បំពុលទឹកទន្លេមេគង្គ

ការរុករករ៉ែកម្រ និងមាសខុសច្បាប់នៅមីយ៉ាន់ម៉ាកំពុងបំពុលទឹកទន្លេមេគង្គ ដែលកំពុងគំរាមកំហែងដល់ប្រទេសនៅខ្សែទឹកខាងក្រោម


ក្រុមអ្នកវិទ្យាសាស្ត្រ និងសកម្មជនបរិស្ថានសកលបានបន្លឺសំឡេងព្រមានជាថ្មីអំពីវិបត្តិគ្រោះមហន្តរាយបរិស្ថានដ៏គួរឱ្យភ័យខ្លាចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នោះគឺការហូរធ្លាយសារធាតុពុលយ៉ាងគំហុគពីសកម្មភាពរុករករ៉ែកម្រ និងរ៉ែមាស ដែលគ្មានការត្រួតពិនិត្យត្រឹមត្រូវនៅក្នុងប្រទេសមីយ៉ាន់ម៉ាចូលមកក្នុងដងទន្លេមេគង្គ។ អ្វីដែលជាចំណោទកាន់តែធ្ងន់ធ្ងរទៅទៀតនោះ គឺខណៈពេលដែលទន្លេមេគង្គត្រូវការការសង្គ្រោះបន្ទាន់តាមរយៈកិច្ចសហប្រតិបត្តិការរួមគ្នារវាងបណ្តាប្រទេសក្នុងតំបន់ ភ្លើងជម្លោះព្រំដែន និងចរន្តជាតិនិយមជ្រុលរវាងប្រទេសជិតខាងបែរជាក
បំពុលទឹកទន្លេមេគង្គ
ដោយ

ទស្សនាវដ្តី The Diplomat បានរាយការណ៍ថា មូលដ្ឋានគ្រឹះនៃជីវិត និងប្រព័ន្ធអេកូឡូស៊ីនៅក្នុងអាងទន្លេមេគង្គ កំពុងរងការបំពុលដោយស្ងាត់ៗ។ សកម្មភាពជីកយករ៉ែកម្រ និងរ៉ែមាសខុសច្បាប់យ៉ាងអនាធិបតេយ្យនៅក្នុងរដ្ឋសាន ភាគខាងកើតប្រទេសមីយ៉ាន់ម៉ាបានបង្ហូរជាតិពុលចូលទៅក្នុងទន្លេឆ្លងដែន បន្ទាប់មកហូរកាត់ភាគខាងជើងប្រទេសថៃ មុននឹងធ្លាក់ចូលទៅក្នុងដងទន្លេមេគង្គ ដែលជាសរសៃឈាមសេដ្ឋកិច្ច និងជាប្រភពទឹកប្រើប្រាស់របស់មនុស្សរាប់សិបលាននាក់។
លោកវេជ្ជបណ្ឌិត ស៊ឺបសាគុន គីតនូខន អ្នកវិទ្យាសាស្ត្របរិស្ថានជនជាតិថៃបានព្រមានថា សារធាតុលោហៈដ៏មានគ្រោះថ្នាក់ ដូចជាសំណ និងអាសេនិក បានជ្រាបចូលទៅក្នុងដីល្បាប់ខ្សាច់តាមដងទន្លេមេគង្គក្នុងកម្រិតខ្ពស់គួរឱ្យបារម្ភ។ ជាតិពុលទាំងនេះមិនត្រឹមតែបំផ្លាញគុណភាពទឹកប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងជ្រាបចូលទៅក្នុងខ្សែច្រវាក់អាហារធម្មជាតិដូចជាពពួកត្រី និងរុក្ខជាតិជាដើម ដែលនឹងបង្កជាផលវិបាកសុខភាពយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋក្នុងតំបន់ទាំងមូល។
ទាក់ទិននឹងវិបត្តិនេះគណៈកម្មាការទន្លេមេគង្គបានបញ្ជាក់នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា វត្តមានសារធាតុអាសេនិកនៅក្នុងទឹក និងដីល្បាប់ទាមទារឱ្យមានការតាមដានយ៉ាងម៉ឺងម៉ាត់បំផុត។ ងាកមកមើលប្រទេសកម្ពុជាដែលស្ថិតនៅខ្សែទឹកខាងក្រោម និងជាប្រទេសសម្បូរទៅដោយជីវៈចម្រុះ និងតំបន់ដីសើម នៃបឹងទន្លេសាប ក៏កំពុងឈរនៅលើបន្ទាត់ក្រហម នៃក្តីបារម្ភនេះផងដែរ។ លោក កាំង វិញទៀង មន្ត្រីស្រាវជ្រាវ និងជាសាស្ត្រាចារ្យនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានអះអាងថា ទោះបីជាកម្ពុជាមានសមត្ថភាពពេញលេញក្នុងការធ្វើតេស្ត និងវិភាគរកសារធាតុបំពុលក៏ដោយ ប៉ុន្តែក្តីបារម្ភធំបំផុត គឺរលកធាតុពុល ដែលហូរធ្លាក់ពីប្រទេសខ្សែទឹកខាងលើដូចជាមីយ៉ាន់ម៉ា ថៃ និងចិន។
ទោះជាយ៉ាងណាដំណោះស្រាយឆ្លងដែននេះកំពុងជួបភាពទាល់ច្រក។ ចាប់តាំងពីវិវាទព្រំដែនបានផ្ទុះឡើងកាលពីចុងឆ្នាំមុនមក ចរន្តជាតិនិយមជ្រុលនៅលើបណ្តាញសង្គមទាំងនៅក្នុងប្រទេសថៃ និងកម្ពុជាបានរុញច្រានឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីធ្លាក់ចុះដល់ចំណុចសូន្យ។ លោកសាស្ត្រាចារ្យ កាំង វិញទៀង បានសង្កត់ធ្ងន់ថា ការបំពុលទឹកទន្លេមេគង្គមិនមែនជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ វាជាវិបត្តិឆ្លងដែនកម្រិតតំបន់ ពោលគឺកម្ពុជាមិនអាចដោះស្រាយវាតែម្នាក់ឯងបានទេ បើគ្មានការចាប់ដៃគ្នាពីគ្រប់រដ្ឋជាសមាជិក។
ក្រុមអ្នកវិភាគបានវាយតម្លៃថា ប្រទេសតែមួយគត់ដែលមានឥទ្ធិពល និងសមត្ថភាពពេញលេញក្នុងការកាត់ផ្តាច់ប្រភពពុលនៅរដ្ឋសាន ប្រទេសមីយ៉ាន់ម៉ា គឺប្រទេសចិន។ មូលហេតុ គឺដោយសារតែអណ្តូងរ៉ែកម្រទាំងនោះ មិនត្រឹមតែត្រូវបានវិនិយោគ និងគ្រប់គ្រងដោយក្រុមហ៊ុនចិនប៉ុណ្ណោះទេ ប៉ុន្តែតំបន់នោះ គឺស្ថិតនៅក្រោមការត្រួតពិនិត្យទាំងស្រុងពីសំណាក់កងទ័ពរដ្ឋវ៉ា ដែលជាកងកម្លាំងតំណាងដ៏មានឥទ្ធិពលរបស់ទីក្រុងប៉េកាំង៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


បំណុលពលរដ្ឋនៅថៃហក់ឡើងដល់៣៩០ពាន់លានដុល្លារ ដោយមនុស្សម្នាក់មានគណនីកម្ចីជាមធ្យម៤

បំណុលពលរដ្ឋ​ក្នុង​ប្រទេសថៃ ដែល​ពេល​នេះ​មានទំហំរហូតដល់​ទៅជាង១៣ទ្រីលានបាត ឬ ប្រមាណ៣៩០ពាន់លានដុល្លារ លែងផ្តោត​តែលើប្រាក់កម្ចីធំៗដូចមុនទៀ…

ក្រុមហ៊ុន Alibaba របស់ចិនសុខចិត្តបង់ប្រាក់៦០០លានដុល្លារឱ្យអាម៉េរិក ដើម្បីបញ្ចប់ទោសព្រហ្មទណ្ឌ

រញ្ជួយពិភពបច្ចេកវិទ្យាពិភពលោក ដោយក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំរបស់ចិន Alibaba សុខចិត្តបង់ប្រាក់ពិន័យរហូតដល់ទៅ៦០០លានដុល្លារអាម៉េ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ