វិស័យពន្ធដារ

ពន្ធដារប្រមូលចំណូលបានជាង១,៧ពាន់​លានដុល្លារនៅ៤ខែឆ្នាំនេះ តើវាបានឆ្លុះបញ្ចាំងបែបណាពីអាជីវកម្ម និងម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា?


ទោះបីជាស្ថានភាពសេដ្ឋកិច្ចកម្ពុជា បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនក៏ពិតមែន ប៉ុន្តែការប្រមូលចំណូលពន្ធដាររបស់កម្ពុជា នៅឆ្នាំនេះ នៅតែបន្តមានស្ថានភាពល្អប្រសើរ ដោយនៅក្នុងរយៈពេល៤ខែកន្លងមកនេះ ពន្ធដារប្រមូលចំណូលបានប្រមាណជាង១,៧ពាន់លានដុល្លារ ស្មើនឹងជាង៤៦% នៃផែនការដែលបានកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។ តាមរយៈលទ្ធផលដែលទទួលបានក្នុងរយៈពេល៤ខែនេះ តើវាបានឆ្លុះបញ្ចាំងបែបណាដល់ស្ថានភាពដំណើរការអាជីវកម្ម និងម៉ាក្រូសេដ្ឋកិច្ចកម្ពុជា?
វិស័យពន្ធដារ
ដោយ

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានចាត់ទុកការប្រមូលចំណូលពន្ធអាកររបស់អគ្គនាយកដ្ឋានពន្ធដារ សម្រេចបានជាង៤៦% នៅរយៈពេល៤ខែឆ្នាំនេះ គឺបានបង្ហាញពីភាពរឹងមាំ នៃសកម្មភាពសេដ្ឋកិច្ចផ្ទៃក្នុងរបស់កម្ពុជា។ បើតាមអ្នកជំនាញរូបនេះ លទ្ធផលដែលសម្រេចបាននេះត្រូវបានជំរុញ ដោយការរីកចម្រើនរបស់ខ្សែច្រវាក់ផលិតកម្មក្នុងស្រុក ក្រោយបិទព្រំដែនគោកកម្ពុជា-ថៃ និងកំណើនខ្ពស់ នៃគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មមិនមែនកាត់ដេរ ដែលជាប្រភពចំណូលពន្ធថ្មី។ ម្យ៉ាងវិញទៀត ការពង្រឹងប្រសិទ្ធភាព នៃប្រព័ន្ធឌីជីថល និងជារដូវកាលប្រមូលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំផងនោះ ក៏ជាកត្តាជំរុញឱ្យពន្ធដារសម្រេចបានលទ្ធផលខ្ពស់នៅ៤ខែនេះដែរ។ តាមរយៈលទ្ធផលនេះ លោកបណ្ឌិត ញិល រដ្ឋា វាយតម្លៃថា ការប្រមូលចំណូលពន្ធអាកររបស់អគ្គនាយដ្ឋានដារ នឹងអាចសម្រេចបានគ្រប់ ឬលើសផែនការដែលបានកំណត់នៅឆ្នាំ២០២៦ នេះ។
ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា តាមរយៈលទ្ធផលដែលអគ្គនាយកដ្ឋានពន្ធដារ ទទួលបាននៅ៤ខែកន្លងមកនេះ បានបង្ហាញពីសញ្ញាវិជ្ជមាននៃដំណើរការសេដ្ឋកិច្ចកម្ពុជា កំពុងមានភាពធន់ និងឆ្លុះបញ្ចាំងថា សកម្មភាពអាជីវកម្ម ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្តមានភាពល្អប្រសើរ។ សម្រាប់អ្នកជំនាញរូបនេះ ការចុះបញ្ជីរបស់សហគ្រាសថ្មីៗ កំពុងបន្ថែមប្រភពចំណូលពន្ធ ខណៈការប្រើប្រាស់បច្ចេកវិទ្យា និងការលើកទឹកចិត្តឱ្យមានការចុះបញ្ជីអាជីវកម្មត្រឹមត្រូវ គឺជាផ្នែកមួយធ្វើឱ្យការប្រមូលចំណូលពន្ធដារកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា អគ្គនាយកដ្ឋានពន្ធដារ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលចំណូលជូនរដ្ឋ និងជំរុញការអភិវឌ្ឍលើគ្រប់វិស័យក្នុងការគាំទ្រដល់វិស័យឯកជន ដែលជាក្បាលម៉ាស៊ីនដ៏ចាំបាច់ នៃកំណើនសេដ្ឋកិច្ច និងជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ។ បន្ថែមលើនេះ ការចូលរួមចំណែករបស់ពន្ធដារ ក៏បានកាត់បន្ថយអំពើគេចវេសពន្ធ សំដៅលើកកម្ពស់អនុលោមភាពសារពើពន្ធ និងធានាឱ្យមានបរិយាកាសធុរកិច្ចស្មើភាព ដែលជាកត្តាដ៏សំខាន់សម្រាប់ធានានូវភាពរស់រវើកនៃកម្មភាពសេដ្ឋកិច្ចជាតិ។
បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ នៅក្នុងរយៈពេល៤ខែ ឆ្នាំ២០២៦ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធអាករបានប្រមាណ១,៧៨២លានដុល្លារ ស្មើនឹងជាង៤៦% នៃផែនការដែលបានកំណត់ក្នុងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ដែលកំណត់ប្រមូលឱ្យបាន៣,៨១២លានដុល្លារ។ យ៉ាងណាមិញ ចំណូលដែលត្រូវបានប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ បានកើនគួរឱ្យគត់សម្គាល់ ដោយមានកំណើនជិត៤ដង ក្នុងរយៈពេល១៣ឆ្នាំចុងក្រោយនេះ ពីចំនួនត្រឹមតែប្រមាណ ៧៣៨លានដុល្លារក្នុងឆ្នាំ២០១២ កើនដល់៣,៥៧៧លានដុល្លារក្នុងឆ្នាំ២០២៥៕




អត្ថបទបន្ទាប់


រោងចក្រនៅថៃ បិទទ្វារច្រើនជាងបើកថ្មី ខណៈអាជីវកម្មខ្នាតតូច និងមធ្យមកំពុងជួបវិបត្តិកាន់តែខ្លាំង

ប្រទេសថៃ ​កំពុងជួប​វិបត្តិ​សេដ្ឋកិច្ច​កាន់​តែធ្ងន់ ​ដោយសារបញ្ហា​ចាក់ស្រេះជាច្រើន​រួម​មាន ​វិបត្តិសកល​ដែលបណ្ដាលមកពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌…

តើការឈ្លោះហែកហួរគ្នារវាងបុគ្គលល្បីៗនៅលើបណ្តាញសង្គមវាអាចជះឥទ្ធិពលអវិជ្ជមានយ៉ាងណាដល់សង្គម និងប្រទេសជាតិ?

ក្រុមអ្នកជំនាញ និងអ្នកតាមដានស្ថានការណ៍សង្គម បានចេញមុខព្រមានពីសញ្ញាណអវិជ្ជមាននៃការបែកបាក់សាមគ្គីភាពផ្ទៃក្នុង បន្ទាប់ពីមានករណីផ្សាយបន្តផ្ទាល់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ