យោងតាមទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UN Trade and Development) កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រទេសឡាវបានចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍន៍តិចតួចជាផ្លូវការ បន្ទាប់ពីត្រូវបានដាក់បញ្ចូលតាំងពីអង្គការសហប្រជាជាតិបង្កើតបញ្ជីនេះឡើងក្នុងឆ្នាំ១៩៧១។ កាលពីឆ្នាំ២០២១ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តឱ្យឡាវចាកចេញពីបញ្ជីនេះ ដោយទុករយៈពេលអន្តរកាល៥ឆ្នាំ ដើម្បីឱ្យរដ្ឋាភិបាលក្រុងវៀងចន្ទន៍ ត្រៀមខ្លួនសម្របទៅនឹងការផ្លាស់ប្តូរ នៃប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងជំនួយអភិវឌ្ឍន៍នានា។
នៅក្នុងការវាយតម្លៃរបស់ UN កាលពីឆ្នាំ២០២៤ ប្រទេសឡាវបានបំពេញគ្រប់លក្ខខណ្ឌស្នូលទាំង៣ ចំណុច ដើម្បីឈានទៅដល់ការចាកចេញនេះ ក្នុងនោះឡាវសម្រេចបានប្រាក់ចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់ជាមធ្យម២,៥០៣ដុល្លារចន្លោះឆ្នាំ២០២០-២០២២ ដែលខ្ពស់ជាងកម្រិតអប្បបរមា ដែលកំណត់ត្រឹម១,៣០៦ដុល្លារ។ ជាមួយគ្នានេះសន្ទស្សន៍ធនធានមនុស្សរបស់ឡាវទទួលបាន៧៤,៨ពិន្ទុ ដែលវាស់វែងលើវិស័យសុខាភិបាល និងអប់រំ ខ្ពស់ជាងកម្រិតអប្បបរមាដែលមាន៦៦ពិន្ទុ និងសន្ទស្សន៍ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងបរិស្ថានឡាវទទួលបាន២៩,៨ពិន្ទុ ទាបជាងកម្រិតកំណត់អតិបរមាដែលមាន៣២ពិន្ទុ ដោយពិន្ទុកាន់តែទាបបង្ហាញថាប្រទេសមានភាពធន់ និងងាយរងគ្រោះកាន់តែតិច។
ដោយឡែកសម្រាប់ប្រទេសកម្ពុជា ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីនេះតាំងពីឆ្នាំ១៩៩១ ក៏កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការចាកចេញនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩ ខាងមុខនេះដែរ។ កម្ពុជាបានឆ្លងផុតការវាយតម្លៃ និងបំពេញគ្រប់លក្ខខណ្ឌទាំង៣របស់ UN ចំនួន២លើកជាប់ៗគ្នារួចមកហើយ គឺនៅឆ្នាំ ២០២១ និងឆ្នាំ២០២៤។ តាមរយៈសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីចុងឆ្នាំ២០២៤ កម្ពុជាទទួលបានរយៈពេលអន្តរកាល៥ឆ្នាំដូចគ្នា ដើម្បីឱ្យរាជរដ្ឋាភិបាលរៀបចំយុទ្ធសាស្ត្រទប់ទល់ និងដោះស្រាយផលប៉ះពាល់ពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម និងជំនួយអភិវឌ្ឍន៍មួយចំនួន។
ប្រសិនបើអ្វីៗដំណើរការទៅតាមការគ្រោងទុកកម្ពុជានឹងក្លាយជាប្រទេសទី២នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឡាវ ដែលបានបញ្ចប់ឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនេះជាស្ថាពរ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស