សារព័ត៌មាន The Edge Malaysia បានរាយការណ៍ថា សិង្ហបុរី រួមជាមួយបណ្តាប្រទេស និងដែនដីចំនួន៩ផ្សេងទៀត បានរួមគ្នាបើកប្រតិបត្តិការទ្រង់ទ្រាយធំក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញឆ្លងដែន ដោយបានស៊ើបអង្កេតលើមនុស្សសរុប៧,៥៥៣នាក់ ពាក់ព័ន្ធនឹងករណីឆបោកជាង ១៣៨,០០០ករណី។ ប្រតិបត្តិការបង្ក្រាបរួមគ្នានេះមានឈ្មោះថា Operation Frontier+ III ដែលត្រូវបានអនុវត្តឡើងចាប់ពីថ្ងៃទី១០ ខែមីនា រហូតដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។ យុទ្ធនាការនេះធ្វើឡើងក្រោមការសហការគ្នាយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរដែនដីហុងកុង ម៉ាកាវ និងប្រទេសចំនួន៨ទៀត រួមមាន ម៉ាល់ឌីវ, ម៉ាឡេស៊ី, កូរ៉េខាងត្បូង, ថៃ, ឥណ្ឌូនេស៊ី, ព្រុយណេ, កាណាដា និងសិង្ហបុរី។
យោងតាមការបញ្ជាក់ពីប៉ូលិសសិង្ហបុរី បានឱ្យដឹងថា មនុស្សចំនួន៣,០១៨នាក់ ដែលមានអាយុចន្លោះពី ១៣ ឆ្នាំ ដល់ ៨៥ ឆ្នាំ ត្រូវបានចាប់ខ្លួន ខណៈគណនីធនាគារជិត១០២,០០០គណនី ត្រូវបានបង្កកជាបណ្តោះអាសន្ន និងថវិកាដែលទទួលបានពីទង្វើខុសច្បាប់ត្រូវបានរឹបអូសបានជាង១៦១លានដុល្លារអាម៉េរិក។
ដោយឡែកគិតត្រឹមតែនៅក្នុងប្រទេសសិង្ហបុរីតែមួយ មានមនុស្សជាង១៣០នាក់ត្រូវបានចាប់ខ្លួនភ្លាមៗ ខណៈមនុស្សជាង១,០០០នាក់ផ្សេងទៀត កំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងដិតដល់។ ពួកគេទាំងអស់នោះ បានជាប់ពាក់ព័ន្ធនឹងករណីឆបោកជាង៣,០០០ករណី ដែលបានបង្កការខាតបង់ដល់ជនរងគ្រោះសរុបជាទឹកប្រាក់លើសពីជាង៦៩លានដុល្លារសិង្ហបុរី។
ក្រៅពីនេះ អាជ្ញាធរសិង្ហបុរី ក៏បានសហការជាមួយអាជ្ញាធរម៉ាឡេស៊ី ដើម្បីវាយកម្ទេចបណ្តាញលាងលុយកខ្វក់ដ៏ធំមួយនៅក្នុងទីក្រុងចូហ័រ បារូ (Johor Bahru) ផងដែរ។ នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានចាប់ខ្លួនជនជាតិម៉ាឡេស៊ី ចំនួន៣នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមានទូរសព្ទដៃចំនួន៨៣ គ្រឿង, ឧបករណ៍ផ្ទៀងផ្ទាត់ប្រព័ន្ធធនាគារចំនួន៤៥គ្រឿង និងកុំព្យូទ័រមួយគ្រឿង ដែលក្រុមឧក្រិដ្ឋជនប្រើប្រាស់សម្រាប់សកម្មភាពឆបោកឆ្លងដែននេះ៕
ដោយ: តែម សុខុម