ហាងទំនិញ 7-Eleven

តើការដកខ្លួនរបស់ 7-Eleven អាចផ្តល់ផលវិជ្ជមាន និងអវិជ្ជមានយ៉ាងណាសម្រាប់សេដ្ឋកិច្ចកម្ពុជា?


ការសម្រេចចិត្តបញ្ចប់ប្រតិបត្តិការហាងទំនិញ 7-Eleven នៅកម្ពុជា របស់ក្រុមហ៊ុនថៃ CP All ស្របពេលដែលចលនាពហិការមិនប្រើប្រាស់ផលិតផលថៃ កំពុងពុះកញ្ជ្រោល​បាន​បង្កើតទាំងឱកាស និងហានិភ័យ​ស​ម្រាប់សេដ្ឋកិច្ចកម្ពុជា។ ក្រុមអ្នកជំនាញមើលឃើញថា ការបិទប្រតិបត្តិការនេះ គឺជាការបើកទ្វារឱ្យអាជីវកម្មក្នុងស្រុកពង្រីកសក្តានុពល និងចំណែកទីផ្សារ ប៉ុន្តែវាក៏អាចបង្កផលប៉ះពាល់ដល់ការងាររបស់ពលរដ្ឋខ្មែរផងដែរ ប្រសិនបើគ្មានអ្នកវិនិយោគថ្មីចូលមកបំពេញចន្លោះទីផ្សារឱ្យបានទាន់ពេលវេលា ជាពិសេសក្នុងវិស័យលក់រាយ និងស្ថានីយប្រេងឥន្ធនៈ។
តើការដកខ្លួនរបស់ 7-Eleven អាចផ្តល់ផលវិជ្ជមាន និងអវិជ្ជមានយ៉ាងណាសម្រាប់សេដ្ឋកិច្ចកម្ពុជា?
ដោយ

លោកបណ្ឌិត ឈឹម ផាន់ណា អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច-ទេសចរណ៍នៅរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការសម្រេចបិទហាងលក់ទំនិញ 7-Eleven ទាំងអស់នៅកម្ពុជារបស់ក្រុមហ៊ុន CP All វាបានបង្ហាញពីឥទ្ធិពល នៃស្មារតីជាតិនិយមរបស់ពលរដ្ឋខ្មែរ ដែលនាំគ្នាធ្វើពហិការទំនិញ និងផលិតផលដែលមានប្រភពមកពីប្រទេសថៃ។ សម្រាប់អ្នកជំនាញរូបនេះ ការដកខ្លួនរបស់ហាងលក់ទំនិញ 7-Eleven អាចបង្កើតឱកាសដល់អ្នកផលិត និងអាជីវកម្មក្នុងស្រុក ដែលមានសមត្ថភាពអាចចូលមកបំពេញចន្លោះទីផ្សារ និងពង្រីកសមត្ថភាពផលិតកម្មរបស់ខ្លួន ដែលជាផ្នែកមួយជួយបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ ព្រមទាំងជំរុញការកសាងវិស័យផលិតកម្ម និងទីផ្សារលក់រាយក្នុងស្រុកឱ្យកាន់តែរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ជាងមុន។

ដោយឡែកលោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ និងជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិយល់ឃើញថា ការសម្រេចបិទប្រតិបត្តិការហាងលក់ទំនិញ 7-Eleven ទាំងអស់នៅកម្ពុជារបស់ក្រុមហ៊ុនថៃ CP All បានផ្តល់ទាំងផលវិជ្ជមាន និងអវិជ្ជមាន។ ទោះបីការបិទនេះវាបានផ្តល់ឱកាសឱ្យអ្នកផលិត និងអាជីវកម្មក្នុងស្រុកមានលទ្ធភាពបង្កើនសមត្ថភាពប្រកួតប្រជែងនិងពង្រីកចំណែកទីផ្សារក៏ដោយ តែវាក៏អាចធ្វើឱ្យប៉ះពាល់ដល់ទីផ្សារការងារផងដែរ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថាប្រសិនបើគ្មានក្រុមហ៊ុនផ្សេងចូលមកបំពេញចន្លោះទីផ្សារដែលបន្សល់ទុកពីការដកខ្លួនរបស់ក្រុមហ៊ុន CP All នោះវានឹងធ្វើឱ្យប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច និងឱកាសការងាររបស់ប្រជាពលរដ្ឋក្នុងស្រុក ជាពិសេសក្នុងវិស័យស្ថានីយប្រេងឥន្ធនៈ និងហាងលក់ទំនិញរាយតែម្ដង។

ជាមួយគ្នានេះលោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានព្រឹត្តិការណ៍សង្គមកត់សម្គាល់ឃើញថា ក្រោយពលរដ្ឋខ្មែរនាំគ្នាធ្វើពហិការមិនប្រើប្រាស់ទំនិញថៃ បានធ្វើឱ្យក្រុមហ៊ុនច្រកក្រោមស្លាកសញ្ញារបស់ថៃមួយចំនួនកំពុងប្រឈមនឹងការបាត់បង់ចំណែកទីផ្សារ និងបានបង្ហាញសញ្ញាពីការដកខ្លួនចេញពីកម្ពុជា ដោយរាប់ចាប់តាំងពីស្ថានីយប្រេងឥន្ធនៈ និងកាហ្វេ រហូតដល់វិស័យលក់រាយ និងផ្សារទំនើប។ ទោះជាយ៉ាងណាលោកបណ្ឌិត ឈត ប៊ុនថង បានគូសបញ្ជាក់ថា ការថយចុះ ឬការដកខ្លួនរបស់ក្រុមហ៊ុនទាំងនេះ ក៏អាចបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលពឹងផ្អែកលើប្រាក់ចំណូលពីការងារនៅក្នុងក្រុមហ៊ុនទាំងនោះ ដែលទាមទារឱ្យចាត់វិធានការដោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ។

យោងតាមការចុះផ្សាយរបស់កាសែត Khaosod English ក្រុមហ៊ុន CP ALL បានប្រកាសបញ្ឈប់ប្រតិបត្តិការហាងលក់ទំនិញ 7-Eleven ទាំងអស់នៅកម្ពុជាចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា តទៅ ក្រោយប្រតិបត្តិការលក់របស់ខ្លួនបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារការធ្វើពហិការការមិនប្រើប្រាស់ផលិតផលថៃពីសំណាក់ពលរដ្ឋកម្ពុជា បន្ទាប់ពីមានជម្លោះព្រំដែនកម្ពុជា-ថៃ។ នៅចុងឆមាសទី១ឆ្នាំ២០២៥ ហាងលក់ទំនិញ 7-Eleven នៅកម្ពុជាមានចំនួន១១២សាខា ក្រោយមកធ្លាក់ចុះមកនៅត្រឹម៦៣នៅចុងត្រីមាសទី១ឆ្នាំនេះ និងសល់ត្រឹម២៣គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


លោក ត្រាំ គ្រោងស្នើដាក់ពន្ធគយថ្មីលើទំនិញនាំចូលពីកម្ពុជា ១៨% តើវាអាចធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងរបស់កម្ពុជា ទេ?

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ គ្រោងស្នើដាក់ពន្ធគយជុំថ្មីលើដៃគូពាណិជ្ជកម្មចំនួន១៤ប្រទេសរួមទាំងកម្ពុជា បើទោះបីជាគណបក្សសាធារណរដ្ឋរប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ