វិស័យអាជីវកម្ម

ថៃនឹងហាមឃាត់ការនាំចេញសារធាតុគីមីសម្រាប់រុករករ៉ែកម្រទៅមីយ៉ាន់ម៉ា ក្រោយរងការរិះគន់ពីពលរដ្ឋ


រដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) ដែលកំពុងរងសម្ពាធខ្លាំងពីពលរដ្ឋលើបញ្ហាបំពុលទឹកទន្លេ បានប្រកាសត្រៀមចេញបម្រាមហាមឃាត់ការនាំចេញសារធាតុគីមីរុករករ៉ែកម្រទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ យោងតាមសារព័ត៌មាន CNA ចំណាត់ការដ៏តឹងរ៉ឹងនេះធ្វើឡើងចំពេលដែលពលរដ្ឋថៃកំពុងផ្ទុះកំហឹងកាន់តែខ្លាំង ជុំវិញការបំពុលប្រភពទឹកទន្លេនៅភាគខាងជើងប្រទេស។
ថៃនឹងហាមឃាត់ការនាំចេញសារធាតុគីមីសម្រាប់រុករករ៉ែកម្រទៅមីយ៉ាន់ម៉ា ក្រោយរងការរិះគន់ពីពលរដ្ឋ
ដោយ

នាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល បានអះអាងថា ថៃនឹងហាមឃាត់ការនាំចេញសារធាតុគីមី ដែលប្រើក្នុងអាជីវកម្មរុករករ៉ែនៅថ្ងៃទី៣០ ខែវិច្ឆិកា នេះ ដោយផ្តោតសំខាន់លើសមាសធាតុគីមីសម្រាប់រុករករ៉ែកម្រនៅមីយ៉ាន់ម៉ា។ ការសម្រេចបែបនេះកើតឡើងស្របពេលដែលក្តីបារម្ភអំពីការបំពុលទឹកទន្លេឆ្លងដែនពីសំណាក់ពលរដ្ឋថៃកំពុងកើនឡើងកាន់តែខ្លាំង។ បើតាមការអះអាងរបស់លោក អានុទីន បទបញ្ជានេះនឹងត្រូវចេញដោយក្រសួងការពារជាតិថៃ ខណៈអាជ្ញាធរក៏កំពុងស្វែងរកប្រភពទឹកជំនួសផ្សេងទៀត ដើម្បីដោះស្រាយក្តីកង្វល់របស់ពលរដ្ឋដែលរងផលប៉ះពាល់ពីបញ្ហាបំពុលទឹកទន្លេនេះ។

គួររំលឹកថា កាលពីសប្តាហ៍មុន ទីក្រុងបាងកកបានបង្ហើបរួចហើយពីផែនការបិទខ្ទប់ការនាំចេញសារធាតុគីមីរុករករ៉ែកម្រទៅកាន់មីយ៉ាន់ម៉ា និងប្រទេសពាក់ព័ន្ធផ្សេងទៀត។ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា កន្លងទៅ ឧបនាយករដ្ឋមន្ត្រីថៃលោក យ៉ូតឆាណាន់ វង្សសាវ៉ាត (Yodchanan Wongsawat) បានលើកឡើងថា សកម្មភាពរុករករ៉ែនៅក្នុងរដ្ឋសាន នៃប្រទេសមីយ៉ាន់ម៉ា គឺជាប្រភពចម្បងដែលបង្កការបំពុលដល់ទន្លេនានាដែលហូរចូលភាគខាងជើងប្រទេសថៃ។ យ៉ាងណាមិញខាងភាគីមីយ៉ាន់ម៉ា បានស្នើសុំឱ្យមានភស្តុតាងបញ្ជាក់បន្ថែមជុំវិញការចោទប្រកាន់នេះ។

ដើម្បីស្រាយបំភ្លឺការពិត ប្រទេសទាំងពីរបានព្រមព្រៀងគ្នាបង្កើតស្ថានីយចំនួន១២កន្លែង ដើម្បីចុះយកសំណាកទឹករួមគ្នាទៅពិនិត្យ ដែលគ្រោងនឹងចាប់ផ្តើមនៅចន្លោះខែធ្នូ និងខែមករា ខាងមុខ។ ជាក់ស្តែង លទ្ធផលធ្វើតេស្តកាលពីខែសីហា បានរកឃើញកម្រិតសារធាតុពុលអាសេនិចខ្ពស់លើសស្តង់ដារនៅតាមទីតាំងជាច្រើនតាមបណ្តោយទន្លេកុក ទន្លេសៃ និងទន្លេរួអាក់ ដែលសុទ្ធសឹងជាដៃទន្លេមេគង្គដោយផ្ទាល់ និងប្រយោល៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


វៀតណាមរកចំណូលបានជិត១០ពាន់លានដុល្លារពីការនាំចេញបន្លែ និងផ្លែឈើនៅ១១ខែឆ្នាំនេះ

ការនាំចេញបន្លែ និងផ្លែឈើរបស់វៀតណាមបានបង្កើតកំណត់ត្រាថ្មីឈានដល់ជិត១០ពាន់លានដុល្លារក្នុងរយៈពេល១១ ខែឆ្នាំ២០២៦ នេះ។ សម្ទុះដ៏ខ្លាំងក្លានេះបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ