សិស្សប្រឡងបាក់ឌុប

អ្នកជំនាញក្រើនរំលឹកសិស្សប្រឡងបាក់ឌុបឆ្នាំនេះឱ្យប្រុងប្រយ័ត្នមុនជ្រើសរើសមុខជំនាញ និងស្ថាប័នសិក្សា ដើម្បីចៀសវាងខាតថវិកា និងពេលវេលា


ក្រោយបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សិស្សានុសិស្សត្រូវបានអ្នកជំនាញក្នុងវិស័យអប់រំ និងអ្នកតាមដានសង្គមក្រើនរំលឹកឱ្យត្រៀមខ្លួនឱ្យបានហ្មត់ចត់សម្រាប់ជំហានបន្ទាប់ ទាំងការជ្រើសរើសមុខជំនាញ ការរស់នៅដោយឯករាជ្យ និងការស្វែងរកព័ត៌មានអំពីទីផ្សារការងារ។ ជាមួយគ្នានេះក្រុមអ្នកជំនាញបានក្រើនរំលឹកឱ្យមានការប្រុងប្រយ័ត្ន កុំឆាប់ជឿលើការផ្សព្វផ្សាយរបស់គ្រឹះស្ថានអប់រំមួយចំនួន ដោយត្រូវពិនិត្យមើលឱ្យបានច្បាស់លាស់ ចៀសវាងដាក់ពាក្យចូលរៀនខុស ខាតបង់ទាំងថវិកា និងពេលវេលា។
សិស្សប្រឡងបាក់ឌុប
ដោយ

លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គម បានគូសបញ្ជាក់ថា បន្ទាប់ពីប្រឡងចប់សិស្សទាំងអស់ត្រូវត្រៀមលក្ខណៈឱ្យបានរួចស្រេចសម្រាប់មកបន្តការសិក្សានៅកម្រិតបន្ទាប់ ដោយត្រូវបង្កើនទំនួលខុសត្រូវជាងមុនជាមួយការរស់នៅឆ្ងាយពីផ្ទះ និងត្រូវរកសិស្សច្បងឱ្យជួយតម្រង់ទិស ជាពិសេសត្រូវគិតពីសុវត្ថិភាព។ បើតាមអ្នកជំនាញរូបនេះ សម្រាប់ការជ្រើសរើសមុខជំនាញ សិស្សទាំងអស់ត្រូវយកចិត្តទុកដាក់ផ្ដោតឱ្យបានខ្ពស់ ពីព្រោះបច្ចុប្បន្នឱកាសការងារមានច្រើនកើតចេញពីមុខជំនាញដូចជាផ្នែកបច្ចេកវិទ្យា វិស្វកម្ម ឌីជីថល និងប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ជាពិសេសត្រូវតាមដានព័ត៌មានពីក្រសួងការងារ ដើម្បីឱ្យកាន់តែច្បាស់ពីឱកាសការងារក្នុងស្រុកបន្ថែមទៀត។ តែយ៉ាងណា អ្នកជំនាញបានក្រើនរំលឹកដល់សិស្សគ្រប់រូប កុំឱ្យឆាប់ជឿលើការផ្សព្វផ្សាយរបស់គ្រឹះស្ថានអប់រំ ដោយត្រូវពិនិត្យមើលឱ្យបានច្បាស់លាស់ថា តើមានចុះបញ្ជីទទួលស្គាល់ផ្លូវការឬទេ ចៀសវាងដាក់ពាក្យចូលរៀនខុស ខាតបង់ទាំងថវិកា និងពេលវេលា។
ជាមួយគ្នានេះលោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ជាទូទៅស្ថាប័នសិក្សាតែងតែមានផ្ដល់អាហារូបករណ៍ដល់សិស្ស ដែលប្រឡងចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមសប្បុរសធម៌ ឬគោលការណ៍រៀងៗខ្លួន។ តែយ៉ាងណាសិស្ស ក៏ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះគ្រឹះស្ថានអប់រំដែលមានផ្ដល់អាហារូបករណ៍ទាំងនោះ ដោយតាមដានថាមានចុះបញ្ជីទទួលស្គាល់ដោយក្រសួងអប់រំឬអត់ និងត្រូវមើលលើកេរ្តិ៍ឈ្មោះសាលាថា មានគុណភាពកម្រិតណា ហើយនៅពេលសិក្សាបញ្ចប់ អាចមានសមត្ថភាពចាប់យកឱកាសការងារបានខ្ពស់ឬអត់។ បើតាមអ្នកជំនាញរូបនេះ នៅពេលខាងមុខតាមស្ថាប័នការងារនីមួយៗភាគច្រើន នឹងមានតម្រូវការអ្នកដែលមានជំនាញខាងឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) កើនឡើង ដូច្នេះលោកបានក្រើនរំលឹកថា សិស្សទាំងអស់ត្រូវផ្ដោតលើជំនាញនេះឱ្យបានច្បាស់លាស់។
គួរបញ្ជាក់ថា នៅថ្ងៃចុងក្រោយនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២៦ មានបេក្ខជនអវត្តមានចំនួន១,៣៤០នាក់ ស្រី៥០២នាក់ ក្នុងនោះបេក្ខជនស្វ័យរិនចំនួន១,១៣៥នាក់ និងបេក្ខជនចំណេះទូទៅចំនួន២០៥នាក់។ ការប្រឡងបាក់ឌុបនៅឆ្នាំនេះមានបេក្ខជនចុះឈ្មោះចូលរួមប្រឡងសរុប១៥១,២៣៨នាក់ ស្រី៨៤,៧៣៥ នាក់ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន៣៧,៤៤៥ នាក់ និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន១១៣,៧៩៣នាក់។ សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡាគ្រោងនឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើមានកត្តាចម្បងអ្វីធ្វើឱ្យក្រុមហ៊ុនយក្សជប៉ុន AEON ដកខ្លួនចេញពីទីផ្សារប្រទេសថៃ ក្រោយរកស៊ីជាង៤០ឆ្នាំ?

ក្រោយធ្វើប្រតិបត្តិការនៅប្រទេសថៃ អស់រយៈពេលជាង៤០ឆ្នាំ ​ទីបំផុត​ក្រុមហ៊ុនលក់រាយខ្នាតយក្សរបស់ជប៉ុន AEON ​បាន​សម្រេចលក់អាជីវកម្មផ្សារទំនើបរប…

សមាជិកសភាថៃ ដាស់តឿនលោក អានុទីន ឱ្យផ្តោតលើការដោះស្រាយទុក្ខវេទនារបស់ពលរដ្ឋ ជាជាងឆ្លើយតប ឌឺដងឥតប្រយោជន៍

លោក វ៉ារ៉ុង ដេតចៈគិតវិក្រុម (Warong Dechgitvigrom) សមាជិកសភា និងជាប្រធានគណបក្សថៃ ផាក់ឌី បានចេញមុខដាស់តឿនរដ្ឋាភិបាលលោក អានុទីន ឆា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ