វិស័យបច្ចេកវិទ្យា

រនាំងរឹតត្បិតបន្ទះឈីបរបស់អាម៉េរិក អាចទាញទម្លាក់ការវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យនៅអាស៊ី


ទីភ្នាក់ងារវាយតម្លៃឥណទាន Fitch Ratings បានព្រមានកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ថា សម្ទុះនៃការវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងថមថយល្បឿន ហើយការសម្រេចចិត្តវិនិយោគនឹងកាន់តែរឹតត្បិតខ្លាំងជាងមុន។ និន្នាការនេះកើតឡើងក៏ដោយសាររនាំងរឹតត្បិតការនាំចេញបន្ទះឈីបរបស់សហរដ្ឋអាម៉េរិក កំពុងរឹតបន្តឹងដង្ហើមប្រតិបត្តិករណា ដែលពឹងផ្អែកលើអតិថិជនចិន និងបន្ទះឈីបទំនើបកម្រិតខ្ពស់របស់អាម៉េរិក។
វិស័យបច្ចេកវិទ្យា
ដោយ

ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានរាយការណ៍កាលពីថ្ងៃទី២៦ ខែវិច្ឆិកាថា ទីភ្នាក់ងារឥណទាន Fitch Ratings បានព្រមានពីការថមថយការវិនិយោគលើមជ្ឈមណ្ឌលនិន្នន័យនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការព្រមាននេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីស្ថាប័នវាយតម្លៃឥណទាន S&P របស់អាម៉េរិក បានដាក់ក្រុមហ៊ុនយក្ស Nvidia ចូលក្នុងបញ្ជីតាមដាន ដើម្បីទម្លាក់ចំណាត់ថ្នាក់ ដោយសារក្តីបារម្ភជុំវិញបញ្ហាអភិបាលកិច្ច។ ទន្ទឹមនឹងនេះ ស្ថាប័នហិរញ្ញវត្ថុ Moody's ក៏បានកត់សម្គាល់ដែរថា ការវិលត្រឡប់មកកាន់តំណែងវិញរបស់នាយកប្រតិបត្តិលោក ជេនសេន ហួង (Jensen Huang) អាចជួយបន្ថយភាពមិនច្បាស់លាស់ក្នុងរយៈពេលខ្លីមែន ប៉ុន្តែហានិភ័យផ្នែកអភិបាលកិច្ច និងបទប្បញ្ញត្តិនានានៅតែបន្តតាមលងបន្លាចដដែល។

គួររំលឹកថា បទប្បញ្ញត្តិថ្មីរបស់អាម៉េរិក ដែលចូលជាធរមានកាលពីថ្ងៃទី១៩ ខែវិច្ឆិកា តម្រូវឱ្យមានអាជ្ញាបណ្ណជាចាំបាច់សម្រាប់ការនាំចេញបន្ទះឈីបស្ថិតក្រោមការត្រួតពិនិត្យទៅកាន់ប្រទេសម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី និងថៃ រួមទាំងមជ្ឈមណ្ឌលទិន្នន័យក្រៅប្រទេស ដែលផ្គត់ផ្គង់ថាមពលគណនាកម្រិតខ្ពស់ដល់ក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសចិន។

Fitch Ratings បានគូសបញ្ជាក់ថា វិធានការរឹតបន្តឹងនេះនឹងកែប្រែមុខមាត់ភាពរីកចម្រើនផ្នែកបញ្ញាសិប្បនិម្មិតនៅអាស៊ី ដោយលំហូរមូលធននឹងត្រូវបង្វែរទិសដៅទៅរកគម្រោងណា ដែលមានប្រភពផ្គត់ផ្គង់បន្ទះឈីបច្បាស់លាស់ និងមានមូលដ្ឋានអតិថិជនចម្រុះ។ លើសពីនេះ វានឹងពង្រីកគម្លាតកាន់តែធំ រវាងម្ចាស់ទីតាំងមជ្ឈមណ្ឌលទិន្នន័យផ្ទាល់ ជាមួយនឹងអ្នកផ្តល់សេវាគណនា ដែលពឹងផ្អែកខ្លាំងលើប្រាក់កម្ចី។

ជុំវិញការរឹតត្បិតនេះ លោក ហ្គេន គីម យ៉ុង (Gan Kim Yong) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានថ្លែងក្នុងកិច្ចប្រជុំកំពូលអនាគតអាស៊ីថា ក្រុមហ៊ុន Nvidia បានផ្អាកការដឹកជញ្ជូនបន្ទះឈីបទំនើបមកកាន់អាស៊ីអាគ្នេយ៍ រួមទាំងសិង្ហបុរី ផងដែរ។ តែយ៉ាងណាមកទល់ពេលនេះ រដ្ឋាភិបាលសិង្ហបុរី មិនទាន់ទទួលបានការបញ្ជាក់ជាផ្លូវការនៅឡើយទេ ហើយកំពុងទាក់ទងទៅកាន់វិស័យឯកជន ដើម្បីវាយតម្លៃពីផលប៉ះពាល់ជាក់ស្តែង។ លោកបានសង្កត់ធ្ងន់ថា ក្រុមហ៊ុននានា នៅសិង្ហបុរីកំពុងស្វះស្វែងរកដៃគូផ្សេងៗ ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់បន្ទះឈីប ហើយសិង្ហបុរីនឹងបន្តបោះជំហានទៅមុខលើបេសកកម្ម និងមហិច្ឆតាផ្នែក AI របស់ខ្លួន ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក ដើម្បីដោះស្រាយរាល់ក្តីកង្វល់ទាំងឡាយ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


អ្នកជំនាញបន្តស្នើឱ្យអាជ្ញាធរទប់ស្កាត់ការលួចនាំចូលកូនមាន់ និងសាច់ខុសច្បាប់តាមព្រំដែន ដើម្បីការពារអ្នកចិញ្ចឹមក្នុងស្រុក

ទោះបីតម្លៃមាន់រស់នៅលើទីផ្សារបានហក់ឡើងវិញបន្តិចក៏ដោយ ប៉ុន្តែអ្នកជំនាញនៅតែបង្ហាញក្តីបារម្ភចំពោះការបន្តលួចនាំចូលកូនមាន់ និងផលិតផលសត្វខុសច្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ