សណ្តាប់ធ្នាប់ពិភពលោក

តើមហាអំណាចនៅអាស៊ីកំពុងកើបប្រមូលផលពីសណ្តាប់ធ្នាប់ពិភពលោកដែលបាក់បែកមែនឬ?


អស់រយៈពេលរាប់ទសវត្សរ៍មកហើយដែលសណ្តាប់ធ្នាប់អន្តរជាតិ ផ្អែកលើច្បាប់ត្រូវបានមើលឃើញថា ជាខែលការពារសន្តិភាព និងការរីកចម្រើន តែនៅពេលនេះខែលមួយនេះកំពុងប្រេះស្រាំយ៉ាងដំណំ។ ខណៈដែលអឺរ៉ុប កំពុងមើលឃើញការបាក់បែកនេះថា ជាមហន្តរាយ ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយបែរជាមើលឃើញផ្ទុយទៅវិញថា នេះគឺជាឱកាសមាសសម្រាប់បណ្តាមហាអំណាចនៅតំបន់អាស៊ី ក្នុងការក្រោកឈរឡើងក្តោបក្តាប់ជោគវាសនាពិភពលោក។ តើពិភពលោកកំពុងផ្លាស់ប្តូរទម្រង់ពីឯកប៉ូលមកជា ពហុប៉ូលដោយមានអាស៊ីជាស្នូលឬយ៉ាងណា?
សណ្តាប់ធ្នាប់ពិភពលោក
ដោយ

យោងតាមអត្ថបទវិភាគចុះផ្សាយដោយសារព័ត៌មានអាល្លឺម៉ង់ DW សណ្តាប់ធ្នាប់ពិភពលោកដែលដឹកនាំដោយសហរដ្ឋអាម៉េរិក ចាប់តាំងពីក្រោយសង្គ្រាមលោកលើកទីពីរបានឈានមកដល់ទីបញ្ចប់ហើយ​។ កត្តាជំរុញឱ្យមានការដួលរលំនេះ រួមមាន សង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នៅភាគខាងកើតអឺរ៉ុប, គោលនយោបាយមិនអើពើនឹងបទដ្ឋានអន្តរជាតិរបស់លោក ដូណាល់ ត្រាំ និងវិបត្តិមនុស្សធម៌ដ៏ទន់ជ្រាយនៅហ្គាហ្សា ដែលធ្វើឱ្យអឺរ៉ុបធ្លាក់ចូលក្នុងភាពរង្គោះរង្គើ។

នៅក្នុងសន្និសីទសន្តិសុខទីក្រុងមុយនិច កាលពីពេលថ្មីៗនេះ អធិការបតីអាល្លឺម៉ង់ លោក ហ្វ្រីឌ្រិច មើស (Friedrich Merz) បានទទួលស្គាល់ដោយស្មោះត្រង់ថា សណ្តាប់ធ្នាប់ចាស់ទោះមិនល្អឥតខ្ចោះ តែវាជាសម័យកាលដ៏ល្អបំផុតសម្រាប់អឺរ៉ុប ប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្តូរហើយ។ អឺរ៉ុប កំពុងខាតបង់ ចំណែកឯអាស៊ីកំពុងតែរៀបចំខ្លួនសរសេរច្បាប់ទម្លាប់ពិភពលោកថ្មី។

នៅក្នុងកិច្ចសន្ទនា Shangri-La នៅប្រទេសសិង្ហបុរី កាលពីពេលថ្មីៗ អតីតអ្នកការទូតជាន់ខ្ពស់សិង្ហបុរី លោក ប៊ីឡាហារី គូស៊ីកាន (Bilateral Kausikan) បានគូសបញ្ជាក់ថា ពិភពលោកខាងលិចកំពុងតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការងើបឡើងយ៉ាងលេចធ្លោរបស់អាស៊ី។ ជាមួយគ្នានេះ លោក ម៉ាក សាហ្ស័រ (Marc Saxer) ប្រធានមូលនិធិ Friedrich-Ebert ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា ខណៈដែលអឺរ៉ុបធ្លាប់រស់នៅសុខសាន្តក្រោមឆត្រការពាររបស់អាម៉េរិក អាស៊ីជាពិសេសចិន បានទម្លាប់បន្សាំខ្លួនក្នុងពិភពលោក ដែលគ្មានសណ្តាប់ធ្នាប់សេរីនេះយូរមកហើយ។

នៅពេលដែលសហរដ្ឋអាម៉េរិក ត្រូវបង្ខំចិត្តពង្រាយកម្លាំងយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីដោះស្រាយជម្លោះទាំងនៅអឺរ៉ុប មជ្ឈិមបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក វាបានបង្ហាញច្បាស់ថា សម័យកាលពិភពលោកឯកប៉ូលបានដល់ទីបញ្ចប់។ បច្ចុប្បន្នមិនមែនមានតែចិន នោះទេ សូម្បីតែឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង រួមទាំងខ្លាចាស់ និងខ្លាថ្មីនៅអាស៊ាន ដូចជា សិង្ហបុរី ឥណ្ឌូនេស៊ី និងវៀតណាម ក៏កំពុងបង្កើនទម្ងន់សេដ្ឋកិច្ច នយោបាយ បច្ចេកវិទ្យា និងយោធារបស់ខ្លួនយ៉ាងខ្លាំងក្លាផងដែរ។

ជាការសន្និដ្ឋានការចុះខ្សោយ នៃឥទ្ធិពលរបស់លោកខាងលិចមិនមែនជាការដួលរលំ នៃពិភពលោកទាំងមូលនោះទេ ប៉ុន្តែវាជាការផ្លាស់ប្តូរអំណាចកណ្តាល។ តំបន់អាស៊ី លែងជាតួអង្គរងដែលរង់ចាំស្តាប់បង្គាប់ទៀតហើយ ប៉ុន្តែកំពុងក្លាយជាអ្នកកំណត់ច្បាប់ និងរចនាសម្ព័ន្ធសង្គមសេដ្ឋកិច្ចថ្មី។ សំណួរដែលពិភពលោកកំពុងចោទសួរនោះ ថា តើនៅពេលដែលតំបន់អាស៊ីក្លាយជាអ្នកដឹកនាំសណ្តាប់ធ្នាប់ពិភពលោកថ្មី វាអាចមានសន្តិភាពជាងមុន ឬក៏ត្រូវប្រឈមមុខនឹងការប្រកួតប្រជែងដណ្តើមឥទ្ធិពលគ្នាកាន់តែខ្លាំងជាងមុន?

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រសួងមហាផ្ទៃ និងក្រុមហ៊ុនមិត្តហ្វូន (Metfone) បានសហការគ្នាដាក់ដំណើរការយុទ្ធនាការផ្សព្វផ្សាយ «នៅពីក្រោយការពិត» ដើម្បីពង្រឹងសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិតជូនសាធារណជន

ដើម្បីបង្កើនការយល់ដឹងជាសាធារណៈបន្ថែមទៀតអំពីសន្តិសុខព័ត៌មាន និងពង្រឹងការការពារខ្លួននៅក្នុងបរិបទឌីជីថល ទូរទស្សន៍ MOI TV ក្រោមឱវាទក្រសួងម…

វិនិយោគិនកំពុងបង្វែរការចាប់ពីបញ្ហាសង្គ្រាមទៅផ្តោតខ្លាំងលើបាតុភូត អែលនីណូ ខណៈវិស័យ៤ អាចរងផលប៉ះពាល់ខ្លាំង

បណ្ដាវិនិយោគិននៅលើទីផ្សារភាគហ៊ុនពិភពលោកកំពុងតែបង្វែររ៉ាដាយកចិត្តទុកដាក់ពីហានិភ័យភូមិសាស្ត្រនយោបាយ ឆ្ពោះទៅរកវិបត្តិប្រែប្រួលអាកាសធាតុវិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ