ជុំវិញបញ្ហានេះអ្នកជំនាញសេដ្ឋកិច្ចបានព្រមានថា ការរឹតត្បិតការចំណាយរបស់ប្រជាពលរដ្ឋ កំពុងបង្កសម្ពាធយ៉ាងធ្ងន់ធ្ងរលើអាជីវកម្មខ្នាតតូច និងសេដ្ឋកិច្ចគ្រួសារ ដោយតម្រូវឱ្យរដ្ឋាភិបាលដាក់ចេញវិធានការអន្តរាគមន៍បន្ទាន់។
ក្រុមអាជីវករលក់ត្រី សាច់ និងបន្លែនៅផ្សារដើមគបានអះអាងថា ស្ថានភាពលក់ដូរប្រចាំថ្ងៃ បច្ចុប្បន្នហាក់មានភាពស្ងប់ស្ងាត់ជាងមុន ដោយចំនួនប្រជាពលរដ្ឋ ដែលធ្វើដំណើរមកផ្សារ ដើម្បីទិញម្ហូបអាហារហាក់មានការថយចុះ។ លោកស្រី ហួច ទូច អាជីវករលក់បន្លែនៅផ្សារដើមគបានលើកឡើងថា ការលក់ដូរបច្ចុប្បន្នគ្រាន់តែអាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបានតិចតួចប៉ុណ្ណោះ ហើយពេលខ្លះការលក់អាចទូទាត់បានត្រឹមថ្លៃដើម ខណៈពេលខ្លះខាត ដោយសារចំនួនអតិថិជនមកទិញមានការថយចុះ។
ជាមួយគ្នានេះលោកស្រី ដាញ ម៉ាច អាជីវករលក់ត្រីនៅផ្សារដើមគបានគូសបញ្ជាក់ថា តម្លៃត្រីរ៉ស់បោះដុំបច្ចុប្បន្នបានហក់ឡើងដល់ប្រមាណ២២,០០០រៀលក្នុងមួយគីឡូក្រាម ខណៈកាលពីមុនមានតម្លៃត្រឹមតែ១៨,០០០ ទៅ ២០,០០០រៀលប៉ុណ្ណោះ។ លោកស្រី បានបន្តថា ទោះបីតម្លៃត្រីមានការកើនឡើង និងចំនួនប្រជាពលរដ្ឋមកផ្សារហាក់ថយចុះក្តី ក៏លោកស្រីនៅតែអាចលក់បាន ដោយពឹងផ្អែកលើអតិថិជន និងម៉ូយប្រចាំថ្ងៃ។
ដោយឡែកលោកស្រី ចិន សៀងហៃ និងលោកស្រី កែទ ទីវ៉ា អាជីវករលក់សាច់ជ្រូក និងសាច់គោនៅផ្សារដើមគដែរនោះបានរអ៊ូរទាំដូចគ្នាថា នៅមួយរយៈចុងក្រោយនេះការលក់ហាក់មានសភាពស្ងប់ស្ងាត់ជាងមុន ដែលធ្វើឱ្យលក់របស់ពួកគេថយចុះចន្លោះពី៣០ទៅ៥០គីឡូក្រាម។ ទន្ទឹមនឹងនេះ អាជីវករទាំងពីររូបនេះបានស្នើក្រុមហ៊ុន ឬអ្នកផ្គត់ផ្គង់សាច់ពិចារណាជួយបញ្ចុះតម្លៃ ដើម្បីកាត់បន្ថយសម្ពាធលើអាជីវករ និងអ្នកប្រើប្រាស់។
ជុំវិញបញ្ហានេះលោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញបច្ចុប្បន្នហាក់រឹតត្បិតការចំណាយ ដោយសារប្រឈមនឹងសម្ពាធពីស្ថានភាពសេដ្ឋកិច្ច និងការកើនឡើងតម្លៃប្រេងឥន្ធនៈ។ បើតាមអ្នកជំនាញរូបនេះ ស្ថានភាពនេះបានឆ្លុះបញ្ចាំងថា ប្រជាពលរដ្ឋកំពុងកាត់បន្ថយការចំណាយដែលមិនចាំបាច់ និងប្រុងប្រយ័ត្នជាងមុនក្នុងការប្រើប្រាស់ប្រាក់។ លោកបណ្ឌិត ញិល រដ្ឋា បានបន្តថា ការថយចុះអំណាចទិញរបស់ប្រជាពលរដ្ឋបានធ្វើឱ្យការទិញទំនិញក្នុងបរិមាណច្រើនមានការថយចុះ ហើយស្ថានភាពនេះអាចប៉ះពាល់ដល់អាជីវកម្មខ្នាតតូច និងមធ្យម ពិសេសនៅពេលប្រជាពលរដ្ឋប្រឈមនឹងការថយចុះប្រាក់ចំណូល កាតព្វកិច្ចសងបំណុល ការត្រៀមថវិកាបម្រុងសម្រាប់អនាគត និងការកើនឡើងថ្លៃចំណាយប្រចាំថ្ងៃ។
ស្ថិតក្នុងស្ថានភាពនេះ អ្នកជំនាញរូបនេះយល់ឃើញថា រដ្ឋាភិបាលគួរតែពិចារណាដាក់ចេញវិធានការអន្តរាគមន៍សេដ្ឋកិច្ចបន្ទាន់ ដើម្បីស្តារអំណាចទិញ និងជួយសម្រាលជីវភាពប្រជាពលរដ្ឋ តាមរយៈការគ្រប់គ្រងថ្លៃដើមទំនិញឱ្យមានស្ថិរភាព ការបន្ធូរបន្ថយ ឬលើកលែងពន្ធមួយចំនួន និងការសម្របសម្រួលលក្ខខណ្ឌសងបំណុលសម្រាប់ពលរដ្ឋ ដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុ៕
អត្ថបទដោយ៖ ជា ម៉ារ៉ា, រូបភាព សេង វិន