បំណុលពលរដ្ឋ

បំណុលពលរដ្ឋនៅថៃហក់ឡើងដល់៣៩០ពាន់លានដុល្លារ ដោយមនុស្សម្នាក់មានគណនីកម្ចីជាមធ្យម៤


បំណុលពលរដ្ឋ​ក្នុង​ប្រទេសថៃ ដែល​ពេល​នេះ​មានទំហំរហូតដល់​ទៅជាង១៣ទ្រីលានបាត ឬ ប្រមាណ៣៩០ពាន់លានដុល្លារ លែងផ្តោត​តែលើប្រាក់កម្ចីធំៗដូចមុនទៀតហើយ។ ការព្រមានថ្មីមួយបង្ហាញថា វិបត្តិបំណុលនេះកំពុង​បំប្លែងខ្លួនទៅជាប្រាក់ខ្នាតតូចរួម​មាន​កម្ចីផ្ទាល់ខ្លួន និងប្រាក់កម្ចីប្រើប្រាស់ ដែលធ្វើឱ្យហានិភ័យគ្មានលទ្ធភាពសងត្រលប់កាន់តែរាលដាល​ទៅដល់អ្នកខ្ចី ឬកូនបំណុលរាប់លាននាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
បំណុលពលរដ្ឋ
ដោយ

ការិយាល័យឥណទានជាតិថៃ (NCB) បញ្ជាក់ថា ទំហំសរុបនៃបំណុលពលរដ្ឋនៅតែមានស្ថិរភាពក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ហើយសមាមាត្របំណុលធៀបនឹងផលិតផលក្នុងស្រុកសរុប (GDP) ក៏មានភាពប្រសើរឡើងបន្តិចផងដែរ។ ទោះជាយ៉ាងណា ក្រុមអ្នកជំនាញព្រមានថា បញ្ហាធំបំផុតនៅពេលនេះមិនមែនជាទំហំបំណុលទៀតឡើយ ប៉ុន្តែគឺជាគុណភាពបំណុល និងការកើនឡើងនៃការរៀបចំឥណទានឡើងវិញ។
ក្តីបារម្ភធំបំផុតមួយគឺ ឥណទានមិនដំណើរការ ឬបំណុលដែលហួសកាលកំណត់សងត្រលប់លើសពី ៩០ថ្ងៃ ដោយនៅត្រីមាសទី១ឆ្នាំនេះ ឥណទានមិនដំណើរការមានអត្រា៩,៣%។ ទោះបីជាធ្លាក់ចុះបន្តិចពីឆ្នាំមុនក៏ដោយ ក៏វានៅតែបង្ហាញថា ពលរដ្ឋថៃជាច្រើនកំពុងជួបវិបត្តិហិរញ្ញវត្ថុ។ ជាមួយគ្នានេះ ការរៀបចំឥណទានឡើងវិញបានកើនលើស១០% ដែលនេះបង្ហាញថា អ្នកខ្ចី ឬកូនបំណុលជាច្រើនកំពុងពឹងផ្អែកលើការកែសម្រួលលក្ខខណ្ឌសងប្រាក់ ដើម្បីជៀសវាងការខកខានសងបំណុល។
និន្នាការគួរឱ្យព្រួយបារម្ភមួយទៀត គឺការកើនឡើងយ៉ាងខ្លាំងនៃចំនួនគណនីប្រាក់កម្ចី។ បច្ចុប្បន្ន ប្រទេសថៃមានគណនីប្រាក់កម្ចីសរុបជិត៩៩លានគណនី ដែលមានន័យថា អ្នកខ្ចីម្នាក់ៗមានគណនីកម្ចីជាមធ្យមប្រមាណ៤ ឬនិយាយឱ្យងាយយល់ គឺមនុស្សម្នាក់ខ្ចី៤បុងផ្សេងគ្នា។ ទន្ទឹមនេះ ប្រាក់កម្ចីធំៗដូចជាកម្ចីទិញរថយន្តជាដើមកំពុងថយចុះ ខណៈប្រាក់កម្ចីខ្នាតតូចដូចជា កម្ចីផ្ទាល់ខ្លួន និងឥណទានទិញមុនសងតាមក្រោយ ដែលជាទម្រង់កម្ចីបង់រំលស់កំពុងកើនឡើងយ៉ាងឆាប់រហ័ស។
ទន្ទឹមនេះគុណភាពបំណុល ក៏កាន់តែអាក្រក់ទៅផងដែរ។ ជាក់ស្តែងប្រាក់កម្ចីបង់រំលស់សម្រាប់ការទិញទូរស័ព្ទដៃ និងគ្រឿងអេឡិចត្រូនិកមានអត្រាយឺតយ៉ាវក្នុងការសងត្រលប់ជិត២០% ដែលបង្ហាញថា សូម្បីតែបំណុលតូចៗ ក៏កំពុងក្លាយជាបន្ទុកធ្ងន់សម្រាប់គ្រួសារថៃជាច្រើន។
ក្រុមអ្នកជំនាញបានបញ្ជាក់ថា ការរីកចម្រើននៃពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ និងកម្ចីអនឡាញដែលងាយស្រួលបានជំរុញឱ្យការខ្ចីប្រាក់ខ្នាតតូចកើនឡើងយ៉ាងឆាប់រហ័ស។ នេះមានន័យថា ហានិភ័យលែងផ្តោតលើបំណុលធំៗរបស់មនុស្សមួយចំនួនទៀតហើយ ប៉ុន្តែវាកំពុងរាលដាលទៅដល់មនុស្សរាប់លាននាក់ ដែលកំពុងជាប់បំណុលតូចៗជាច្រើនក្នុងពេលតែមួយ។ ការិយាល័យឥណទានជាតិថៃព្រមានថា បញ្ហាបំណុលរបស់ប្រទេសថៃនៅពេលនេះមិនមែនស្ថិតនៅលើចំនួនបំណុលប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើការរីករាលដាលនៃប្រាក់កម្ចីខ្នាតតូច ដែលកំពុងក្លាយជាហានិភ័យថ្មីសម្រាប់សេដ្ឋកិច្ច និងសង្គមថៃទាំងមូល៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


បំណុលពលរដ្ឋនៅម៉ាឡេស៊ីហក់ឡើងដល់ប្រមាណ៤២២ពាន់លានដុល្លារ ឬជាង៨៤% នៃ GDP

ស្របពេលដែលសេដ្ឋកិច្ចសកលកំពុងស្ថិតក្នុងភាពស្រពេចស្រពិល និងរងសម្ពាធពីវិបត្តិ​ជាច្រើនស្រទាប់ទាំងបញ្ហាសង្គ្រាមពាណិជ្ជកម្ម និងអស្ថិរភាពភូមិសាស្ត្រនយ…

ការរុករករ៉ែកម្រ និងមាសខុសច្បាប់នៅមីយ៉ាន់ម៉ាកំពុងបំពុលទឹកទន្លេមេគង្គ ដែលកំពុងគំរាមកំហែងដល់ប្រទេសនៅខ្សែទឹកខាងក្រោម

ក្រុមអ្នកវិទ្យាសាស្ត្រ និងសកម្មជនបរិស្ថានសកលបានបន្លឺសំឡេងព្រមានជាថ្មីអំពីវិបត្តិគ្រោះមហន្តរាយបរិស្ថានដ៏គួរឱ្យភ័យខ្លាចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ