សារព័ត៌មាន BBC បានរាយការណ៍ថា ក្រុមហ៊ុន SpaceX របស់លោក អេឡុន ម៉ាស បានបង្ហាញពីផែនការក្នុងការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO) នៅសហរដ្ឋអាម៉េរិក ដើម្បីអនុញ្ញាតឱ្យវិនិយោគិនទូទៅអាចចូលរួមទិញ-លក់ និងជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុននេះដោយសេរីនៅលើទីផ្សារចំហ។
ក្រុមហ៊ុន SpaceX ដែលល្បីល្បាញលើការផលិតរ៉ុក្កែត, ការផ្តល់សេវាអ៊ីនធឺណិតតាមផ្កាយរណប Starlink ព្រមទាំងជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត xAI និងបណ្តាញសង្គម X ផងនោះ បានប្រកាសជាលើកដំបូងថា ផែនការបោះផ្សាយលក់ភាគហ៊ុនលើកនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ Wall Street។ ក្រុមហ៊ុន ក៏បានបញ្ជាក់ដែរថា ដំណើរការជួញដូរអាចនឹងចាប់ផ្តើមនៅរង្វង់ខែក្រោយនេះ ក្រោមនិមិត្តសញ្ញាសម្គាល់ភាគហ៊ុន «SPCX»។
យោងតាមឯកសារត្រៀមចុះបញ្ជី តម្លៃទីផ្សាររបស់ក្រុមហ៊ុន SpaceX ត្រូវបានគេប៉ាន់ប្រមាណថា មានទំហំរហូតដល់ជាង១,២ទ្រីលានដុល្លារ ខណៈដែលលោក អេឡុន ម៉ាស ផ្ទាល់ កំពុងក្តោបក្តាប់ភាគហ៊ុននៅក្នុងដៃដែលមានតម្លៃប្រមាណ៦០០ពាន់លានដុល្លារទៅហើយ។
គួររំឮកថា កាលពីឆ្នាំ២០២៥ កន្លងទៅ លោក អេឡុន ម៉ាស ដែលជាមេក្រុមហ៊ុនរថយន្តអគ្គិសនី Tesla ត្រូវបានចាត់ទុកថា ជាបុគ្គលដំបូងគេបង្អស់ក្នុងលោក ដែលមានទ្រព្យសម្បត្តិសុទ្ធលើសពី៥០០ពាន់លានដុល្លារ។ ដូច្នេះ ប្រសិនបើបូករួមបញ្ចូលទាំងតម្លៃភាគហ៊ុន ដែលលោកកាន់កាប់នៅក្នុងក្រុមហ៊ុន SpaceX នាពេលនេះបន្ថែមទៀតនោះ ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីរូបនេះនឹងហក់ឡើងហួសពី១ទ្រីលានដុល្លារជាផ្លូវការ៕
ដោយៈ សរ សុជាតិ