ម្ចាស់ហាងមាសពេជ្រ ទី មង្គល ដែលមានទីតាំងនៅរាជធានីភ្នំពេញ បានអះអាងថា ហាងឆេងតម្លៃមាសនៅកម្ពុជាបានធ្លាក់ចុះជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ ជាពិសេសកាលពីថ្ងៃទី ១៧ ខែមិថុនា ម្សិលមិញនេះ តម្លៃមាសបានធ្លាក់ចុះយ៉ាងគំហុករហូតដល់ ៤០ដុល្លារក្នុងមួយតម្លឹង ដែលជាការធ្លាក់ចុះខ្លាំងបំផុត។ បើតាមហាងឆេងរបស់ហាងមាសពេជ្រ ទី មង្គល នៅថ្ងៃទី១៧ ខែមិថុនា មាស១តម្លឹងលក់ចេញក្នុងតម្លៃ ២,២១០ដុល្លារ ខណៈកាលពីថ្ងៃទី១៦ មិថុនា មាស១តម្លឹងលក់ចេញក្នុងតម្លៃ២,២៥០ដុល្លារអាមេរិក។
បើយើង មើលទៅលើទីផ្សារមាសពិភពលោកដែលបានជួញដូរកាលពីថ្ងៃទី ១៧ មិថុនា ម្សិលមិញនេះវិញ គឺមានតម្លៃក្នុងរង្វង់ ១ពាន់៨រយដុល្លារអាមេរិកក្នុងមួយអោន ធ្លាក់ចុះប្រមាណ៣% ដោយមាស ១អោនស្មើនឹងជាង៨ជី។
បើទោះបីជាតម្លៃមាននៅមួយរយៈចុងក្រោយនេះធ្លាក់ថ្លៃក៏ដោយ ប៉ុន្ដែ អាជីវករលក់មាសនៅរាជធានីភ្នំពេញបានគូសបញ្ជាក់បន្ថែមថា ក្រោយកម្ពុជាផ្ទុះការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈ ចរន្តនៃការទិញលក់នៅហាងរបស់លោកហាក់ស្ងាត់ជាងធម្មតា មិនសូវមានអ្នកមកទិញ ឬលក់ច្រើននោះទេ។
ជាមួយគ្នានេះ
លោកស្រីម្ចាស់ហាងមាសពេជ្រ ប៉ា ប៉ាវ ដែលសុំមិនបញ្ចេញឈ្មោះបានអះអាងដូចគ្នាថា
ហាងឆេងតម្លៃមាសនៅហាងរបស់ លោកស្រី ក៏មានការធ្លាក់ចុះខ្លាំងផងដែរកាលពីម្សិលមិញ
បន្ទាប់ពីមានការធ្លាក់ចុះជាបន្តបន្ទាប់ នៅប៉ុន្មានថ្ងៃចុងក្រោយកន្លងមកនេះ។
លោកស្រីម្ចាស់ហាងមាសពេជ្រនៅខេត្តកំពតរូបនេះបានកត់សម្គាល់ឃើញថា ក្រោយកម្ពុជាមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
មិនសូវមានអតិថិជនមកទិញមាសនោះទេ ហើយបើមានភាគច្រើនជាអ្នកយកមាសមកលក់។
ជុំវិញហាងឆេងតម្លៃមាសធ្លាក់ចុះនេះដែរ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ ហិរញ្ញវត្ថុ នៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីងឃែភីថលអះអាងថា មូលហេតុដែលធ្វើឲ្យតម្លៃមាសនៅកម្ពុជា ក៏ដូចជាលើទីផ្សារសកលមានធ្លាក់ចុះ ដោយសារការរំពឹងនៃការឡើងថ្លៃនៃតម្លៃលុយដុល្លាររបស់ធនាគារកណ្តាលសហរដ្ឋអាមេរិកនាពេលខាងមុខ។ ការងើបឡើងវិញនៃវិស័យសេដ្ឋកិច្ចពិភពលោក ក្រោយការអាចគ្រប់គ្រងស្ថានការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំងបង្ការ ក៏កត្តារួមចំណែកធ្វើតម្លៃមាសធ្លាក់ចុះផងដែរ។ អ្នកជំនាញរូបនេះ គូសបញ្ជាក់ទៀតថា ការធ្លាក់ចុះនៃតម្លៃមាសនេះ ហុចទាំងផលវិជ្ជមាន និងអវិជ្ជមាន។
អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា
ក្រោយផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ការទិញមាសទុកនៅកម្ពុជាមិនសូវមាននោះទេ។
ប៉ុន្តែប្រទេសធំៗជាច្រើននៅលើពិភពលោកបាននាំគ្នាសម្រុកទិញមាសទុក
ដើម្បីទុកធ្វើជាទុនបម្រុងក្នុងការស្តារសេដ្ឋកិច្ចរបស់ពួកគេ៕