យោងតាមសហព័ន្ធឧស្សាហកម្មថៃ (FTI) ទឹកជំនន់ធ្ងន់ធ្ងរនៅទីក្រុងបាងកក និងខេត្តចំនួន១៤ បានបណ្តាលឱ្យវិស័យផលិតកម្មរបស់ថៃខាតបង់ដោយផ្ទាល់ប្រមាណ៣០លានដុល្លារអាម៉េរិក។ តំបន់ឧស្សាហកម្ម Amata City Chonburi ស្ថិតក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត បន្ទាប់ពីទំនប់ទឹកបាក់ បណ្តាលឱ្យទឹកជំនន់កម្ពស់ប្រមាណ៣០ទៅ៧០សង់ទីម៉ែត្រហូរចូលតំបន់ឧស្សាហកម្ម។ យ៉ាងហោចណាស់រោងចក្រចំនួន៣៤បានរងការខូចខាតដោយផ្ទាល់។ ការខាតបង់រួមមានការខូចខាតឧបករណ៍ និងវត្ថុធាតុដើម ការផ្អាកផលិតកម្ម ព្រមទាំងការរាំងស្ទះដល់ការដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់។
ប៉ុន្តែទំហំខូចខាតសរុបអាចធំជាងនេះឆ្ងាយណាស់។ សេដ្ឋវិទូថៃបណ្ឌិត អាត ភីសាន់វ៉ានិច (Aat Pisanwanich) បានប៉ាន់ប្រមាណថា ការខាតបង់ពីវិស័យកសិកម្ម ឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់
ទូទាំងប្រទេសថៃអាចមានទំហំប្រមាណ២ពាន់លានដុល្លារស្មើនឹងប្រមាណ០,៣% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ។
ជាមួយគ្នានេះអាជ្ញាធរថៃកំពុងត្រួតពិនិត្យប្រព័ន្ធការពារទឹកជំនន់ និងប្រព័ន្ធបង្ហូរទឹក ខណៈមានការព្យាករថា តំបន់មួយចំនួនអាចប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត។ អាជ្ញាធរតំបន់ឧស្សាហកម្មថៃ ក៏កំពុងរៀបចំវិធានការជួយសង្គ្រោះអាជីវកម្មដែលរងផលប៉ះពាល់ផងដែរ ខណៈរោងចក្រដែលរងការខូចខាតត្រូវប្រឈមនឹងការជួសជុល និងស្តារប្រតិបត្តិការឡើងវិញ៕
ដោយ: តែម សុខុម