នៅទូទាំងប្រទេសចិន សហគ្រាសផលិតកម្មនានាកំពុងបង្កើនការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត មនុស្សយន្ត និងប្រព័ន្ធឌីជីថល ដើម្បីធ្វើស្វ័យប្រវត្តិកម្មក្នុងដំណើរការផលិត និងបង្កើនប្រសិទ្ធភាពការងារ។ ជាក់ស្តែង នៅរោងចក្រផលិតរថយន្តអគ្គិសនីឆ្លាតវៃរបស់ក្រុមហ៊ុន GAC Aion ក្នុងទីក្រុងគ័ងចូវ (Guangzhou) មនុស្សយន្តជាង៦០០គ្រឿងកំពុងដំណើរការការងារផលិតសំខាន់ៗដែលអាចផលិតរថយន្តថ្មីមួយគ្រឿងរួចរាល់រៀងរាល់ត្រឹម៥៣វិនាទី។ ក្រុមហ៊ុនអះអាងថា ការប្រើប្រាស់ AI បានជួយបង្កើនប្រសិទ្ធភាពផលិតកម្មរហូតដល់៥០% និងកាត់បន្ថយថ្លៃដើមផលិតកម្មបាន៥៨%។
មិនត្រឹមតែវិស័យរថយន្តប៉ុណ្ណោះទេ រោងចក្រវាយនភណ្ឌជាច្រើន ក៏កំពុងប្រើបច្ចេកវិទ្យា AI ដើម្បីតាមដាន និងគ្រប់គ្រងដំណើរការផលិតកម្មក្នុងពេលវេលាជាក់ស្តែង ដែលជួយលើកកម្ពស់គុណភាពផលិតផល និងពន្លឿនការបំពេញការបញ្ជាទិញ។
យោងតាមក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន គិតត្រឹមចុងឆ្នាំ២០២៥ សហគ្រាសផលិតកម្មធំៗជាង៣០% នៅទូទាំងប្រទេសចិន បានដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា AI រួចហើយ។ បច្ចុប្បន្នរដ្ឋាភិបាលចិន កំពុងជំរុញការប្រើប្រាស់បច្ចេកវិទ្យា AI និងវេទិកា ឬ Platform ឌីជីថលឱ្យកាន់តែទូលំទូលាយ ដើម្បីពង្រឹងនវានុវត្តន៍ កែលម្អខ្សែច្រវាក់ផ្គត់ផ្គង់ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់វិស័យផលិតកម្មចិន នៅលើទីផ្សារពិភពលោក៕
ដោយ: តែម សុខុម