​​​​​​​​​​​​​​​​​​​​​​​​​​​​វិស័យការបរទេស

បេសកកម្មផ្តល់ជំនួយដល់ពលរដ្ឋមីយ៉ាន់ម៉ារបស់អាស៊ានកំពុងប្រឈមនឹងប្រតិកម្មចម្រុះ


បេសកកម្មមនុស្សធម៌ថ្មីមួយទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលដឹកនាំដោយប្រធានផ្លាស់វេន និងជាទូតពិសេសរបស់អាស៊ានកំពុងប្រឈមនឹងប្រតិកម្មចម្រុះ។ អ្នកសង្កេតការណ៍មួយចំនួនបានវាយតម្លៃខ្ពស់លើលទ្ធភាព នៃការបញ្ជូនជំនួយទៅដល់ដៃសហគមន៍ងាយរងគ្រោះ ខណៈអ្នកវិភាគជាច្រើនទៀត បានចេញមុខព្រមាន ប្រឆាំងនឹងការប្រាស្រ័យទាក់ទងជាមួយរបបយោធាមីយ៉ាន់ម៉ា ដោយសារតែគ្មានវឌ្ឍនភាពទាល់តែសោះ លើផែនការសន្តិភាពដែលបានព្រមព្រៀងគ្នាកន្លងមក។
បេសកកម្មផ្តល់ជំនួយដល់ពលរដ្ឋមីយ៉ាន់ម៉ារបស់អាស៊ាន
ដោយ

សារព័ត៌មានសិង្ហបុរី CNA កាលពីថ្ងៃទី៩ ខែវិច្ឆិកា បានរាយការណ៍ថា លោកស្រី ម៉ារៀ ថេរ៉េសា ឡាហ្សារ៉ូ (Maria Theresa Lazaro) ទូតពិសេសអាស៊ាន និងជារដ្ឋមន្ត្រីការបរទេសហ្វីលីពីន ក្នុងនាមជាប្រធានប្តូរវេនអាស៊ានបានទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ដើម្បីបើកយុទ្ធនាការប្រតិបត្តិការមនុស្សធម៌រយៈពេល១ខែ រួមគ្នាជាមួយមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ការជួយសង្គ្រោះគ្រោះមហន្តរាយ។ បេសកកម្មនេះធ្វើឡើងនៅមុនពេលកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាន នឹងប្រព្រឹត្តទៅនៅទីក្រុងម៉ានីល ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ដោយមានគោលដៅចែកជំនួយសង្គ្រោះបន្ទាន់រួមមានអង្ករ ព្រមទាំងសម្ភារអនាម័យចាំបាច់ជូនដល់គ្រួសាររងគ្រោះជាង១១,០០០ គ្រួសារ ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ។

ពាក់ព័ន្ធនឹងបេសកកម្មនេះលោកស្រី ចូអ៊ែន លីន (Joanne Lin) អ្នកស្រាវជ្រាវជាន់ខ្ពស់ និងជាអ្នកសម្របសម្រួលមជ្ឈមណ្ឌលសិក្សាអាស៊ាននៅវិទ្យាស្ថាន ISEAS ប្រទេសសិង្ហបុរីបានវាយតម្លៃថា បេសកកម្មនេះមានសារៈសំខាន់យុទ្ធសាស្ត្រខ្លាំងព្រោះវាជាសញ្ញាបង្ហាញថា អាស៊ានអាចទម្លាយរបាំងចូលទៅដល់តំបន់ជម្លោះ ដែលកាលពីមុនមិនអាចចូលទៅដល់បាន។

ជាមួយគ្នានេះលោក ហ្គូហ្គុន មូហាមម៉ាដ (Gugun Muhammad) សមាជិកនៃអង្គការ LOCOA ប្រចាំទីក្រុងហ្សាការតាបានរិះគន់ចំៗចំពោះផលប៉ះពាល់នយោបាយ នៃដំណើរទស្សនកិច្ចនេះ ដោយលោកបានសង្កត់ធ្ងន់ថា សកម្មភាពបែបនេះរបស់អាស៊ានអាចនឹងត្រូវគេយកទៅទាញផលប្រយោជន៍ ដើម្បីធ្វើឱ្យរបបយោធា ដែលកើតចេញពីការបោះឆ្នោតក្លែងក្លាយ ក្លាយជាមានភាពប្រក្រតី និងស្របច្បាប់ ហើយវាស្មើនឹងអាស៊ានប្រគល់ការទទួលស្គាល់ដល់របបនេះ។ លោកបានបន្ថែមថា អាស៊ានគួរតែបើកការប្រាស្រ័យទាក់ទងឱ្យបានទូលំទូលាយជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាជាងផ្តោតតែលើក្រុមយោធាគ្រប់គ្រងអំណាចបែបនេះ។

ទស្សនៈផ្ទុយគ្នានេះបានរំលេចឱ្យឃើញពីឧបសគ្គ និងបញ្ហាប្រឈមដ៏ស្មុគស្មាញរបស់អាស៊ានក្នុងការរក្សាតុល្យភាពរវាងកាតព្វកិច្ចមនុស្សធម៌ និងសម្ពាធនយោបាយ ខណៈដែលមេដឹកនាំយោធាមីយ៉ាន់ម៉ា កំពុងខិតខំគ្រប់វិធី ដើម្បីស្វែងរកភាពស្របច្បាប់ និងការចូលរួមពេញលេញឡើងវិញនៅក្នុងប្លុកអាស៊ាន ថ្វីបើពួកគេត្រូវរងទណ្ឌកម្ម និងការផាត់ចេញ បន្ទាប់ពីរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ ឆ្នាំ២០២១ ក៏ដោយ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


​ក្រសួងការបរទេសហ្វីលីពីន ប្រាប់ឱ្យមន្ត្រី និងកងកម្លាំងប្រយ័ត្នក្នុងការបញ្ចេញមតិពាក់ព័ន្ធនឹងចិន

រដ្ឋាភិបាលហ្វីលីពីន បានបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅកាន់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះការ…

ក្រុមហ៊ុន Jaguar Land Rover ប្តឹងក្រុមហ៊ុន BYD ពីបទលួចចម្លងម៉ូដែលរថយន្ត Defender

ទីស្នាក់ការរបស់ក្រុមហ៊ុន BYD ក្នុងប្រទេសហូឡង់ ដែលជាកន្លែងផលិតរថយន្តចិន មួយនៅអឺរ៉ុប ត្រូវបានសារព័ត៌មានអង់គ្លេសរាយការណ៍ថា បានរងការចុះឆ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ