែលចាំបាច់សម្រាប់ការបណ្តុះបណ្តាលម៉ូដែល AI ជំនាន់ថ្មី។ប្រសិនបើជោគជ័យ វានឹងជួយឱ្យក្រុមហ៊ុន AI របស់ចិនទទួលបានសមត្ថភាពគណនាដែលមិនចាញ់គូប្រជែងនៅអាម៉េរិកឡើយ។
ភាពល្បីល្បាញនៃគម្រោងនេះកាន់តែលេចធ្លោនៅពេលដែលអាម៉េរិកបានដាក់ចេញវិធានការរឹតបន្តឹងជាបន្តបន្ទាប់លើការនាំចេញបន្ទះឈីបកម្រិតខ្ពស់ទៅកាន់ប្រទេសចិន។ គោលបំណងរបស់វ៉ាស៊ីនតោន គឺទប់ស្កាត់កុំឱ្យទីក្រុងប៉េកាំងអាចទទួលបានបច្ចេកវិទ្យាដែលអាចជួយឱ្យខ្លួនឈានមុខក្នុងវិស័យ AI និងវិស័យយោធា។ ប៉ុន្តែជំនួសឱ្យការដកថយ ចិនបានជ្រើសរើសផ្លូវផ្ទុយ គឺបង្កើនការវិនិយោគក្នុងស្រុក ដើម្បីបង្កើតខ្សែសង្វាក់បច្ចេកវិទ្យាដែលអាចពឹងផ្អែកលើខ្លួនឯងបាន។
តួអង្គសំខាន់ក្នុងបេសកកម្មនេះ គឺក្រុមហ៊ុនទូរគមនាគមន៍រដ្ឋយក្សៗដូចជា China Mobile និង China Telecom ដែលនឹងទទួលបន្ទុកកសាង និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធស្នូល។ ចំណែកឯ Huawei Technologies និងក្រុមហ៊ុនបច្ចេកវិទ្យាកំពូលផ្សេងៗទៀត នឹងដើរតួនាទីក្នុងការផ្គត់ផ្គង់បន្ទះឈីប ប្រព័ន្ធកុំព្យូទ័រ និងកម្មវិធីដែលចាំបាច់សម្រាប់ដំណើរការ AI។
ទោះជាយ៉ាងណា អ្នកវិភាគមួយចំនួនបានព្រមានថា ការប្រណាំង AI មិនអាចវាស់វែងតាមទំហំទុនវិនិយោគតែមួយមុខបានទេ។ បើទោះបីជាចិនគ្រោងចំណាយជិត ៣០០ពាន់លានដុល្លារក៏ដោយ ក្រុមហ៊ុនអាម៉េរិកធំៗដូចជា Meta Platforms, Microsoft, Google និង Amazon ក៏កំពុងចំណាយថវិការាប់រយពាន់លានដុល្លារដូចគ្នា ដើម្បីពង្រីកមជ្ឈមណ្ឌលទិន្នន័យ និងអភិវឌ្ឍ AI របស់ខ្លួន៕
ដោយ៖ សរ សុជាតិ