លទ្ធផលស្ទង់មតិថ្មីមួយពីវិទ្យាស្ថាន Lowy ប្រចាំឆ្នាំ២០២៦ បានបង្ហាញថា ប្រជាជនអូស្ត្រាលីជាងពាក់កណ្តាលកំពុងផ្លាស់ប្តូរទស្សនៈដោយមើលឃើញថា ទំនាក់ទំនងជាមួយប្រទេសចិនមានសារៈសំខាន់ជាងទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក។ នេះជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ នៃការស្ទង់មតិក្នុងរយៈពេល២២ឆ្នាំចុងក្រោយនេះ ដែលអូស្ត្រាលី បង្ហាញភាពរេរា និង កង្វះទំនុកចិត្តខ្លាំងបែបនេះចំពោះសហរដ្ឋអាម៉េរិក ដែលជាសម្ពន្ធមិត្តប្រពៃណីរបស់ខ្លួន។
លទ្ធផលនៃការស្ទង់មតិបានបង្ហាញថា មានតែ២១%ប៉ុណ្ណោះ ដែលជឿជាក់លើសមត្ថភាពរបស់លោក ដូណាល់ ត្រាំ ក្នុងការដោះស្រាយបញ្ហាសកល ដែលជាកម្រិតទាបបំផុតមិនធ្លាប់មាន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍មនុស្សចំនួន៦នាក់ក្នុងចំណោម១០នាក់បានសម្តែងការមិនទុកចិត្តទាល់តែសោះលើលោក ត្រាំ។ យ៉ាងណាមិនប្រជាជនអូស្ត្រាលីលើសពី៥១% យល់ឃើញថា ទំនាក់ទំនងជាមួយចិន មានទម្ងន់សំខាន់ជាងអាម៉េរិក។
លោក ម៉ាយឃើល ហ្វូលីឡាវ (Michael Fullilove) នាយកប្រតិបត្តិវិទ្យាស្ថាន Lowy បានលើកឡើងថាប្រជាជនអូស្ត្រាលីកំពុងមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្រោមការដឹកនាំរបស់លោក ត្រាំ។ ទំនុកចិត្ត ដែលពួកគេធ្លាប់មានចំពោះអាម៉េរិកក្នុងនាមជាអ្នកធានាសន្តិសុខសកលបានធ្លាក់ចុះមកនៅតិចជាងមួយភាគបី។
ទោះជាយ៉ាងនេះក្តី អូស្ត្រាលី មិនបានបោះបង់ចោលអាម៉េរិកទាំងស្រុងនោះទេ។ យោងតាមរបាយការណ៍ដដែល ពលរដ្ឋជិត៣ភាគ៤ នៅតែទទួលស្គាល់ថា ឆ័ត្រសន្តិសុខរបស់សហរដ្ឋអាម៉េរិកនៅតែជាបង្គោលគ្រឹះដ៏សំខាន់សម្រាប់សន្តិសុខជាតិរបស់ពួកគេ។
អ្នកជំនាញវិភាគបានពន្យល់ពីភាពស្មុគស្មាញនេះថា អូស្ត្រាលីស្ថិតក្នុងស្ថានភាពខ្លួនមួយជិះទូកពីរ ដោយសន្តិសុខពឹងផ្អែកលើអាម៉េរិក ខណៈកំណើនសេដ្ឋកិច្ចពឹងផ្អែកលើចិន។ លោកបានសន្និដ្ឋានថា ការធ្លាក់ចុះ នៃសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ការកើនឡើងនៃរបៀបដឹកនាំបែប «បុរសខ្លាំង» របស់លោក ត្រាំ រួមផ្សំជាមួយនឹងបញ្ហាសេដ្ឋកិច្ចក្នុងស្រុកបានធ្វើឱ្យប្រជាជនអូស្ត្រាលីមានអារម្មណ៍វិលវល់ និងស្ទាក់ស្ទើរក្នុងការជ្រើសរើសផ្លូវដើរសម្រាប់អនាគតប្រទេស៕
ដោយៈ សរ សុជាតិ