អ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុបបានឱ្យដឹងថា មកទល់ពេលនេះរោងចក្រផលិតជីធម្មជាតិរបស់អ្នកឧកញ៉ា ដែលស្ថិតនៅក្នុងតំបន់កសិទេសចរណ៍ ម៉ុង ឬទ្ធី សែនជ័យ ខេត្តកំពង់ស្ពឺ សម្រេចការសាងសង់បានប្រមាណ ៩០% ហើយ ដោយគ្រោងដាក់ឱ្យដំណើរការនៅចុងឆ្នាំនេះ។ រោងចក្រដែលមានតម្លៃវិនិយោគប្រមាណ១០លានដុល្លារអាម៉េរិកនេះ មានសមត្ថភាពអាចផលិតជីបានរហូតដល់១០០តោនក្នុង១ថ្ងៃ ដែលអាចរួមចំណែកជួយផ្គត់ផ្គង់ជីនៅលើទីផ្សារ និងកាត់បន្ថយការនាំចូលជីគីមីពីក្រៅប្រទេសបានមួយផ្នែក។ អ្វីដែលជាមោទនភាពបំផុតនោះ គឺរាល់វត្ថុធាតុដើមសម្រាប់ផលិតជីទាំងអស់ គឺទិញនៅក្នុងស្រុក ដែលវានឹងជួយបង្កើតទីផ្សារ និងបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាពលរដ្ឋក្នុងស្រុកមួយចំណែកទៀត។ បើតាមការអះអាងរបស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី ប្រសិនបើរោងចក្រទី១នេះអាចដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ អ្នកឧកញ៉ា នឹងបង្កើតរោងចក្រផលិតជីជាបន្តបន្ទាប់ទៀត។
បើតាមការគូសបញ្ជាក់របស់មហាសេដ្ឋីកសិកម្មដ៏ល្បីល្បាញរូបនេះ គោលបំណងនៃការបង្កើតរោងចក្រផលិតជីធម្មជាតិនេះ គឺដើម្បីជួយរួមចំណែកជួយផ្តល់ជី ដែលមានគុណភាពខ្ពស់ជាមួយតម្លៃសមរម្យដល់កសិករ សំដៅជួយកាត់បន្ថយការចំណាយថ្លៃដើម និងបង្កើតភាពប្រកួតប្រជែងរបស់កសិផលកម្ពុជា ជាមួយបណ្តាប្រទេសនៅក្នុងតំបន់។
ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងកសិកម្មបានវាយតម្លៃថា តាមរយៈវត្តមានរបស់រោងចក្រផលិតជីធម្មជាតិនេះ វានឹងក្លាយជាខែលការពារដ៏រឹងមាំមួយសម្រាប់កសិករខ្មែរ តាមរយៈការចូលរួមចំណែកសំខាន់ៗមួយចំនួនដូចជាកម្ពុជានឹងលែងពឹងផ្អែកទាំងស្រុងលើការនាំចូលជីគីមីមានតម្លៃថ្លៃពីក្រៅប្រទេស ដែលជួយរក្សាលំនឹងសេដ្ឋកិច្ចជាតិ និងរក្សាសាច់ប្រាក់មិនឱ្យហូរចេញ ជាពិសេសតាមរយៈជីធម្មជាតិដែលមានគុណភាពខ្ពស់នេះ វានឹងជួយកែលម្អគុណភាពដីធ្វើឱ្យផលដំណាំលូតលាស់បានល្អ បង្កើនទិន្នផល និងធានាបាននូវកសិផលដែលគ្មានជាតិគីមី ងាយស្រួលក្នុងការនាំចេញទៅទីផ្សារអន្តរជាតិ។ លើសពីនេះរោងចក្រនេះនឹងជួយផ្តល់ជីក្នុងតម្លៃសមរម្យដល់កសិករ ដែលអាចចជួយកាត់បន្ថយថ្លៃដើមផលិតបានយ៉ាងច្រើន និងបង្កើនប្រាក់ចំណេញបានកាន់តែខ្ពស់៕