កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ប្រធានក្រុមប្រឹក្សាប្រាក់ឈ្នួល នៃវិស័យកាត់ដេរ នៅបង់ក្លាដែស បានប្រកាសថា សមាជិកភាគច្រើននៃក្រុមប្រឹក្សានេះបានអនុម័តដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំខែពី១០០ដុល្លារដល់១៣៦ដុល្លារ ក្រោយកម្មករនាំគ្នាធ្វើបាតុកម្មតវ៉ាជាច្រើនសប្តាហ៍កន្លងមកនេះ។ ទោះជាយ៉ាងណា តួលេខថ្មីនេះនៅតែមានគម្លាតឆ្ងាយពីការទាមទាររបស់ក្រុមបាតុករ ដែលចង់បានរហូតដល់ប្រមាណ២៤០ដុល្លារក្នុងមួយខែ ហើយមកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើក្រុមកម្មករនឹងព្រមទទួលយកកញ្ចប់ប្រាក់ឈ្នួលថ្មីនេះ ឬយ៉ាងណានោះទេ។
លោក បាប៊ុល អាក់ទ័រ (Babul Akhter) តំណាងកម្មករក្នុងក្រុមប្រឹក្សាប្រាក់ឈ្នួលបានប្រាប់អ្នកសារព័ត៌មានថា ទោះបីជាកម្មករមិនពេញចិត្តទាំងស្រុងក៏ដោយ ប៉ុន្តែលទ្ធផលនេះ ក៏មិនអាក្រក់ពេកនោះដែរ និងបានអំពាវនាវឱ្យកម្មករទាំងអស់វិលត្រឡប់ចូលធ្វើការតាមរោងចក្រវិញ។ លោកបានគូសបញ្ជាក់ថា ជាធម្មតាការពិនិត្យដំឡើងប្រាក់ឈ្នួលត្រូវធ្វើឡើងរៀងរាល់៥ឆ្នាំម្តង ប៉ុន្តែលើកនេះកម្មករទទួលបានការដំឡើងត្រឹមរយៈពេល៣ឆ្នាំប៉ុណ្ណោះ ដោយប្រាក់ឈ្នួលថ្មីនេះនឹងចាប់ផ្តើមអនុវត្តនៅខែធ្នូ ហើយកម្មករនឹងបើកបានជាក់ស្តែងនៅខែមករា ឆ្នាំ២០២៧។
គួររំលឹកថា ការធ្វើបាតុកម្មជាច្រើនសប្តាហ៍កន្លងមកនេះបានជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចបង់ក្លាដែស ក្នុងនោះ សមាគមអ្នកផលិត និងនាំចេញសម្លៀកបំពាក់បង់ក្លាដែសបានបញ្ជាក់កាលពីថ្ងៃទី២២ ខែវិច្ឆិកា ថា បាតុកម្មនេះបានធ្វើឱ្យឧស្សាហកម្មនេះខាតបង់ប្រាក់ប្រមាណ៤២៨លានដុល្លារ ខណៈការបញ្ជាទិញដែលមានទំហំទឹកប្រាក់ប្រមាណ២៥៤លានដុល្លារ ត្រូវបានអ្នកបញ្ជាទិញបរទេសបង្វែរទៅកាន់ប្រទេសផលិតផ្សេងវិញ។
បច្ចុប្បន្នបង់ក្លាដែស គឺជាប្រទេសនាំចេញសម្លៀកបំពាក់ធំជាងគេទី២របស់ពិភពលោក បន្ទាប់ពីប្រទេសចិន។ ធនាគារកណ្តាលបង់ក្លាដែស បានចាត់ទុកវិស័យនេះថា ជាក្បាលម៉ាស៊ីននាំចេញដ៏សំខាន់ ដោយរកចំណូលបានប្រមាណ៣៨ពាន់លានដុល្លារក្នុងមួយឆ្នាំ ស្មើនឹង៨០% នៃការនាំចេញសរុបរបស់ប្រទេសនេះ និងបានផ្តល់ការងារដល់ពលរដ្ឋប្រមាណ៤លាននាក់ ដែលភាគច្រើនលើសលប់ គឺជាស្ត្រីមកពីតំបន់ជនបទ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស