សារព័ត៌មាន South China Morning Post បានរាយការណ៍នៅថ្ងៃទី២ ខែកក្កដា ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Alibaba បានរួចផុតពីការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌពីក្រសួងយុត្តិធម៌សហរដ្ឋអាម៉េរិក ក្រោយក្រុមហ៊ុននេះព្រមបង់ប្រាក់រហូតដល់៦០០លានដុល្លារ ដើម្បីបញ្ចប់ការស៊ើបអង្កេតចំពោះការបណ្តោយឱ្យបណ្តាញពាណិជ្ជកម្មតាមអនឡាញ ឬE-commerce របស់ខ្លួនមានការលក់ឱសថខុសច្បាប់ សារធាតុញៀនស្ថិតក្រោមការគ្រប់គ្រង និងផលិតផលហាមឃាត់ដទៃទៀតរាប់ពាន់មុខចូលទៅកាន់សហរដ្ឋអាម៉េរិក។
កិច្ចព្រមព្រៀងបញ្ចប់ការចោទប្រកាន់ខាងលើ ក៏បានរួមបញ្ចូលទាំងក្រុមហ៊ុន AUS Merchant Services ឬអតីត Alipay US ដែលបច្ចុប្បន្នជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Ant Group ផងដែរ។ បើទោះបីជាក្រុមហ៊ុនទាំងនោះរួចផុតពីការចោទប្រកាន់ពីបទព្រហ្មទណ្ឌនៅចំពោះមុខតុលាការក៏ដោយ ប៉ុន្តែពួកគេបានទទួលស្គាល់កំហុសចំពោះសកម្មភាព ដែលរកឃើញដោយក្រសួងយុត្តិធម៌អាម៉េរិក និងបានយល់ព្រមពង្រឹងយន្តការត្រួតពិនិត្យផ្ទៃក្នុងឱ្យកាន់តែហ្មត់ចត់បំផុត។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Alibaba បានប្រាប់អ្នកយកព័ត៌ថា ក្រុមហ៊ុនខ្លួនបានឈានដល់ដំណោះស្រាយប្រកបដោយការទទួលខុសត្រូវរួមគ្នាជាមួយនិយ័តករសហរដ្ឋអាម៉េរិកលើបញ្ហាគ្រប់គ្រងអាជីវករខាងក្រៅ។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ដំណោះស្រាយនេះឆ្លុះបញ្ចាំងពីដំណើរការត្រួតពិនិត្យខាងផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយមានកិច្ចសហប្រតិបត្តិការពេញលេញពី Alibaba និងជាការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុននេះក្នុងការអនុវត្តស្តង់ដាគ្រប់គ្រង ដើម្បីប្រឆាំងនឹងការលក់ផលិតផលខុសច្បាប់។
យោងតាមរបាយការណ៍របស់ក្រសួងយុត្តិធម៌សហរដ្ឋអាម៉េរិកក្រុមហ៊ុន Alibaba បានទទួលស្គាល់ថា ចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ២០២៤ អាជីវករដែលប្រើប្រាស់គេហទំព័រ Alibaba.com និង AliExpress បានធ្វើប្រតិបត្តិការទិញ-លក់ប្រហែល៨ម៉ឺនករណី ដែលពាក់ព័ន្ធនឹងការនាំទំនិញខុសច្បាប់ចូលអាម៉េរិករួមមានឱសថក្លែងក្លាយ សារធាតុញៀន សារធាតុគីមីផ្សំ និងឧបករណ៍សម្រាប់ផលិតថ្នាំញៀនខុសច្បាប់ជាដើម ដែលជាហេតុធ្វើឱ្យក្រុមហ៊ុនយក្សមួយនេះត្រូវបង្ខំចិត្តបង់លុយរាប់រយលានដុល្លារ ដើម្បីបញ្ចប់រឿងទម្រាំតែបានធូរស្រាលមកវិញ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស