ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ការព្យាករណ៍អំពីបាតុភូត អែលនីណូ នាពេលខាងមុខនេះ នៅតែជាទិន្នន័យកម្រិតសកលលោកនៅឡើយ ហើយក្រសួង ក៏មិនទាន់អាចកំណត់ច្បាស់ពីទំហំ នៃផលប៉ះពាល់ជាក់ស្តែងមកលើកម្ពុជា បាននៅឡើយទេ។ ទោះជាយ៉ាងនេះក្តី មន្រ្តីជាន់ខ្ពស់រូបនេះ អះអាងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងតាមដានស្ថានភាពនេះយ៉ាងយកចិត្តទុកដាក់ និងត្រៀមរៀបចំវិធានការឆ្លើយតបចាំបាច់នានា ក្នុងករណីដែលបាតុភូតនេះពិតជាជះឥទ្ធិពលមកលើកម្ពុជា ក្នុងកម្រិតធ្ងន់ធ្ងរដូចការវាយតម្លៃមែន។
ដោយឡែកលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា ប្រសិនបើបាតុភូត អែលនីណូ កើតឡើងនៅក្នុងអំឡុងពេលពីខែវិច្ឆិកា ដល់ខែមករា ខាងមុខមែន នោះវាអាចនឹងបង្កផលប៉ះពាល់ដល់ការផលិតផ្ការបស់ដំណាំស្វាយចន្ទី និងទិន្នផលស្វាយចន្ទីនៅក្នុងខែមីនា។ តែយ៉ាងណា អ្នកជំនាញរូបនេះបានគូសបញ្ជាក់ថា សមាគមស្វាយចន្ទីកម្ពុជានឹងជួបប្រជុំជាមួយកសិករដាំដំណាំស្វាយចន្ទីមួយចំនួន ដើម្បីរកវិធានការបន្សាំនឹងការប្រែប្រួលអាកាសធាតុ។
ទិន្នន័យរបស់ទីភ្នាក់ងារគ្រប់គ្រងមហាសមុទ្រ និងបរិយាកាសជាតិអាម៉េរិក បានឱ្យដឹងថា បាតុភូតអែលនីណូ កំពុងវាយលុកយ៉ាងសកម្មនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ដោយពេលនេះសីតុណ្ហភាពនៅលើផ្ទៃទឹកសមុទ្របានកើនឡើងយ៉ាងគំហុក។ ការព្យាករណ៍ជាច្រើនបានបង្ហាញថា វិសាលភាព នៃឥទ្ធិពលអែលនីណូនៅពេលនេះមានកម្រិតខ្លាំងក្លាបំផុត ដែលមិនធ្លាប់មានពីមុនមក ហើយវាកំពុងតែរំកិលខ្លួនយ៉ាងលឿនទៅរកការបង្កើតវិបត្តិ នៃគ្រោះធម្មជាតិ កាន់តែស្រួចស្រាល់ និងក្តៅបំផុតនៅក្នុងឆ្នាំ២០២៧។ ផ្អែកតាមទិន្នន័យវិទ្យាសាស្ត្រ បាតុភូតនេះអាចនឹងគ្របដណ្តប់វិសាលភាពរហូតដល់ទៅ ៦៣% លើភពផែនដីទាំងមូលនៅក្នុងអំឡុងពេលពីខែវិច្ឆិកា ដល់ខែមករា ឆ្នាំ២០២៧ ហើយវាត្រូវបានគេព្យាករថា នឹងបង្កគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរលើសពីអ្វីដែលមនុស្សជាតិធ្លាប់បានជួបប្រទះគិតចាប់តាំងពីឆ្នាំ១៩៥០ មក៕
អត្ថបទ៖ បូ ដូឡា