ជាក់ស្ដែងការិយាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងសង្គមថៃ (NESDC) បានរាយការណ៍អំពីស្ថានភាពឧស្សាហកម្មក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦ ដោយចង្អុលបង្ហាញពីសញ្ញាព្រមានសេដ្ឋកិច្ចដ៏គួរឱ្យព្រួយបារម្ភ ខណៈដែលចំនួនរោងចក្របិទទ្វារបានកើនឡើងលើសពីចំនួនរោងចក្របើកថ្មី ដែលនេះគឺជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេលជាងពីរឆ្នាំមកនេះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។
ប្រទេសថៃ កំពុងជួយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចគួរឱ្យព្រួយបារម្ភ ខណៈចំនួនរោងចក្របិទទ្វារ បានកើនលើសរោងចក្របើកថ្មី ជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេល១០ត្រីមាស ឬជាង២ឆ្នាំកន្លះមកនេះ។ ទិន្នន័យពីការិយាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងសង្គមថៃ បានបង្ហាញថា នៅត្រីមាសទី១ ឆ្នាំ២០២៦ មានរោងចក្របិទទ្វារចំនួន១៥៦កន្លែងកើនឡើងជាង១១% ខណៈរោងចក្របើកថ្មីមានត្រឹមតែ១៣៩កន្លែងប៉ុណ្ណោះធ្លាក់ចុះជិត៦៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
ស្ថិតក្នុងស្ថានភាពបែបនេះ អាជីវកម្មដែលរងផលប៉ះពាល់ខ្លាំងបំផុត គឺអាជីវកម្មខ្នាតតូច និងមធ្យម SME ដែលកំពុងប្រឈមបញ្ហាខ្វះដើមទុន ប្រកួតប្រជែងមិនឈ្នះទំនិញនាំចូលថោកៗ និងថ្លៃដើមផលិតហក់ឡើងខ្ពស់ ជាពិសេសថ្លៃថាមពល និងវត្ថុធាតុដើម។ វិស័យដែក ផលិតផលកសិកម្ម និងរោងចក្រតូចៗជាច្រើនកំពុងបិទទ្វារកាន់តែច្រើន។
រដ្ឋាភិបាលថៃ ក៏កំពុងព្រួយបារម្ភពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា និងការបិទច្រកសមុទ្រ Hormuz ក្នុងការធ្វើឱ្យប៉ះពាល់ដល់ការនាំចេញរបស់ថៃ ជាពិសេសរថយន្ត គ្រឿងបន្លាស់ គ្រឿងអេឡិចត្រូនិក ម៉ាស៊ីនត្រជាក់ និងអាហារកែច្នៃ។
ក្រុមអ្នកជំនាញសេដ្ឋកិច្ចថៃ បានព្រមានថា អាជីវកម្មខ្នាតតូច និងមធ្យមកំពុងចូលដល់ដំណាក់កាលគ្រោះថ្នាក់ហើយ ដោយសារធនាគារនានា រឹតបន្តឹងការផ្តល់កម្ចីអស់រយៈពេល១៣ត្រីមាសជាប់គ្នា ហើយ SME ជាច្រើនកំពុងផ្អាកដំណើរការ ឬប្តូរពីអ្នកផលិតទៅជាអ្នកលក់វិញ ដោយសារទប់ទល់ថ្លៃដើមផលិតលែងជាប់៕
ដោយ: តែម សុខុម