លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា ថ្វីត្បិតតែដំណាំស្វាយចន្ទីជាប្រភេទដំណាំដែលមិនត្រូវការទឹកច្រើនដូចដំណាំដទៃទៀតក៏ដោយ ប៉ុន្តែរលកកម្តៅដ៏ខ្លាំងក្លា នៃបាតុភូតអែលនីញ៉ូ ដែលនឹងចូលមកដល់នៅចុងឆ្នាំនេះ និងដើមឆ្នាំក្រោយនឹងអាចគំរាមកំហែងដល់ការលូតលាស់ និងទិន្នផលស្វាយចន្ទី។ បើតាមប្រធានសមាគមរូបនេះ ដើម្បីត្រៀមខ្លួនទប់ទល់នឹងបាតុភូតអាកាសធាតុដ៏គ្រោះថ្នាក់នេះ សមាគមបានរៀបចំវគ្គបណ្តុះបណ្តាលណែនាំដល់ប្រជាកសិករក្នុងការត្រៀមលក្ខណៈសម្របខ្លួននឹងបញ្ហាអាកាសធាតុនេះ ដើម្បីការពារដំណាំពីការខូចខាត និងការផ្ទុះឡើងនៃជំងឺរាតត្បាតនានា។ ជាមួយគ្នានេះ លោកអំពាវនាវដល់ប្រជាកសិករគួរតែប្រើប្រាស់ជីថ្នាំតាមបច្ចេកទេសឱ្យបានត្រឹមត្រូវចៀសវាងការប្រើតាមចិត្តនឹកឃើញ ឬតាមគ្នា និងគួរប្រញាប់ពិគ្រោះយោបល់ជាមួយមន្ត្រីកសិកម្មឃុំ ឬអ្នកជំនាញក្នុងតំបន់ ដើម្បីរកដំណោះស្រាយឱ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះ លោក កាន់ ស៊ីណុច ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមលើកកម្ពស់ម្រេចកំពត បានគូសបញ្ជាក់ថា ម្រេចគឺជាដំណាំដែលងាយរងផលប៉ះពាល់ខ្លាំងពីគ្រោះរាំងស្ងួត ពោលគឺវាត្រូវការទឹកស្រោចស្រពជាប់ជាប្រចាំ ហើយប្រសិនបើប្រឈមនឹងកម្ដៅខ្លាំងនឹងធ្វើឱ្យជ្រុះផ្កា និងក្ដឹប ឬឈានដល់ងាប់ដើមតែម្តង។ ដូច្នេះនៅចំពោះមុខវិបត្តិអាកាសធាតុក្តៅហួតហែង នៃបាតុភូតអែលនីញ៉ូ ខាងមុខនេះ សមាគមម្រេចកំពតបានណែនាំឱ្យកសិករត្រៀមខ្លួនទុកជាមុខ និងបានត្រៀមអណ្តូងទឹក និងប្រព័ន្ធសូឡាបូមទឹក និងស្បៃការពារកម្តៅ ដើម្បីទប់ស្កាត់ការខូចខាតពីបញ្ហាអាកាសធាតុដ៏ក្តៅនេះ។ ប្រធានសមាគមរូបនេះបានវាយតម្លៃថា ទិន្នផលម្រេចកំពតនៅឆ្នាំក្រោយអាចប្រឈមនឹងការធ្លាក់ចុះ ដោយសារការគំរាមកំហែងនេះ។
ជាមួយគ្នានេះ លោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម បានគូសបញ្ជាក់ថា ការបង្កបង្កើនផលស្រូវ និងដំណាំយុទ្ធសាស្រ្តសំខាន់ៗរបស់កម្ពុជាកំពុងប្រឈមមុខយ៉ាងខ្លាំងពីឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ។ នៅចំពោះមុខវិបត្តិនេះ លោក ស្នើឱ្យកសិករត្រៀមលក្ខណៈទុកជាមុនឱ្យបានរួចរាល់ក្នុងការទប់ស្កាត់ផលប៉ះពាល់ តាមរយៈការត្រៀមគ្រាប់ពូជ និងប្រភពទឹកសម្រាប់ស្រោចស្រព។ សម្រាប់អ្នកជំនាញរូបនេះ ការអនុវត្តគោលនយោបាយធានាប្រព័ន្ធស្រោចស្រពឱ្យបានពេញលេញ គឺជាវិធានគន្លឹះដ៏សំខាន់ក្នុងការកាត់បន្ថយការពឹងផ្អែកលើទឹកភ្លៀងតាមរដូវកាល ដែលជាកត្តាជួយទ្រទ្រង់ដល់ការដាំដុះឡើងវិញ និងធានានិរន្តរភាព នៃវិស័យកសិកម្មកម្ពុជា។
បើយោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម រដូវវស្សា ឆ្នាំ២០២៦ នឹងត្រូវបញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលា នេះ ហើយបាតុភូតអែលនីញ៉ូ នឹងស្ថិតនៅក្នុងកម្រិត១០០% រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ និងធ្វើឱ្យខ្យល់មូសុងឦសាននាំមកនូវបរិមាណទឹកភ្លៀងក្នុងកម្រិតខ្សោយជាមួយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងបាតុភូតអាកាសធាតុមួយចំនួនទៀត ដែលអាចកើតមានឡើងនៅក្នុងតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា។ តាមរយៈការវិវត្តនេះ ក្រសួងធនធានទឹកបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃ និងចូលរួមថែរក្សាប្រភពទឹកទុកសម្រាប់រដូវប្រាំងនាពេលខាងមុខដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់៕