​​​​​​​​​​​​​​​​​​​​​​​​​​​​​ វិស័យស្រូវ អង្ករ

ហុងកុង និងចិន ងាកពីថៃ មកទិញអង្ករពីកម្ពុជា និងវៀតណាម ដែលមានតម្លៃទាបជាង


អង្ករសរបស់ថៃ ក្នុង​មួយតោនមានតម្លៃខ្ពស់ដល់ទៅ៤៨៥ដុល្លារអាម៉េរិក ខណៈអង្ករវៀតណាម មានតម្លៃត្រឹម៤២០ដុល្លារ។ ទន្ទឹម​នេះអង្ករក្រអូបរបស់កម្ពុជា មានតម្លៃត្រឹម៧៥០ដុល្លារប៉ុណ្ណោះក្នុងមួយតោន បើធៀបនឹងអង្ករផ្កាម្លិះរបស់ថៃ ដែលមានតម្លៃរហូតដល់ទៅ១,១០០ដុល្លារ។ តម្លៃខុសគ្នាយ៉ាង​​ខ្លាំង​នេះ​កំពុងធ្វើឱ្យឧស្សាហកម្មនាំចេញអង្ករថៃ រងសម្ពាធ ខណៈអ្នកបញ្ជាទិញធំៗនៅហុងកុង និងចិន កំពុង​ងាកទៅទិញអង្ករកម្ពុជា និង​អង្ករវៀតណាម ដែលមានតម្លៃទាបជាង។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃទី៩ ខែវិច្ឆិកា។
អង្ករថៃ_ថ្លៃជាងអង្ករកម្ពុជា_និងវៀតណាម_ធ្វើឱ្យម៉ូយធំៗចាប់ផ្តើមងាកចេញ
ដោយ

លោក ឈូគាត អូផាសាវង្ស (Chookiat Ophaswongse) ប្រធានកិត្តិយស នៃសមាគមអ្នកនាំចេញអង្ករថៃ បានលើកឡើងថា អង្ករសរបស់ថៃ មានតម្លៃ៤៨៥ដុល្លារក្នុងមួយតោន ខណៈអង្ករវៀតណាម មានតម្លៃត្រឹមតែ៤២០ដុល្លារ អង្ករប៉ាគីស្ថាន មានតម្លៃ៤១០ដុល្លារ ហើយអង្ករឥណ្ឌា មានតម្លៃត្រឹមតែ៣៨៨ដុល្លារក្នុង១តោនប៉ុណ្ណោះ។ ចំណែកឯអង្ករផ្កាម្លិះរបស់ថៃ មានតម្លៃខ្ពស់រហូតដល់ទៅ ១,១០០ដុល្លារក្នុងមួយតោន ខណៈអង្ករក្រអូបរបស់កម្ពុជា មានតម្លៃត្រឹមតែ៧៥០ដុល្លារ និងអង្ករក្រអូបរបស់វៀតណាម មានតម្លៃធូរចន្លោះពី៥២៥ទៅ៥៥៥ដុល្លារ។

ប្រធានកិត្តិយស នៃសមាគមអ្នកនាំចេញអង្ករថៃ រូបនេះ បានបញ្ជាក់ថា ហុងកុង និងចិន ដែលធ្លាប់ជាទីផ្សារធំសម្រាប់អង្ករផ្កាម្លិះរបស់ថៃ បានកាត់បន្ថយការបញ្ជាទិញយ៉ាងច្រើន ហើយងាកមកទិញអង្ករកម្ពុជា និងអង្ករវៀតណាម ដែលមានគុណភាពប្រហាក់ប្រហែលគ្នា តែតម្លៃទាបជាង។ ប្រធានកិត្តិយសរូបនេះព្រមានថា ថៃ អាចនឹងធ្លាក់តំណែងពីប្រទេសនាំចេញអង្ករធំជាងគេលំដាប់ទី៣ ក្នុងពិភពលោកមកនៅលេខ៤ ប្រសិនបើប៉ាគីស្ថានវ៉ាដាច់។

ក្រៅពីតម្លៃខ្ពស់ ថៃ ក៏កំពុងប្រឈមនឹងទិន្នផលទាប ថ្លៃដើមផលិតកម្មកើនឡើង និងកង្វះកម្លាំងពលកម្មផងដែរ។ កង្វះពលករចំណាកស្រុកបានធ្វើឱ្យការលើកដាក់អង្ករឡើងនាវានៅកំពង់ផែចំណាយពេលរហូតដល់២០ថ្ងៃ បើធៀបនឹងពីមុនដែលប្រើពេលខ្លីត្រឹមមួយសប្តាហ៍។ ទន្ទឹមនឹងនេះ ប្រធានកិត្តិយសរូបនេះ បានជំរុញឱ្យរដ្ឋាភិបាលថៃ កែទម្រង់វិស័យផលិតស្រូវអង្ករ បង្កើនទិន្នផល និងកាត់បន្ថយថ្លៃដើម ដើម្បីស្តារសមត្ថភាពប្រកួតប្រជែង និងទប់ស្កាត់ការបាត់បង់ទីផ្សារនាំចេញបន្ថែមទៀត៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


វៀតណាម គ្រោងផ្តល់ទិដ្ឋាការពិសេស ដើម្បីទាក់ទាញអ្នកធ្វើការតាមអនឡាញ និងភ្ញៀវទេសចរ

វៀតណាម គ្រោងផ្តល់ទិដ្ឋាការពិសេសដល់ជនបរទេស ដែលធ្វើការតាមប្រព័ន្ធអនឡាញ ភ្ញៀវទេសចរដែលមកព្យាបាលជំងឺ និងអ្នកដែលចង់ស្នាក់នៅរយៈពេលយូរ។ វិធានក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ