មិនអាចប្រកែកបានឡើយអស់រយៈពេលជាងពីរទសវត្សរ៍ នៃសន្តិភាព និងកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ កម្ពុជាបានផ្លាស់ប្តូរមុខមាត់យ៉ាងលឿនរហ័ស។ ពីប្រទេសដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម កម្ពុជាបានក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចក្នុងចំណោមប្រទេសដែលរីកចម្រើនលឿននៅក្នុងតំបន់អាស៊ី។ ទោះជាយ៉ាងណា នៅក្នុងពិភពលោកដែលកាន់តែស្មុគស្មាញ និង ភាពមិនប្រាកដប្រជា កម្ពុជាក៏កំពុងប្រឈមមុខនឹងបញ្ហាប្រឈមស្មុគស្មាញថ្មីៗជាច្រើន ដែលអាចក្លាយជាកត្តាកំណត់អនាគត នៃ ការអភិវឌ្ឍប្រទេស។
ក្នុងចំណោមបញ្ហាទាំងនោះ មានព្យុះបួនធំៗ ដែលបាននិងកំពុងបង្កជាសម្ពាធបោកបក់យ៉ាងខ្លាំងមកលើប្រទេសកម្ពុជា គឺព្យុះ Scam Online ព្យុះជម្លោះព្រំដែនជាមួយថៃ ព្យុះអំពើពុករលួយ និង ព្យុះសម្ពាធពីកត្តាខាងក្រៅដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ព្យុះទាំងបួននេះ មិនមែនជាបញ្ហាដាច់ដោយឡែកពីគ្នានោះទេ ប៉ុន្តែមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ហើយអាចជះឥទ្ធិពលដល់សន្តិសុខ សេដ្ឋកិច្ច និងស្ថិរភាពរយៈពេលវែងរបស់ប្រទេស។
ព្យុះទី១ គឺ Scam Online វាបានក្លាយជាក្តីបារម្ភធំបំផុតមួយរបស់កម្ពុជា។ បទល្មើសប្រភេទនេះ មិនត្រឹមតែជាការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតប៉ុណ្ណោះទេ ប៉ុន្តែវាបានវិវត្តទៅជាបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ដែលជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការលាងលុយ និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីធ្វើសកម្មភាពខុសច្បាប់។ បញ្ហាដែលគួរឱ្យព្រួយបារម្ភជាងគេ គឺការប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និង រូបភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ នៅក្នុងយុគសម័យដែលការប្រកួតប្រជែងដើម្បីទាក់ទាញទុនវិនិយោគ និងភ្ញៀវទេសចរកាន់តែខ្លាំង រូបភាពប្រទេស និងទំនុកចិត្តរបស់ដៃគូអន្តរជាតិ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលមិនអាចមើលរំលងបាន។
ព្យុះធំទី២ គឺ ភាពតានតឹងតាមព្រំដែនកម្ពុជា-ថៃ ក៏បានបង្កើនក្តីបារម្ភយ៉ាងខ្លាំងអំពីស្ថិរភាពក្នុងតំបន់ផងដែរ។ ថ្វីត្បិតតែកម្ពុជា និងថៃ ជាដៃគូពាណិជ្ជកម្មដ៏សំខាន់ និងមានទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធក៏ដោយ ការកើនឡើងនៃភាពតានតឹងតាមព្រំដែនអាចប៉ះពាល់ដល់ពាណិជ្ជកម្មឆ្លងដែន ការវិនិយោគ និងចរន្តទេសចរណ៍រវាងប្រទេសទាំងពីរ។ លើសពីនេះ ជម្លោះព្រំដែនតែងតែអមមកជាមួយនឹងការកើនឡើងនៃអារម្មណ៍ជាតិនិយម ដែលអាចធ្វើឱ្យបញ្ហាកាន់តែស្មុគស្មាញ និងពិបាករកដំណោះស្រាយតាមរយៈការចរចា។ សម្រាប់ប្រទេសកំពុងអភិវឌ្ឍដូច កម្ពុជា សន្តិភាព និង បរិយាកាសស្ថិរភាព គឺជាលក្ខខណ្ឌមូលដ្ឋានសម្រាប់ការរីកចម្រើនសេដ្ឋកិច្ច និងការអភិវឌ្ឍរយៈពេលវែង។
ដោយឡែក ព្យុះទី៣ ដែលនៅតែអន្ទោលតាមប្រាណស៊ីរូងផ្ទៃក្នុងគឺបញ្ហា អំពើពុករលួយនៅតែជាបញ្ហាប្រឈមដ៏រ៉ាំរ៉ៃដែលប្រទេសកំពុងអភិវឌ្ឍជាច្រើនត្រូវប្រឈម រួមទាំងកម្ពុជាផងដែរ។ អំពើពុករលួយអាចធ្វើឱ្យធនធានសាធារណៈត្រូវបានប្រើប្រាស់មិនមានប្រសិទ្ធភាព បង្កើនថ្លៃដើមក្នុងការធ្វើអាជីវកម្ម និងធ្វើឱ្យបរិយាកាសវិនិយោគបាត់បង់ភាពប្រកួតប្រជែង។ សំខាន់ជាងនេះទៅទៀត វាអាចធ្វើឱ្យទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះស្ថាប័នរដ្ឋចុះខ្សោយ និងប៉ះពាល់ដល់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយសាធារណៈ។ នៅក្នុងសម័យដែលប្រទេសនានាកំពុងប្រកួតប្រជែងគ្នាទាក់ទាញវិនិយោគ និងបច្ចេកវិទ្យា ប្រសិទ្ធភាពស្ថាប័ន និងអភិបាលកិច្ចល្អ ក្លាយជាកត្តាសំខាន់ក្នុងការកំណត់សមត្ថភាពប្រកួតប្រជែងរបស់ប្រទេសមួយ។
ក្រៅពីបញ្ហាផ្ទៃក្នុងទាំងនេះ កម្ពុជាក៏កំពុងប្រឈមនឹងព្យុះធំទី៤មួយទៀត គឺ សម្ពាធពីកត្តាខាងក្រៅដែលមានភាពស្មុគស្មាញកាន់តែខ្លាំងផងដែរ។ ការប្រកួតប្រជែងរវាងប្រទេសមហាអំណាច សង្គ្រាម និងជម្លោះនៅក្នុងតំបន់ផ្សេងៗ ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មសកល សុទ្ធតែអាចជះឥទ្ធិពលដោយផ្ទាល់ និងដោយប្រយោលមកលើកម្ពុជា។ ដោយសារសេដ្ឋកិច្ចកម្ពុជាជាសេដ្ឋកិច្ចបើកចំហ និងពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញ ទេសចរណ៍ និង ការវិនិយោគពីបរទេស ម្លោះហើយ! សម្ពាធ និង ការប្រែប្រួលនៅក្រៅប្រទេសអាចបង្កឱ្យមានផលប៉ះពាល់យ៉ាងឆាប់រហ័សដល់កំណើនសេដ្ឋកិច្ច និងទីផ្សារការងារក្នុងស្រុក។
ជារួមបញ្ហា Scam Online ភាពតានតឹងតាមព្រំដែនជាមួយថៃ អំពើពុករលួយ និងសម្ពាធពីខាងក្រៅ អាចចាត់ទុកថាជា «ព្យុះបួនទិស» ដែលកម្ពុជាកំពុងប្រឈមមុខនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី១របស់ខ្លួន។ ទោះជាយ៉ាងណា ព្យុះទាំងនេះមិនមែនជាឧបសគ្គដែលមិនអាចឆ្លងកាត់បានឡើយ។ ផ្ទុយទៅវិញ វាជាការសាកល្បងសមត្ថភាពដ៏សំខាន់មួយរបស់កម្ពុជាក្នុងការពង្រឹងការអនុវត្តច្បាប់ ការលើកកម្ពស់អភិបាលកិច្ចល្អ រក្សាតុល្យភាពការទូត និង ធ្វើឱ្យសេដ្ឋកិច្ចមានភាពធន់ជាងមុន។
នៅទីបំផុត អនាគតរបស់កម្ពុជា នឹងមិនត្រូវបានកំណត់ដោយទំហំនៃបញ្ហាប្រឈមដែលកំពុងកើតមានឡើងដូចសព្វថ្ងៃនោះទេ ប៉ុន្តែដោយសមត្ថភាពរបស់ប្រទេសក្នុងការប្រែក្លាយវិបត្តិទៅជាកម្លាំងជំរុញសម្រាប់ការកែទម្រង់ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ពីព្រោះអ្វី? ពីព្រោះសម្រាប់ប្រទេសតូចមួយនៅក្នុងពិភពលោកដែលកំពុងប្រែប្រួលយ៉ាងលឿនរហ័ស ការកសាងភាពធន់ មិនមែនជាជម្រើសទេ ប៉ុន្តែជាតម្រូវការចាំបាច់សម្រាប់ការរស់រានមានជីវិត និង ការរីកចម្រើនរយៈពេលវែង។
ប្រវត្តិសាស្ត្របានបង្ហាញថា កម្ពុជាធ្លាប់ឆ្លងកាត់វិបត្តិចាក់ស្រេះធំៗជាច្រើន ហើយនៅតែអាចស្ដារខ្លួនឡើងវិញបាន។ ទោះជាយ៉ាងណា ព្យុះបួនទិសនាពេលនេះមានលក្ខណៈស្មុគស្មាញជាងមុន ព្រោះវាជាការប្រឈមដែលកើតឡើងក្នុងពេលតែមួយ និងមានទំនាក់ទំនងគ្នាទៅវិញទៅមក។ ជោគជ័យរបស់កម្ពុជានឹងមិនត្រូវបានវាស់វែង តែតាមអត្រាកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែត្រូវវាស់តាមសមត្ថភាពក្នុងការគ្រប់គ្រងហានិភ័យ ពង្រឹងស្ថាប័ន និងបម្លែងវិបត្តិទៅជាឱកាសសម្រាប់ការកែទម្រង់ និង ការអភិវឌ្ឍប្រកបដោយចីរភាព៕
អត្ថបទដោយ៖ ខេមបូណូមីស