វៀតណាមកំពុងបង្កើនល្បឿនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដើម្បីជំរុញលំហូរទំនិញ និងពង្រីកការវិនិយោគលើវិស័យសំខាន់ៗដូចជាផលិតកម្ម ទូរគមនាគមន៍ និងថាមពលឆ្លងដែន។ របាយការណ៍បានបង្ហាញថា ទំហំពាណិជ្ជកម្ម និងការវិនិយោគដ៏សម្បើមជាមួយបណ្តាប្រទេសទាំងនេះបានឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់វៀតណាមនៅក្នុងតំបន់។ ជាក់ស្តែងទំហំពាណិជ្ជកម្មសរុបរបស់វៀតណាមជាមួយកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ក៏ដូចជាទីផ្សារពិភពលោកបានកើនឡើងដល់ជាង១ទ្រីលានដុល្លារក្នុងឆ្នាំ២០២៥ ដែលស្មើនឹងជិត២៤% នៃទំហំពាណិជ្ជកម្មសរុបរបស់អាស៊ាន។ ទន្ទឹមនឹងនេះលំហូរវិនិយោគផ្ទាល់ពីបរទេសចូលទៅកាន់ប្រទេសទាំង៤មានប្រមាណ៣០ពាន់លានដុល្លារកើនឡើងជាង១១% បើធៀបនឹងឆ្នាំ២០២៤។
បើក្រឡេកមើលទីផ្សារកម្ពុជាវិញ ទំហំពាណិជ្ជកម្មទ្វេភាគីវៀតណាម-កម្ពុជាសម្រេចបានជាង១១ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ហើយត្រឹមរយៈពេល៨ខែឆ្នាំ២០២៦ សម្រេចបានប្រមាណជិត៩ពាន់លានដុល្លារ។ ក្រៅពីពាណិជ្ជកម្ម វៀតណាមបានបោះទុនប្រមាណជាង៣ពាន់លានដុល្លារលើគម្រោងចំនួន ២២៣នៅកម្ពុជា ដោយផ្តោតលើវិស័យកសិកម្ម ទូរគមនាគមន៍ ហិរញ្ញវត្ថុ និងធនាគារ អាកាសចរណ៍ កែច្នៃចំណីអាហារ ពាណិជ្ជកម្ម និងសេវាកម្ម។
ជាមួយគ្នានេះ ទំហំពាណិជ្ជកម្មរវាងវៀតណាម និងឡាវបានឡើងដល់ជិត៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ខណៈ ទុនវិនិយោគរបស់វៀតណាមនៅឡាវមានទំហំជិត៨ពាន់លានដុល្លារលើគម្រោងសរុបចំនួន៤៣៥គម្រោង។
ដោយឡែកទំហំពាណិជ្ជកម្មរវាងវៀតណាមជាមួយមីយ៉ាន់ម៉ាបានធ្លាក់ចុះពី៨៥៣លានដុល្លារមកនៅត្រឹម ៥៩០លានដុល្លារក្នុងឆ្នាំ២០២៥។ ទោះយ៉ាងណា វៀតណាមនៅតែរក្សាគម្រោងវិនិយោគ ដែលមានសុពលភាពចំនួន១០៧គម្រោងនៅទីនោះ ដោយមានទុនចុះបញ្ជីសរុប១,៤ពាន់លានដុល្លារ៕
ដោយៈ សរ សុជាតិ