ក្រុមអ្នកជំនាញ និងអ្នកតាមដានព្រឹត្តិការណ៍សង្គម បានព្រមានថា និន្នាការដ៏គ្រោះថ្នាក់នេះកំពុងឈានដល់កម្រិតប្រកាសអាសន្ន ដែលមិនត្រឹមតែបំផ្លាញសុខភាព និងសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញធនធានមនុស្សរបស់ជាតិទៀតផង។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញស្នើឱ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតលើចន្លោះប្រហោងមន្ត្រីអនុវត្តច្បាប់ និងបង្ក្រាបការជួញដូរតាមអនឡាញឱ្យបានតឹងរ៉ឹងបំផុត។
លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គម បានកត់សម្គាល់ថា ការកើនឡើងនៃការប្រើប្រាស់បារីអេឡិចត្រូនិកក្នុងស្រទាប់យុវវ័យកំពុងឈានទៅរកកម្រិតអាសន្នធ្ងន់ធ្ងរ។ បារីអេឡិចត្រូនិក មិនត្រឹមតែមានផ្ទុកសារធាតុនីកូទីនកម្រិតខ្ពស់ ដែលអាចបំផ្លាញខួរក្បាលប៉ុណ្ណោះទេ ប៉ុន្តែឧបករណ៍ខ្លះថែមទាំងត្រូបានវគេលួចលាក់បង្កប់សារធាតុញៀន ដែលជាហានិភ័យដ៏សាហាវបំផុត។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ការចំណាយថវិកាលើការទិញ Vape និងការចំណាយលើការព្យាបាលជំងឺ កំពុងដុតបំផ្លាញសេដ្ឋកិច្ចគ្រួសារ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសង្គមជាតិទាំងមូល។ លោកបណ្ឌិត បានបន្ថែមថា ទោះបីជារដ្ឋាភិបាលបានដាក់បទបញ្ជាហាមឃាត់ការនាំចូលក៏ដោយ ប៉ុន្តែវត្តមាន Vape នៅតែបន្តហូរចូលទីផ្សារកម្ពុជា និងចែកចាយលើបណ្តាញសង្គមយ៉ាងអនាធិបតេយ្យ ដែលទាមទារឱ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតស៊ីជម្រៅលើមន្ត្រីទទួលបន្ទុក និងប្រព័ន្ធស្រាវជ្រាវអនឡាញ ដើម្បីស្វែងរកចន្លោះប្រហោងទាំងនោះ។
ទន្ទឹមនឹងនេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានលើកឡើងថា ការបណ្តែតបណ្តោយឱ្យកុមារ និងយុវជនងប់ងល់នឹងបារីអេឡិចត្រូនិក គឺជាការសាបព្រោះវិបត្តិធនធានមនុស្សនាពេលអនាគត។ លោកបានចង្អុលបង្ហាញថា ការដែលទំនិញហាមឃាត់មួយនេះនៅតែអាចចរាចរលក់នៅលើទីផ្សារបាន គឺបានឆ្លុះបញ្ចាំងពីភាពធូររលុង នៃការអនុវត្តច្បាប់ និងអំពើពុករលួយរបស់មន្ត្រីថ្នាក់ក្រោមមួយចំនួន។ ដើម្បីលុបបំបាត់បញ្ហានេះឱ្យមានប្រសិទ្ធភាពលោក សេក សុជាតិ បានស្នើឱ្យរដ្ឋាភិបាលចាត់វិធានការក្តៅ តាមរយៈការស៊ើបអង្កេតរកមុខមន្ត្រី ដែលខ្វះការទទួលខុសត្រូវ ឬអន្តរាគមន៍ឱ្យមានការនាំចូល រួចដាក់ទោសទណ្ឌឱ្យធ្ងន់ធ្ងរបំផុតដោយគ្មានការលើកលែង។
គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ក្នុងការហាមឃាត់ដាច់ខាតនូវការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់។ បទបញ្ជានេះ ត្រូវបានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលសង្កេតឃើញថា ឧបករណ៍ប្រល័យសុខភាពទាំងនេះ កំពុងរីករាលដាលយ៉ាងឆាប់រហ័សក្នុងចំណោមកុមារ និងយុវជន ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សង្គម៕
អត្ថបទ៖ ជា ម៉ារ៉ា