យ៉ាងណាមិញ ជំនួបនេះត្រូវបានគេរំពឹងថា នឹងមានការលើកឡើងពីការគំរាមកំហែងចុងក្រោយរបស់អាម៉េរិកលើការដាក់ពន្ធបន្ថែមលើរថយន្តនាំចូលពីសហភាពអឺរ៉ុប។ តើក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំងនេះមានយុទ្ធសាស្ត្រអ្វីខ្លះដើម្បីទប់ទល់នឹងសម្ពាធទាំងនេះ?
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន France 24 បញ្ហាពន្ធគយកំពុងក្លាយជាប្រធានបទក្តៅមួយ បន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានព្រមានដំឡើងពន្ធលើរថយន្ត និងឡានដឹកទំនិញនាំចូលពីអឺរ៉ុបរហូតដល់២៥%។ ទោះបីជាមានកិច្ចព្រមព្រៀងកាត់បន្ថយពន្ធមកត្រឹម១៥%កាលពីពេលថ្មីៗក៏ដោយ ប៉ុន្តែការគំរាមកំហែងជាថ្មីនេះបានធ្វើឱ្យដៃគូពាណិជ្ជកម្មអឺរ៉ុបមានការព្រួយបារម្ភយ៉ាងខ្លាំង។ រដ្ឋមន្ត្រីពាណិជ្ជកម្មបារាំងលោក នីកូឡាស ហ្វូរីស៊ីយេ (Nicolas Forissier) បានបញ្ជាក់ថា អឺរ៉ុបនឹងមានកិច្ចពិភាក្សាដាច់ដោយឡែកលើបញ្ហាពន្ធគយនេះ ព្រោះវាមិនមែនជាគោលដៅចម្បងក្នុងក្របខណ្ឌ G7 ឡើយ។
កិច្ចប្រជុំក្រុមរដ្ឋមន្ត្រីពាណិជ្ជកម្ម G7 ដែលមានចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងអាម៉េរិកនៅថ្ងៃទី៦ ខែឧសភា នេះ ត្រូវបានគេរំពឹងថា នឹងពិភាក្សាលើចំណុចអាទិភាពមួយចំនួនរួមមានការដោះស្រាយបញ្ហាផលិតកម្មលើសកម្រិត ដែលជះឥទ្ធិពលអវិជ្ជមានដល់ពាណិជ្ជកម្មសេរី។ ទោះបីជាមិនបានបញ្ចេញឈ្មោះចំៗ ប៉ុន្តែវាត្រូវបានគេមើលឃើញថាជាការសំដៅទៅលើគោលនយោបាយឧបត្ថម្ភធនរបស់ចិនលើវិស័យឧស្សាហកម្ម។ បន្ថែមលើនេះនឹងពិភាក្សាគ្នាលើការធានាសន្តិសុខសេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មការផ្គត់ផ្គង់រ៉ែសំខាន់ៗ សម្រាប់យកមកផលិតទំនិញយុទ្ធសាស្ត្រ ដូចជាបន្ទះឈីបកុំព្យូទ័រ និងអាគុយរថយន្តអគ្គិសនីជាដើម។
សូមបញ្ជាក់ថា លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មនេះនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចប្រជុំកំពូល នៃប្រមុខរដ្ឋ និងរដ្ឋាភិបាល G7 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមិថុនា ខាងមុខ នៅទីក្រុងអេវៀន (Evian) ប្រទេសបារាំង៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស