របាយការណ៍ដដែលបញ្ជាក់ថា ទំហំវិនិយោគផ្ទាល់ពីបរទេសក្នុងក្របខណ្ឌពិភពលោក បានធ្លាក់ចុះពី ១,៥ទ្រីលានដុល្លារអាមេរិក មកនៅត្រឹម ១ទ្រីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២០ ធ្លាក់ចុះប្រមាណ ៣៥% ក្នុងគ្រាដែលវត្តមានកូវីដ-១៩ បានចូលមកបង្អាក់ដំណើរការវិនិយោគថ្មីៗ និង សកម្មភាពសេដ្ឋកិច្ចពិភពលោកទាំងមូល។
មិនត្រឹមតែប៉ុណ្ណោះ វិធានការណ៍បិទខ្ទប់ប្រទេសនានានៅលើពិភពលោកបានធ្វើឲ្យដំណើរការ និងគម្រោងវិនិយោគនានា ដែលកំពុងតែមានស្រាប់ រាំងស្ទះយឺតយ៉ាវ ដែលជាហេតុធ្វើឲ្យអ្នកវិនិយោគ និង ម្ចាស់គម្រោងទាំងអស់នោះជួបប្រទះនឹងវិបត្តិ ហើយបានជំរុញឲ្យពួកគេធ្វើការវាយតម្លៃលើគម្រោងសារជាថ្មី។
របាយការណ៍វិនិយោគក្នុងពិភពលោកសម្រាប់ឆ្នាំ២០២១ដដែលបានរកឃើញថា ការវិនិយោគផ្ទាល់ពីបរទេសសម្រាប់ក្របខណ្ឌប្រទេសកំពុងអភិវឌ្ឍ កាលពីឆ្នាំ២០២០ នៅរក្សាបានភាពធន់ ដោយបានធ្លាក់ចុះតែ ៨%ប៉ុណ្ណោះ។ ជាក់ស្តែង ទិន្នន័យបានបង្ហាញថា ការវិនិយោគផ្ទាល់ពីបរទេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍក្នុងឆ្នាំ២០២០ តំណាងឲ្យ ២ភាគ៣ នៃការវិនិយោគនៅទូទាំងពិភពលោក ដែលអត្រានេះមានការងើបឡើងខ្លាំងបើធៀបនឹងឆ្នាំ២០១៩ ដែលមានមិនដល់ពាក់កណ្តាលនៃការវិនិយោគក្នុងពិភពលោកផង។
ផ្ទុយទៅវិញ វិនិយោគផ្ទាល់ពីបរទេសសម្រាប់ប្រទេសអភិវឌ្ឍន៍បានធ្លាក់ចុះដល់ ៥៨% ដោយសារតែកូវីដ១៩ បានធ្វើឲ្យរង្គោះរង្គើដល់ រចនាសម្ព័ន្ធវិនិយោគ និង ប៉ះពាល់ដល់លំហូរសាច់ប្រាក់វិនិយោគក្នុងពិភពលោកផងដែរ។
យ៉ាងណាមិញ ក្រុមប្រឹក្សាសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និង ការអភិវឌ្ឍ បានព្យាករថា ការវិនិយោគផ្ទាល់ពីបរទេសក្នុងក្របខណ្ឌពិភពលោកនៅឆ្នា២០២១នេះ នឹងអាចត្រូវបានស្តារឡើងវិញក្នុងរង្វង់ស្ទុះងើបឡើងពី ១០% ទៅ ១៥%។
ប៉ុន្តែការព្យាករនេះត្រូវបានគេអះអាងថា នៅមានភាពមិនប្រាកដប្រជានៅឡើយទេ ដោយវាត្រូវពឹងផ្អែកលើល្បឿននៃការងើបឡើងវិញ នៃសេដ្ឋកិច្ចសកល បូករួមនឹងស្ថានភាពកូវីដ១៩ ជុំវិញពិភពលោក ព្រមទាំងទំហំ នៃកញ្ចប់ថវិកាក្នុងគម្រោងវិនិយោគនីមួយៗផងដែរ៕