លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកបានគូសបញ្ជាក់ថា ភ្ញៀវទេសចរចិននៅតែជាភ្ញៀវទេសចរអទិភាព និងជាទីផ្សារដ៏ធំមួយរបស់ប្រទេសកម្ពុជា។ បើតាម លោក ធួន ស៊ីណាន បច្ចុប្បន្នកម្ពុជាហាក់មើលឃើញពន្លឺ និងមានក្តីសង្ឃឹមឡើងវិញជាបណ្តើរៗហើយៗជុំវិញការទទួលបានភ្ញៀវទេសចរជនជាតិចិន បន្ទាប់ពីមានដំណឹងថា ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់ចិនបានបង្កើនជើងហោះហើររបស់ខ្លួនជាមួយអន្តរជាតិបន្ថែមទៀត។ ដោយលោក អះអាងថា ការចាប់ផ្តើមបង្កើនជើងហោះហើរថ្មីៗ របស់ក្រុមហ៊ុនអាកាសចរចិនទៅកាន់អន្តរជាតិ ជាការបើកទំព័រថ្មី និងជាក្តីសង្ឃឹមថ្មីមួយសម្រាប់កម្ពុជា, ហើយលោកមើលឃើញថា រដ្ឋាភិបាលចិនហាក់នឹងអាចសម្រេចបើកសេរីឡើងវិញក្នុងការហោះហើរចេញចូលអន្តរជាតិនាពេលឆាប់ៗខាងមុខនេះផងដែរ។ ករណីដែលប្រទេសចិនការរបើកជើងមេឃទូលំទូលាយឡើងវិញនោះ មិនត្រឹមតែវិស័យទេសចរណ៍ទេ ដែលទទួលបាននូវផលវិជ្ជមាន វិស័យដទៃទៀតក៏នឹងទទួលបានប្រយោជន៍ដូចគ្នាដែរ។
យោងតាមប្រភពព័ត៌មានពីសារព័ត៌មាន Bloomberg បានផ្សាយថ្មីៗនេះបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់ចិនរួមមាន China Eastern, China Southern Airlines, Air China និង Hainan Airlines សុទ្ធតែបានប្រកាសអំពីការបង្កើនជើងហោះហើរទៅអន្តរជាតិចាប់ពីចុងខែតុលានេះតទៅ។
ដោយឡែក បើតាម ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា បច្ចុប្បន្នជើងហោះហើរទៅមកកម្ពុជាចិនហាក់នៅមិនទាន់មានអ្វីប្រែប្រួលនៅឡើយនោះទេ ពោលគឺ ការហោះហើរនៅមានចំនួន ១៥ជើងហោះពីកម្ពុជាទៅចិន និង១៥ជើងហោះពីចិនចូលមកកម្ពុជា ក្នុងរយៈពេលមួយសប្តាហ៍។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា គូសបញ្ជាក់ទៀតថា បើទោះបីជា ក្រុមហ៊ុនអាកាសចរណ៍របស់ចិនបានបង្កើនជើងហោះហើរជាមួយអន្តរជាតិក៏ពិតមែន ប៉ុន្ដែភាគីចិននៅតែមានការរឹតបន្ដឹងលើការធ្វើដំណើរដដែល។
បើតាមក្រសួងទេសចរណ៍បានអះអាងថា នៅរយៈពេល៩ខែឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ១លាន២សែននាក់ និងរំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចន្លោះពី១លាន៥សែននាក់ ទៅ២លាននាក់នៅពេញមួយឆ្នាំ២០២២៕