ភាពមិនច្បាស់លាស់ខាងនយោបាយ និងការសម្រុកលក់ចេញភាគហ៊ុន ក៏បានធ្វើឱ្យទីផ្សារកាន់តែចលាចល និងបង្កការព្រួយបារម្ភកាន់តែខ្លាំងថា តើការធ្លាក់ចុះនេះនឹងបន្តដល់កម្រិតណាទៀត។ នេះបើតាមសារព័ត៌មាន Bloomberg កាលពីថ្ងៃទី៧ ខែវិច្ឆិកា។
ការធ្លាក់ចុះយ៉ាងខ្លាំងនេះកើតឡើង បន្ទាប់ពីវិនិយោគិនព្រួយបារម្ភជាច្រើនខែមកហើយអំពីតម្លៃភាគហ៊ុនបច្ចេកវិទ្យា ដែលហក់ឡើងខ្ពស់ បំណុលកើនឡើង និងការចំណាយប្រាក់រាប់ទ្រីលានដុល្លារ លើការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ AI។ ផ្សារភាគហ៊ុនអាម៉េរិក Nasdaq 100 បានបាត់បង់តម្លៃទីផ្សាររហូតដល់ទៅ២,៣ទ្រីលានដុល្លារត្រឹមតែមួយថ្ងៃ គឺនៅថ្ងៃទី៥ ខែវិច្ឆិកា។ នៅពេលបិទការជួញដូរ ភាគហ៊ុនរបស់ក្រុមហ៊ុនចំនួន៥៧% នៅផ្សារភាគហ៊ុននេះបានធ្លាក់ចុះយ៉ាងហោចណាស់២០% បើធៀបនឹងតម្លៃខ្ពស់បំផុតកន្លងមក។
នៅថ្ងៃទី៦ ខែវិច្ឆិកា ទីផ្សារនេះបានប្រែប្រួលម្តងទៀត ដោយភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបបានស្ទុះងើបឡើងវិញ ទោះបីជាទិន្នន័យការងារដ៏រឹងមាំនៅអាម៉េរិកបានបង្កើនការរំពឹងទុកថា ធនាគារកណ្តាលអាម៉េរិកអាចនឹងដំឡើងអត្រាការប្រាក់បន្ថែមទៀតក៏ដោយ។ ភាពមិនច្បាស់លាស់ខាងនយោបាយ ក៏បានបង្កើនសម្ពាធលើទីផ្សារផងដែរ។ បន្ទាប់ពីគណបក្សប្រជាធិបតេយ្យឈ្នះការគ្រប់គ្រងសភាទាំងពីរ វិនិយោគិនបារម្ភថា អាចនឹងមានការរឹតបន្តឹងថ្មីលើការសាងសង់មជ្ឈមណ្ឌលទិន្នន័យខ្នាតធំ ដែលជាហេដ្ឋារចនាសម្ព័ន្ធសំខាន់សម្រាប់ការអភិវឌ្ឍ AI។
ក្រុមអ្នកវិភាគព្រមានថា ក្រុមហ៊ុនបច្ចេកវិទ្យាអាចនឹងត្រូវបន្ថយល្បឿនចំណាយលើ AI ដែលជាការផ្លាស់ប្តូរដ៏សំខាន់ចំពោះការវិនិយោគដ៏សម្បើម ដែលបានជួយជំរុញឱ្យផ្សារភាគហ៊ុននៅសង្កាត់ហិរញ្ញវត្ថុ Wall Street កើនឡើងខ្ពស់នាពេលកន្លងមក៕
ដោយ: តែម សុខុម